អ្នកស្រាវជ្រាវនៃវិទ្យាស្ថានតិចណូ កំពុងសិក្សាផលិតផលប្រេងសណ្ដែក ដោយរំពឹងជួយរកទីផ្សារជូនកសិករឆាប់ៗ
វិស័យកសិកម្ម នៅតែត្រូវបានគេចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ប្រជាជនប្រមាណជា ៧៦% នៃចំនួនប្រជាជនសរុបកំពុងរស់នៅតំបន់ជនបទ ខណៈវិស័យកសិកម្មបានផ្តល់ការងារចំនួន ៣១,២% នៃចំនួនការងារសរុប និងបានចូលរួមចំណែក ២០,៧% ចូលទៅក្នុងផលិតផលក្នុងស្រុកសរុប (ផ.ផ.ស) ក្នុងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ ដែលចេញកាលពីឆ្នាំ ២០២១។
តាមរយៈរបាយការណ៍នេះ គេអាចដឹងបានថាប្រជាជនកម្ពុជាភាគច្រើនគឺជាកសិករ ប៉ុន្តែក៏មានភាគតិចណាស់នៃពួកគេ ដែលចេះកែច្នៃទិន្នផលរបស់ខ្លួន។ ការលក់ចេញក្នុងលក្ខណៈជាវត្ថុធាតុដើមស្ទើតែគ្រប់គ្នានេះហើយ ដែលធ្វើឱ្យទីផ្សារជោរជន់ ហើយម្ដងម្កាលកសិករតែងត្អូញត្អែរអំពីការដាំដុះ ដែលមិនមានទីផ្សារលក់ចេញ ឬលក់បានក្នុងតម្លៃទាបពេកជាដើម។
រហូតមកដល់ពេលបច្ចុប្បន្ន ការកែច្នៃតែងតែត្រូវបានជំរុញដោយរាជរដ្ឋាភិបាល ព្រោះនេះជាវិធីមួយ ដែលអាចធ្វើឱ្យទិន្នផលមានទីផ្សារទាំងក្នុង និងក្រៅស្រុក ព្រមទាំងអាចលក់បានក្នុងតម្លៃថ្លៃ។
ជាចំណែកមួយក្នុងការស្វែងរកទីផ្សារជូនកសិករ អ្នកស្រាវជ្រាវ និងជានិស្សិតថ្នាក់បណ្ឌិតមួយរូបនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺលោក សាយ ម៉ានិត បានឱ្យដឹងថា លោកនិងសមាជិកប្រមាណជា ១០នាក់ទៀត កំពុងតែស្រាវជ្រាវបង្កើតផលិតផលផ្សេងៗចេញពីកសិផលរបស់កសិករ។
សម្រាប់បច្ចុប្បន្នលោកកំពុងផ្ដោតលើផលិតផលប្រេងសណ្ដែក ដោយសារលោកមើលឃើញថាដំណាំ ប្រភេទនេះមិនសូវជាមានអ្នកកែច្នៃ។ រីឯសមាជិកទាំង ១០នាក់នៅក្នុងមន្ទីរពិសោធន៍សព្វថ្ងៃរួមមាន គ្រូបង្គោលនៅវិទ្យាស្ថានផ្ទាល់ អ្នកស្រាវជ្រាវ និងនិស្សិតឆ្នាំទី៥ ដែលគ្រោងនឹងបញ្ជាប់និក្ខេបបទរបស់ខ្លួន។
លោក សាយ ម៉ានិត៖ «ផលិតផលដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺប្រេងសណ្ដែក ដោយកន្លងមកតាមទិន្នន័យរបស់ក្រសួងកសិកម្ម ការដាំដុះសណ្ដែកគឺមានការថយចុះជាលំដាប់ យើងបានចុះទៅសាកសួរកសិករ និងសិប្បករមួយចំនួន ឃើញថាទីផ្សារមានបញ្ហាទើបធ្វើឱ្យការដាំដុះថយចុះ ដូច្នេះហើយទើបយើងយកមកកែច្នៃដើម្បីរកទីផ្សារ ធ្វើឱ្យការដាំដុះកើនឡើងវិញ។»
ប៉ុន្តែយ៉ាងណា ផលិតផលរបសលោកនៅមិនទាន់ឈានចូលក្នុងទីផ្សារនៅឡើយទេ ដោយកំពុងតែដំណើរការស្រាវជ្រាវនៅក្នុងមន្ទីរពិសោធន៍ ហើយដែលលោករំពឹងថានឹងចេញលក់លើទីផ្សារឆាប់ៗ។
លោក សាយ ម៉ានិត៖ «បច្ចុប្បន្ននេះយើងកំពុងធ្វើការនៅក្នុងបន្ទប់ពិសោធន៍នៅឡើយ ហើយជុំវិញការសិក្សាបច្ចេកទេសផ្សេងៗទៅថ្ងៃមុខមិនទាន់មានគម្រោងថានឹងចូលទីផ្សារដោយខ្លួនឯងនោះ បច្ចុប្បន្នកំពុងសហការជាមួយសហគ្រាសមួយចំនួនរួចជាស្រេចហើយ។»
បើទោះបីជាផលិតផលរបស់ក្រុមនិស្សិត និងអ្នកស្រាវជ្រាវនៃសកលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មិនទាន់បានលក់ជាផ្លូវការនៅលើទីផ្សារក៏ពិតមែន ប៉ុន្តែជារឿយៗ ផលិតផលប្រេងសណ្ដែកសៀង តែមានវត្តមាននៅតាមកម្មវិធីពិព័រណ៍ផ្សេងៗមិនដែលដាច់ឡើយ។
បើតាមលោក សាយ ម៉ានិត នោះក៏ដោយសារតែលោកចង់ផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ទៅកាន់សាធារណៈជន ជាពិសេសកសិករដែលដាំដុះសណ្ដែកសៀង ក្នុងការចូលរួមសហការជាមួយ គ្នាដើម្បីលើកតម្លៃផលិតផលក្នុងស្រុក។
ជាចុងក្រោយ អ្នកស្រាវជ្រាវរូបនេះបានសំណូមពរដល់សិស្សានុសិស្សដែលត្រូវបន្តការសិក្សាថ្នាក់បរិញ្ញា បត្រ ឱ្យពិចារណាលើការសិក្សាជំនាញផ្សេងៗ ជាពិសេសជំនាញគីមីអាហារ ដែលមានចំណែកយ៉ាងធំ ក្នុងការជួយរកទីផ្សារជូនកសិករ៕