Close

ពន្ធដារត្រៀមប្រមូល«ពន្ធលើចំណេញមូលធន» ពីវិស័យអចលនទ្រព្យ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ សង្គម
ពន្ធដារត្រៀមប្រមូល«ពន្ធលើចំណេញមូលធន» ពីវិស័យអចលនទ្រព្យ ពន្ធដារត្រៀមប្រមូល«ពន្ធលើចំណេញមូលធន» ពីវិស័យអចលនទ្រព្យ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារបានប្រាប់ឱ្យមន្ត្រី និងភាគីពាក់ព័ន្ធស្វែងយល់ឱ្យបានស៊ីជម្រៅលើច្បាប់ស្តីពី«ពន្ធលើចំណេញមូលធន» និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ដើម្បីប្រមូលនេះ ពីវិស័យអចលនទ្រព្យនៅឆ្នាំ២០២៤ ។

លោក កន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារបានវាយតម្លៃខ្ពស់ចំពោះការចូលរួមយកចិត្តទុកដាក់ និងកិច្ចសហការរបស់ថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរជំនាញនិងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងសាខា ពន្ធដារខេត្តទាំង៥ ក៏ដូចជាអ្នកជាប់ពន្ធ ដែលមានវត្តមានចូលរួមនៅក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅថែមទៀត អំពីពន្ធលើចំណេញមូលធន។

ទន្ទឹមនឹងនេះ លោកលើកឡើងថា នាយកដ្ឋានពន្ធ ចលនទ្រព្យ និងអចលនទ្រព្យ បាន និងបន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ការធ្វើបច្ចុប្បន្នភាពច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងពន្ធលើចំណេញមូលធនដល់វិស័យសាធារណៈ វិស័យឯកជន និងភាគីពាក់ព័ន្ធព្រមទាំងបាន បំពេញការងារយ៉ាងសកម្ម និងបុរេសកម្មដើម្បីត្រៀមលក្ខណៈអនុវត្តការប្រមូលពន្ធលើចំណេញមូលធននេះ។

បន្ថែមលើនេះ លោកបានលើកឡើងពីកិច្ចខិតខំធ្វើការកែទម្រង់វិស័យពន្ធដារដែលបានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារ ត្រូវ បានចាត់ទុកជាស្ថាប័នសាធារណៈនាំមុខមួយ តាមរយៈការអភិវឌ្ឍ និងដាក់ឱ្យអនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ ការគ្រប់គ្រងទិន្នន័យ និងការប្រមូលពន្ធ ហើយតែងតែទទួលបានការកោតសរសើរពីថ្នាក់ជាតិ និងអន្តរជាតិ ចំពោះ ការអនុវត្តគោលនយោបាយ និងកម្មវិធីកែទម្រង់វិស័យពន្ធដារនៅកម្ពុជា។

លោកបញ្ជាក់ទៀតថា  “ពន្ធលើចំណេញមូលធន“ត្រូវបានពន្យល់លម្អិត និងការធ្វើបច្ចុប្បន្នភាពបន្ថែមពីប្រការនៅក្នុង ប្រកាសស្តីពីពន្ធលើចំណេញមូលធនការបំពេញលិខិតប្រកាសពន្ធលើចំណេញមូលធន ក្នុងគោលបំណងផ្សព្វផ្សាយ បញ្ជ្រាបចំណេះដឹង វប្បធម៌ បង់ពន្ធ និងសម្រាប់ជាមូលដ្ឋានគ្រឹះបន្ថែមជូនសិក្ខាកាម ដើម្បីអាចយកទៅចែករំលែកចំណេះដឹងនេះបន្តទៀត ទៅកាន់មជ្ឈដ្ឋានជុំវិញខ្លួន។

លោកបន្ថែមថា ពន្ធ គឺជាកាត្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបដែលត្រូវចូលរួមបង់សម្រាប់ជាថវិការាជរដ្ឋាភិបាល ដើម្បី ជាប្រយោជន៍ដល់ការចំណាយរបស់រាជរដ្ឋាភិបាល ទាំងការចំណាយលើកិច្ចដំណើរការរបស់ក្រសួង-ស្ថាប័ន ទាំងការចំណាយ លើកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅផ្តល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរ លើកកម្ពស់កម្រិត ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានភាពរីកចម្រើនជឿនលឿន និងរុងរឿង។

រាជរដ្ឋាភិបាលកម្ពុជាសម្រេចពន្យារពេលការអនុវត្ត «ពន្ធលើចំណេញមូលធន» រហូតដល់ដំណាច់ឆ្នាំ២០២៣ ក្នុងគោលដៅ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់តាមគន្លងប្រក្រតីថ្មី។ នេះបើតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ។

ការសម្រេចពន្យារពេលការអនុវត្ត «ពន្ធ
លើចំណេញមូលធន» របស់រដ្ឋាភិបាលនេះធ្វើឡើង បន្ទាប់ពីមានការអំពាវនាវពីវិស័យឯកជនកាលពីប៉ុន្មានខែកន្លងមកនេះ។ លុះក្រោយមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់សំណើទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន កាលពីអំឡុងខែមករា ឆ្នាំ២០២២ មក អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី ០៩ ខែមីនា បានចេញសេចក្តីជូនដំណឹងមួយស្តីពីការពន្យារកាលបរិច្ឆេទកំណត់ដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ២ឆ្នាំបន្តទៀត ដោយកំណត់ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធនេះ៕

អត្ថបទទាក់ទង