Close

សម្តេចតេជោ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងត្រូវចុះហត្ថលេខានៅរសៀលថ្ងៃទី ៨ ខែមិថុនា នេះ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចតេជោ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងត្រូវចុះហត្ថលេខានៅរសៀលថ្ងៃទី ៨ ខែមិថុនា នេះ សម្តេចតេជោ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងត្រូវចុះហត្ថលេខានៅរសៀលថ្ងៃទី ៨ ខែមិថុនា នេះ

កំពង់ឆ្នាំង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងត្រូវចុះហត្ថលេខានៅរសៀលថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីបើកទីផ្សារកម្ពុជាកាន់តែធំជាងមុន និងធ្វើឲ្យការនាំចេញកម្ពុជាកាន់តែកើនឡើង។

សម្តេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ដូច្នេះ ក្នុងឱកាសសម្តេចចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ បានចាត់ទុកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ឬកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងបើកទីផ្សាររបស់ផលិតផលកម្ពុជា កាន់តែធំជាងមុន ធ្វើឲ្យការនាំចេញកម្ពុជាកាន់តែកើនឡើង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ដែលតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទំហំពាណិជ្ជកម្ម ដែលនាំចេញពីកម្ពុជាចូលទៅកាន់ ប្រទេសចិនកាន់តែច្រើន ទីផ្សាររបស់យើងត្រូវបានបើក។ យើងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង ទីផ្សាររបស់យើងត្រូវបានបើក ឥឡូវយើងកិច្ចព្រមព្រៀងជាមួយអារ៉ាប់រួម ទីផ្សាររបស់យើងត្រូវបានបើក បើទោះបីយើងមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុនក៏ដោយ ជប៉ុនទិញទំនិញពីកម្ពុជាកាន់តែច្រើនទៅៗ»។

សូមបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៣ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង ដែលចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២៕

អត្ថបទទាក់ទង