លោក Pochettino ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីក្រុមតោខៀវ Chelsea
លោក Mauricio Pochettino បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ឆ្នាំ ដើម្បីក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea នៅរដូវកាលក្រោយ បន្ទាប់ពីចញ្ចប់រដូវកាលទាំងខកចិត្តរបស់ក្រុមតោខៀវ។
អតីតអ្នកចាត់ការក្រុមមាន់ខ្នាយមាស Tottenham Hotspur រូបនេះ បានសម្រេចចុះកិច្ចព្រមព្រៀងជាផ្លូវការហើយ ក្នុងការចូលកាន់តំណែង ជំនួសអ្នកចាត់ការបណ្ដោះអាសន្ន លោក Frank Lampard នៅកីឡដ្ឋាន Stamford Bridge ។ កាសែតធំៗបានចុះផ្សាយថា លោក Pochettino បានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ឆ្នាំ ប៉ុន្តែមិនទាន់បញ្ជាក់ពីប្រាក់ពលកម្មរបស់លោកឡើយ។
បើតាមការរាយការណ៍ដោយ Mail Sport កាលពីដើមសប្តាហ៍មុន លោក Pochettino នឹងត្រូវលក់កីឡាករចេញខ្លះ រួចចុះហត្ថលេខាលើអ្នកចាំទីថ្មី ខ្សែបម្រើកណ្តាល និងខ្សែប្រយុទ្ធបន្ថែម ដើម្បីពង្រឹងក្រុមឡើងវិញ។
មែនទែនទៅ Chelsea ដែលបានស៊ូទ្រាំនឹងយុទ្ធនាការដ៏លំបាក ចាប់តាំងពីការមកដល់របស់ប្រធានក្លិបថ្មី លោក Todd Boehly និង Clearlake Capital បានរងសម្ពាធក្នុងការតែងតាំងគ្រូបង្វឹក ចាប់តាំងពីការបណ្តេញលោក Graham Potter ចេញ។ ពួកគេមានអ្នកចាត់ការបួននាក់ នៅរដូវកាលនេះ ហើយបានបញ្ចប់រដូវកាលនៅពាក់កណ្តាល តារាង Premier League ពោលគឺឈរនៅលេខរៀងទី១២ ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៦ ។
ភាពវឹកវរបានចាប់ផ្តើម នៅពេលដែល Boehly និង Clearlake បានបណ្តេញ លោក Thomas Tuchel ចេញពីដំណែងជាគ្រូបង្វឹក កាលពីខែកញ្ញាឆ្នាំមុន ហើយ Chelsea បានយក លោក Potter ពី Brighton មកជំនួសវិញ។
យ៉ាងណា លោក Potter ក៏ត្រូវបានបណ្ដេញចេញ បន្ទាប់ពីដឹកនាំតោខៀវ បរាជ័យច្រើនពេក ហើយ Bruno Saltor ទទួលបន្ទុកដឹកនាំក្រុមមួយប្រកួត មុនពេល Frank Lampard ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្ន។
គួរបញ្ជាក់ថា លោក Mauricio Pochettino បានចេញពីការងារជាអ្នកគ្រប់គ្រង ចាប់តាំងពីត្រូវបានបណ្តេញចេញ ដោយក្លិបយក្សបារាំង Paris Saint-Germain នៅចុងបញ្ចប់នៃរដូវកាលមុន៕