រយៈពេល ៥ ខែដំបូង ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ដៃគូរអន្តរជាតិសម្រេចបានជាង ១៩ ពាន់លានដុល្លារ
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងដៃគូរជុំវិញពិភពលោកសម្រេចបានជាង ១៩ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ ខែដំបូង ឆ្នាំ ២០២៣ ធ្លាក់ចុះ ១៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច។
តួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា កម្ពុជាបាននាំចេញផលិតផលទៅកាន់ទីផ្សារបរទេសជិត ៩,២ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទន្ទឹមនឹងនេះ ការនាំចូលរបស់កម្ពុជាបានធ្លាក់ចុះ ២២,៦ ភាគរយ មកនៅជាង ១០ ពាន់លានដុល្លារអាមេរិក។
ទីផ្សារនាំចេញធំបំផុតទាំង ១០ របស់កម្ពុជា ក្នុងរយៈពេល ៥ ខែដំបូងនេះ មានប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី អាល្លឺម៉ង់ តៃវ៉ាន់ និងកាណាដា។
ទំនិញនាំចេញសំខាន់ៗរួមមាន សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ អង្ករ ឧបករណ៍អគ្គិសនី កៅស៊ូ គ្រឿងសង្ហារឹម និងបន្លែ និងផ្លែឈើ។
ប្រទេសនេះបាននាំចូលភាគច្រើនជាវត្ថុធាតុដើម សម្ភារសំណង់ រថយន្ត ផលិតផលឱសថ គ្រឿងអេឡិចត្រូនិក និងអគ្គិសនី ជី និងថ្នាំសម្លាប់សត្វល្អិត។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា វិស័យពាណិជ្ជកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនឱកាសការងារ ផ្តល់ប្រាក់ចំណូល និងសម្រួលលំហូរទំនិញគ្រឿងឧបភោគ-បរិភោគសម្រាប់ផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ រីឯវិស័យទេសចរណ៍ ជាចលករជំរុញពាណិជ្ជកម្មសេវា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជន។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង និប្តេជ្ញាចិត្ត ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពហុភាគី តំបន់ អនុតំបន់ និងទ្វេភាគី ជាមួយនឹងការកែលម្អស្ថាប័ន ច្បាប់ និងបទប្បញ្ញត្តិឱ្យកាន់តែប្រសើរ ព្រមទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីទទួលរងបច្ច័យអវិជ្ជមានពីជំងឺកូវីដ-១៩ តាមរយៈភាពរីកចម្រើនក្នុងវិស័យសក្តានុពលនានា រួមមាន៖ សំណង់ ឧស្សាហកម្មកាត់ដេរនិងស្បែកជើង និងសេវាកម្មទេសចរណ៍ជាដើម៕