កំណាត់ផ្លូវជាតិលេខ២៣ តម្លៃជាង ២១ លានដុល្លារ បានបើកការដ្ឋានលើកកម្រិតគុណភាព និងថែទាំហើយ
កោះធំ៖ គម្រោងលើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ដែលប្រើប្រាស់ថវិកាជាង ២១ លានដុល្លារ ត្រូវបានបើកដ្ឋានជាផ្លូវការ ខណៈកំណាត់ផ្លូវជាតិលេខ២៣នេះ គឺជាខ្សែផ្លូវដ៏មានសក្តានុពល ដែលជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនផ្សេងៗ។
ការដ្ឋានគម្រោងលើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ត្រូវបានឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ក្រោមសុខសន្តិភាពបានផ្តល់ឱកាសឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យទាំងអស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗដូចជា ផ្លូវ-ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម ដែលត្រូវបានស្ថាបនាឡើងយ៉ាងល្អប្រសើរ ដើម្បីបម្រើផលប្រយោជន៍ជារួមជូនបងប្អូនប្រជាពលរដ្ឋ។ ដោយឡែក ក្នុងស្រុកកោះធំនេះ រាជរដ្ឋាភិបាល បានសម្រេចឱ្យមានការសាងសង់មន្ទីរពេទ្យដ៏ធំមួយ ដែលមានលក្ខណៈស្តង់ដារខ្ពស់ និងទំនើប និងត្រូវបានប្រសិទ្ធនាមថាជា “មន្ទីរពេទ្យតេជោសែនកោះធំ” ដែលបានបញ្ចប់ការសាងសង់ស្ទើរតែរួចរាល់ជាស្ថាពរ និងគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីបម្រើដល់ការថែទាំ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ក្រុមហ៊ុនសាងសង់ និងអង្គភាពគ្រប់គ្រងគម្រោងអនុវត្តការងារឱ្យបានត្រឹមត្រូវ និងសម្រេចជោគជ័យ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ព្រមទាំងស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះសម្បែងនៅជិតការដ្ឋានសាងសង់ ឬទទួលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នេះ សូមមេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់ ដើម្បីជំរុញឱ្យការដ្ឋានសាងសង់អាចដំណើរការបានរលូន និងបញ្ចប់តាមផែនការគ្រោងទុក។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗ ជាច្រើនតាមរយៈការដាក់ឱ្យដំណើរការ ការប្រកាសសម្ពោធជាផ្លូវការ និងបើកការដ្ឋាននាជាច្រើន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនថា ផ្លូវនេះគឺជាចំណងដៃថ្មីមួយទៀតសម្រាប់បងប្អូន ប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាល ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនផ្សេងៗ ដែលនេះជាការឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍទៅមុខឥតឈប់ឈរនៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងការតភ្ជាប់ប្រទាក់ក្រឡាទៅដល់គ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើឱ្យកម្ពុជាយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានចំណេះដឹងខ្ពស់ និងមានជីវភាពនិងការរស់នៅប្រកបដោយភាពសុខដុមរមនា។
សូមបញ្ជាក់ផងដែរថា កំណាត់ផ្លូវជាតិលេខ២៣ ដែលបើកការដ្ឋាននាឱកាសនេះមានប្រវែង ១៩,៨៣គីឡូម៉ែត្រ ជាគម្រោងស្ថិតក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលផ្លូវនេះមានចំណុចចាប់ផ្តើមពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ (ចាប់ពីគល់ស្ពានកោះធំ) រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្តលេខ១៤) នៃភូមិសាស្រ្តខេត្តកណ្តាល។ គម្រោងនេះនឹងត្រូវស្ថាបនាជា ២គន្លងទៅ និង២គន្លងមក ដោយពង្រីកទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទីម៉ែត្រ លើទទឹងតួផ្លូវប្រវែង ១០ម៉ែត្រ។ ជាមួយគ្នានេះ គម្រោងក៏នឹងស្ថាបនាផងដែរនូវស្ពានចំនួន ៤កន្លែង លូមូលកាត់ទទឹងផ្លូវចំនួន ៣៣កន្លែង លូប្រអប់កាត់ទទឹងផ្លូវចំនួន ១៧កន្លែង និងលូមូលអមសងខាងផ្លូវប្រវែង ១ ៥៥៨ម៉ែត្រ ព្រមទាំងការបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។
កំណាត់ផ្លូវជាតិលេខ២៣នេះ គឺជាខ្សែផ្លូវដ៏មានសក្តានុពល និងមានភាពប្រទាក់ក្រឡា តភ្ជាប់ជាមួយផ្លូវជាតិលេខ២១B និងផ្លូវជាតិលេខ២១ ឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ និងព្រំដែនកម្ពុជា-វៀតណាម(ជ្រៃធំ-ឡុងប៊ិញ) និងតភ្ជាប់ជាមួយផ្លូវជាតិលេខ១៤ ទិសដៅអ្នកលឿង ខេត្តព្រៃវែង និងព្រំដែនកម្ពុជា-វៀតណាម(ក្អមសំណ-វិញសឿង) និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗដទៃទៀតនៅក្នុងតំបន់នេះ។
គម្រោងនេះ ត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ និងរយៈពេលថែទាំចំនួន ៣៦ខែ និងប្រើប្រាស់ថវិកាដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២១,៦៨លានដុល្លារអាមេរិក សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ផងដែរ៕