បន្ថែមពីការលក់កាហ្វេ យុវជនម្នាក់រៀនជំនាញកែច្នៃចំណីអាហារ ជួយរកទីផ្សារជូនកសិករនៅក្នុងតំបន់
ចាប់ផ្ដើមក្នុងឆ្នាំ ២០១៦ យុវជនម្នាក់រស់នៅក្នុងខេត្តបាត់ដំបងបានបើកតូបលក់កាហ្វេតាមដងផ្លូវ ដោយប្រើប្រាស់កាហ្វេស្រាប់ៗពីប្រទេសថៃ។ ការលក់នៅពេលនោះគឺមានលក្ខណៈតូចតាច និងទូទៅ ដូចតែអាជីវកម្មលក់កាហ្វេផ្សេងៗដែរ។
រំលងបានមួយឆ្នាំ យុវជនដដែលនេះបានចាប់ផ្ដើមសាកល្បងរៀនលីងកាហ្វេ ព្រមទាំងច្នៃម៉ាស៊ីនដោយ ខ្លួនឯង ដោយទិញគ្រាប់កាហ្វេពីឈ្មួញកណ្ដាលនៅក្នុងស្រុកវិញ។ ការលក់ដូរគឺប្រព្រឹត្តិទៅដោយរលូន ដោយផ្ដោតសំខាន់លើរសជាតិដើម ហើយជានិច្ចជាកាលក៏មានលក់បន្ថែមនូវនំចំណីផង ដោយសាររូប ខ្លួនមានម្ដាយជាអ្នកធ្វើនំលក់ស្រាប់។
នំ ចំណី និងភេសជ្ជៈទាំងនោះរួមមាន នំស្នូល ដំឡូង ល្ពៅ ត្រាវ និងមួយចំនួនទៀតទិញយកពីកសិករខ្មែរ។ ក្រៅពីនោះក៏មាន ទឹកត្រលាច ទឹកបន្ទាលកន្ទុយក្រពើ និងស្រាបៀដែល ច្នៃចេញពីកសិផលខ្មែរផង។
ដោយសម្បូរនូវគំនិតច្នៃប្រឌិតលើផ្នែកម្ហូបអាហារនេះ លោក អ៊ាង សាំងឡេង ដែលបច្ចុប្បន្នជាស្ថាបនិក Family Craft and Roastery បានចាប់រៀនជំនាញកែច្នៃអាហារបន្ថែមទៀតនៅក្នុង សកលវិទ្យាល័យជាតិបាត់ដំបង។
ស្របពេលដែលលោកជាមនុស្សចង់ចេះ ចង់ដឹងស្រាប់ផង នៅក្នុងអំឡុងពេលនៃការសិក្សានោះ លោកក៏បានបង្កើតជាស្រា ចេញពីខ្ញី។ ដោយការផលិតទទួលបានជោគជ័យ និងមានការទទួល ស្គាល់ពីសំណាក់គ្រូបង្គោលផង លោក អ៊ាង សាំងឡេង ក៏ចាប់ផ្ដើមផលិតស្រាខ្ញីសម្រាប់លក់នៅ ក្នុងហាងកាហ្វេរបស់ខ្លួនតែម្ដង។
លោក អ៊ាង សាំងឡេង រៀបរាប់ថា៖ «ឥឡូវនេះ ស្រាខ្ចីខ្ញុំលក់ជាប្រចាំតែម្តង ដែលយើងផលិតម្តងពី ៣០-៥០ដបដើម្បីលក់ ពេលអស់យើងក៏ផលិតថែម…ហើយបច្ចុប្បន្នខ្ញុំក៏កំពុងកែច្នៃស្របៀ Brandywine ដែលនៅស្រុកគេគឺគេប្រើទំពាំងបាយជូរ តែដោយសារវាមានតម្លៃថ្លៃ ខ្ញុំប្រើផ្លែចេកជំនួសវិញ»។
ដោយឡែក ដោយមានការចាប់អារម្មណ៍ច្រើនទៅលើស្រាខ្ញី រូបលោកក៏មានគម្រោងចង់ពង្រីកការផលិតបន្ថែមទៀត។ ហើយក្រៅតែពីខ្ញី និងចេកនេះទៅ លោកនឹងព្យាយាមរកនូវកសិផលផ្សេងៗទៀត ដែលអាចយកទៅកែច្នៃចេញជាស្រាបាន និងថែមទាំងអាចជួយប្រជាកសិករនៅក្នុងតំបន់របស់លោក ទៀតផង។
រីឯផលិតកម្មផលិតស្រារបស់លោកវិញ ក៏លោកព្យាយាមធ្វើឲ្យត្រូវតាមស្តង់ដារអនាម័យ ប្រើប្រាស់ការវេចខ្ចប់ដែលអាចរក្សាទុកបានយូរ ធ្វើយ៉ាងណាមិនឲ្យមានបញ្ហារាគរូសដល់អ្នកបរិភោគព្រមទាំងព្យាយាមលើកស្ទួយស្លាកសញ្ញាក្នុងស្រុកផងដែរ៕