Close

ការដាំដុះដោយប្រើផ្ទះសំណាញ់ ទទួលបានទិន្នផលខ្ពស់ ហើយបន្លែមានសុវត្ថិភាព

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ សង្គម
ការដាំដុះដោយប្រើផ្ទះសំណាញ់ ទទួលបានទិន្នផលខ្ពស់ ហើយបន្លែមានសុវត្ថិភាព ការដាំដុះដោយប្រើផ្ទះសំណាញ់ ទទួលបានទិន្នផលខ្ពស់ ហើយបន្លែមានសុវត្ថិភាព

ការធ្វើកសិកម្មដោយប្រើប្រាស់ផ្ទះសំណាញ់ គឺជាបច្ចេកទេសក្នុងការដាំដុះថ្មី ដែលស័ក្តិសមទៅនឹងការប្រែប្រួលអាកាសធាតុក្នុងពេលបច្ចុប្បន្ន។ ការប្រើសំណាញ់ ដើម្បីគ្របពីលើដំណាំនេះ អាចជួយកសិករបានច្រើន រាប់តាំងពីការពារសត្វល្អិត ការពារកម្ដៅ មិនឲ្យក្ដៅខ្លាំងពេកជាដើម។

អ្វីដែលកាន់តែជំរុញឲ្យកសិករក្នុងពេលបច្ចុប្បន្ននិយមដាំដុះក្នុងផ្ទះសំណាញ់ទៀតនោះគឺ ពួកគេអាចបង្កបង្កើនផលបានគ្រប់រដូវកាល ដោយមិនចាំបាច់ព្រួយបារម្ភពីបញ្ហាអាកាសធាតុ។ ម្យ៉ាងទៀត ទីផ្សារនៃដំណាំសុវត្ថិភាព ក៏មានភាពទូលាយជាងដំណាំដែលដាំដុះតាមប្រពៃណី។

កសិករមួយរូបដែលរស់នៅក្នុងសង្កាត់កោះទ្រង់ នៃខេត្តក្រចេះបានចែករំលែកពីការដាំដុះរបស់ខ្លួនថា ការដាំដុះបែបនេះមានភាពងាយស្រួលច្រើន បើធៀបជាមួយនឹងការដាំដុះដែលខ្លួនធ្លាប់បានធ្វើកន្លង​មក។

លោកបានបន្តរៀបរាប់ទៀតថា គ្រួសាររបស់លោកជាអ្នកធ្វើកសិកម្មយូរឆ្នាំមកហើយ ប៉ុន្តែលោកទើបតែកែប្រែការបង្កបង្កើនផលដោយប្រើប្រាស់បច្ចេកទេសថ្មីនេះប្រមាណជា៣ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ រីឯលទ្ធផល គឺមានភាពខុសគ្នាយ៉ាងខ្លាំង ពោលគឺការដាំដុះបែបថ្មីនេះ ទទួលបានទិន្នផលច្រើនជាង។

លោក មួង ជា ដែលជាកសិករដាំដុះបន្លែដោយប្រើប្រាស់ផ្ទះសំណាញ់រូបនេះបានបន្តទៀតថា ៖ « ការដាំក្នុងរយៈពេល៣ឆ្នាំមកនេះ ប្រើប្រាស់តែជីធម្មជាតិ ដូចជាលាមកគោជាដើម ហើយអាចទទួលផល បាន៣ដងក្នុងមួយឆ្នាំ…រាល់ថ្ងៃនេះក្នុងរោងមានសាឡាត់ ស្ពៃតឿ ស្ពៃក្ដោប ប៉េងប៉ោះ ជី ត្រសក់ និងម្ទេស»។

បើតាមការរៀបរាប់បន្ថែមរបស់កសិកររូបនេះ បានឲ្យដឹងថា លោកអាចប្រមូលផល និងលក់បានក្នុង​មួយខែពី ៥០ម៉ឺន ទៅជាង១លានរៀល ហើយដោយបទពិសោធន៍នៃភាពជោគជ័យកន្លងមក លោកចង់បង្កើនការដាំដុះថែមទៀត ដោយការពង្រីករោងសំណាញ់។

គួរបញ្ជាក់ថា ការដាំដុះក្នុងរោងសំណាញ់នេះ អាចជួយសម្រាលកម្លាំងពលកម្ម ដោយកសិករអាចធ្វើជាលក្ខណៈគ្រួសារបាន ម្យ៉ាងទៀតទិន្នផលដែលទទួលបានគឺមានសុវត្ថិភាព ដោយសារសំណាញ់អាចការពារដំណាំពីសត្វល្អិត និងជំងឺផ្សេងៗបាន ដែលកសិករអាចចំណេញបានមួយកម្រិតទៀតពីការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតផងដែរ។

សម្រាប់កសិករខាងលើ រាល់បច្ចេកទេសនៃការដាំដុះបែបថ្មីនេះ ធ្វើឡើងក្រោយការណែនាំរបស់មន្ទីរកសិកម្មខេត្ត សហការជាមួយនឹងគម្រោង Aspire។ ហើយពួកគេមានការសប្បាយចិត្តដែលបច្ចេកទេស ថ្មីនេះ បានរួមចំណែកជួយសេដ្ឋកិច្ចពួកគេឲ្យកាន់តែប្រសើរ៕

អត្ថបទទាក់ទង