Close

ឯកឧត្តម សាយ សំអាល់៖ ការបង្កើតសហគមន៍ក្នុងតំបន់ធម្មជាតិគឺដើម្បីអភិរក្សជីវៈចម្រុះ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ សង្គម
ឯកឧត្តម សាយ សំអាល់៖ ការបង្កើតសហគមន៍ក្នុងតំបន់ធម្មជាតិគឺដើម្បីអភិរក្សជីវៈចម្រុះ ឯកឧត្តម សាយ សំអាល់៖ ការបង្កើតសហគមន៍ក្នុងតំបន់ធម្មជាតិគឺដើម្បីអភិរក្សជីវៈចម្រុះ

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងពីគោលបំណងនៃការបង្កើតជា សហគមន៍នៅតាមតំបន់ការពារធម្មជាតិនានាថា នេះជាជំហានមួយក្នុងការឆ្ពោះទៅអភិរក្សជីវៈចម្រុះ យើងដែលនៅសេសសល់។

គ្រប់ប្រភេទនៃជីវៈចម្រុះដែលរួមមានសត្វ រុក្ខជាតិ ពោលគឺសរីរាង្គដែលមានជីវិត មានតួនាទីសំខាន់ ណាស់ក្នុងការជួយទប់លំនឹងនៃប្រព័ន្ធអេកូឡូស៊ីទាំងមូល បើបាត់តែជីវៈចម្រុះណាមួយ វានឹងប៉ះពាល់ ទៅដល់ការរស់នៅនៃជីវិតផ្សេងៗទៀតទាំងមូលផងដែរ។

បើតាមប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ បានបន្តឱ្យដឹងទៀតថា នៅតាមតំបន់ការពារធម្មជាតិ ប្រជាជនអាចអាស្រ័យផលលើធនធានដែលមានបាន។ មិនតែប៉ុណ្ណោះតំបន់ជួរភ្នំមួយចំនួន បានរួមចំណែកយ៉ាងធំក្នុងការផ្ដល់ទឹកចូលទៅបំពេញដល់បឹងទឹកសាបធំៗរបស់កម្ពុជា។

តួយ៉ាងដូចជា ភ្នំក្រវាញ ដែលត្រូវបានគេស្គាល់ថាជាព្រៃទឹកភ្លៀង និងដែលព្រៃនេះបានទាក់ទាញទឹក​ភ្លៀងជាច្រើន ហើយហូរទៅចាក់បញ្ចូលទៅក្នុងបឹងទន្លេសាប។ ដូច្នេះហើយ ប្រសិនបើព្រៃឈើ ឬធនធានធម្មជាតិនានានៅក្នុងតំបន់ជួរភ្នំក្រវាញកាន់តែសល់តិចទៅៗ លទ្ធភាពក្នុងការទាក់ទាញទឹក ភ្លៀងក៏កាន់តែថមថយ រីឯទឹកនៅក្នុងបឹងទន្លេសាប ដែលមានប្រជាជនជាច្រើនគ្រួសារកំពុងអាស្រ័យ ដែរនោះ ក៏នឹងត្រូវបាត់បង់ប្រភពទឹកដូចគ្នា។

ម្យ៉ាងទៀត ជីវៈចម្រុះក៏ជាប្រយោជន៍ នៃសេវាប្រព័ន្ធអេកូឡូស៊ីផ្សេងទៀតដែរ ឧទាហរណ៍ដូចជា នៅចំការដំណាំមួយចំនួន ដែលម្ចាស់ចំការប្រើប្រាស់ថ្នាំច្រើនពេក រហូតដល់អស់ទាំងសត្វល្អិតទៀត។ អវត្តមាននៃពពួកសត្វល្អិតក៏មិនមែនជារឿងល្អដែរ ព្រោះដំណាំក្នុងចំការនឹងមានកង្វះខាតភ្នាក់ងារ​ចម្លងលម្អង ដែលនឹងប៉ះពាល់ដល់ដំណាំពួកគេទៀត។ ពាក់ព័ន្ធនឹងចំណុចនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី​បានផ្ដល់ជាការណែនាំដល់កសិករឱ្យរក្សាទុកគម្ពោធព្រៃមួយ ដោយមិនប្រើប្រាស់ថ្នាំគីមីអ្វីលើវាសោះ ពោលគឺទុកឱ្យសត្វល្អិតនានារស់នៅចុះ ទើបអាចមានភ្នាក់ងារចម្លងលម្អងបាន។

យ៉ាងណាមិញ នេះគ្រាន់តែជាឧទាហរណ៍នៃផ្នែកប៉ុណ្ណោះអំពីសារៈសំខាន់នៃជីវៈចម្រុះ ក៏ដូចជាទំនាក់ទំនងនៃជីវិតមួយ ទៅលើប្រព័ន្ធអេកូឡូស៊ីទាំងមូល។ ដូច្នេះហើយ ការបង្កើតជា សហគមន៍តាមតំបន់ការពារធម្មជាតិគឺជាជម្រើសល្អមួយ។

បើទោះជាយ៉ាងនេះក្ដី ការបង្កើតជាសហគមន៍តែមួយមុខក៏មិនអាចដោះស្រាយអ្វីបានច្រើនដែរ ជាពិសេសនៅពេលដែលប្រជាជនក្នុងសហគមន៍មានជីវភាពខ្សត់ខ្សោយ និងពឹងផ្អែកខ្លាំងលើធន ធានធម្មជាតិ។ ត្រង់ចំណុចនេះ ក្រសួងបរិស្ថានបានបង្កើតនូវជម្រើសការងារផ្សេងៗដូចជា ផ្ដល់ពូជ សត្វចិញ្ចឹម ផ្ដល់ពូជដំណាំ បន្លែ គាំទ្រនូវការបង្កើតជាសិប្បកម្មកែច្នៃជាដើម។ រីឯតំបន់មួយចំនួន​ដែលមានអំណោយផលទេសចរណ៍ ក្រសួងក៏បានជំរុញទីតាំងទាំងនោះឱ្យទៅជាតំបន់ទេសចរណ៍ ដែលអាចផ្ដល់ចំណូលចូលសហគមន៍
ហើយនៅពេលនោះហើយ ដែលប្រជាសហគមន៍លែងអាស្រ័យធនធានធម្មជាតិ ប៉ុន្តែងាកមកថែរក្សា ធនធានធម្មជាតិដើម្បីរកចំណូលពីប្រភពផ្សេងៗ៕



អត្ថបទទាក់ទង