ចាប់ខ្លួនលោកថាច់ សេដ្ឋា ករណីចេញសែកស្អុយ
សមត្ថកិច្ចបានចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធចេញសែកស្អុយ។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ដីកាបង្គាប់ឲ្យនាំខ្លួននេះ ចេញដោយលោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានបញ្ជាក់ថា ពិតមានការចាប់ខ្លួនលោកថាច់ សេដ្ឋា តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា “នៅវេលាម៉ោងប្រហែល ៥និង៤០នាទីល្ងាច ពិតជាមានការឃាត់ខ្លួនលោកថាច់ សេដ្ឋា តាមដីកាឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ។ ដោយបានធ្វើការឃាត់ខ្លួននៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺពាក់ព័ន្ធករណីចេញសែកស្អុយ (សែកអត់លុយ)។