រដ្ឋមន្ត្រីក្រសួងកសិកម្មបន្តចុះពិនិត្យសក្តានុពលសិប្បកម្មកែច្នៃត្រី នៅខេត្តកំពង់ធំ
(កំពង់ធំ)៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ឌិត ទីណា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះធ្វើទស្សនកិច្ចនៅសិប្បកម្មកែច្នៃត្រីដែលមានឈ្មោះថា « សិប្បកម្មកែច្នៃត្រីបឹងរំពេរ» ។ សិប្បកម្មនេះស្ថិតនៅក្នុង ភូមិចំបក់ជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមការចុះផ្សាយរបស់ក្រសួងបានបញ្ជាក់ថា ការចុះទស្សនកិច្ចនេះជាផ្នែកមួយនៃការបង្កើនស្តង់ដារនៃការផលិត និងកែច្នៃរបស់សិប្បកម្ម ជាពិសេសស្វែងយល់ពីសក្កានុពលរបស់សិប្បកម្មក្នុងការចែកចាយផលិត ផលត្រីទៅក្នុងទីផ្សារ។
ដោយឡែក ត្រីដែលកែច្នៃនៅក្នុងសិប្បកម្មនេះ ជាត្រីដែលបានប្រមូលទិញចេញពីប្រជាសហគមន៍ នេសាទក្នុងតំបន់ តាមឡូចិញ្ចឹមបែបលក្ខណៈគ្រួសារ ហើយយកមកកែច្នៃ និងវេចខ្ចប់ជាផលិតផល សម្រេចមួយ ដើម្បីចែកចាយលើទីផ្សារ។
បច្ចុប្បន្ន ក្រុមសិប្បកម្មស្ត្រីកែច្នៃត្រីបឹងរំពេរមានផលិតផលជាច្រើនដូចជា ប្រហិតត្រីស្លាតចំហុយ ប្រហិតត្រីស្លាតស្រស់ ត្រីឆ្អើរ (ត្រីចង្វាមូល ត្រីតាអោន ត្រីស្លឹកឬស្សី ត្រីរ៉ស់ ត្រីអណ្ដែង) ត្រីងៀត ផ្អកត្រី និងប្រហុកសាច់ត្រីកំភ្លាញជាដើម។ ដែលផលិតផលទាំងនេះ សុទ្ធតែចេញពីការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ជាពិសេសនោះគឺការធានាអនាម័យ។
ក្នុងឱកាសចុះទស្សនកិច្ចដដែលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរអំពីឱជារសរបស់ត្រី សោភណ្ឌភាពនៃការវេចខ្ចប់ និងការរក្សាទុក ផលិតផលសម្រេច បន្ទាប់ពីបានភ្លក់ និងពិនិត្យមើលដោយផ្ទាល់។
បន្ថែមពីនេះ ឯកឧត្តមក៏បានសំណេះសំណាលជាមួយម្ចាស់សិប្បកម្ម និងប្រជា សហគមន៍អ្នកផ្គត់ផ្គង់ត្រី ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់នានា ក្នុងការពង្រឹង និងពង្រីក អាជីវកម្ម កែច្នៃត្រីលក្ខណៈសហគមន៍នេះ ឱ្យរីកចម្រើនកាន់តែល្អប្រសើរ។
ជារឿងគួរសាទរផងដែរ ឯកឧត្តមរដ្ឋមន្ដ្រីបានផ្ដល់ដំណោះស្រាយភ្លាមៗ ឆ្លើយតបទៅនឹងសំណូម ពររបស់សហគមន៍ ពាក់ព័ន្ធទៅនឹងទុន ទីផ្សារ និងការចុះបញ្ជីម៉ាកសញ្ញាសម្គាល់ផលិតផល កម្រិតស្តង់ដារ។
គួរបញ្ជាក់ថា សិល្បកម្មកែច្នៃត្រីបឹងរំពេរ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្រោមការសម្របសម្រួលពីកម្មវិធី ផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ (ASPIRE) ដោយមានការគាំទ្រជាបន្តបន្ទាប់ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការដៃគូអភិវឌ្ឍ។
តាមរយៈកម្មវិធីនេះ ប្រជាសហគមន៍ដែលភាគច្រើនជាស្រ្តីចំនួន៥០នាក់ ត្រូវបានចងក្រង និងផ្តល់វគ្គបណ្តុះបណ្តាលពីជំនាញបច្ចេកទេសកែច្នៃត្រីដែលជាផលិតផលសក្តានុពលនៅក្នុងសហគមន៍ ឱ្យមានស្តង់ដាគុណភាព អនាម័យ និងសោភណ្ឌភាពខ្ពស់ ហើយមានឱជារសឈ្ងុយឆ្ងាញ់ មានតម្លៃល្អ និងអាចរក្សាទុកបានយូរសម្រាប់ចែកចាយលើទីផ្សារ៕