ប្រទេសមហាអនុតំបន់មេគង្គ ជួបប្រជុំគ្នាសំដៅស្ដារវិស័យទេសចរណ៍ឲ្យកាន់តែប្រសើរ
កិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥១ ដែលមានកម្ពុជាជាម្ចាស់ផ្ទះរៀបចំ បាន និងកំពុងធ្វើឡើងនៅលើទឹកដីខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងស្ថាប័នជាតិទេសចរណ៍នៃប្រទេសចិន ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ព្រមទាំងតំណាងធនាគាអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូរពាក់ព័ន្ធនានាចំនួន ១០០រូប។
កិច្ចប្រជុំនេះ បានផ្ដោតលើប្រធានបទសំខាន់ៗចំនួន៤គឺ៖ ទី១ ផ្ដោតលើការបង្ហាញពីស្ថានភាពទេសចរណ៍បច្ចុប្បន្ន រវាងប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ទី២ ផ្ដោតលើសកម្មភាពអនុវត្តការងាររបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ ទី៣ ផ្ដោតសំខាន់លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្នវគ្គ២ (GIIT2) និងទី៤គឺជាការបង្ហាញពត៌មានរបស់មជ្ឈមណ្ឌលជប៉ុន-អាស៊ាន អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។
ជាលទ្ធផលនៃកិច្ចប្រជុំកាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅ ប្រទេសជាសមាជិកបានពិភាក្សាចំនុចមួយ ចំនួនដូចជា៖ ស្ថានភាពទេសចរណ៍ក្រោយវិបត្តិកូវីដ១៩ ការផ្តល់ពត៌មានអំពីប្រភេទទិដ្ឋាការ និងកិច្ចសហប្រតិបត្តិការវាងប្រទេសក្នុងតំបន់មហាអនុតំបន់មេគង្គ (GMS)។
ក្នុងនោះ កម្ពុជាបានលើកឡើងអំពីការកើនឡើងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របពេលដែលប្រទេសកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំ SEA GAME និង PARA Game ឆ្នាំ២០២៣ ក៏ដូចជាបានបង្ហាញពីលទ្ធផលអនុវត្តផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ២០២០-២០២៥ផងដែរ។
បន្ថែមពីនោះ កម្ពុជាក៏បានបង្ហាញអំពីទីផ្សារអាទិភាពសម្រាប់ឆ្នាំ២០២៣ ជាពិសេស ដោយផ្ដោតជាពិសេសលើ ឆ្នាំទស្សនាកម្ពុជាឆ្នាំ២០២៣ ក្រោមប្រធានបទ «ជារៀងរាល់ថ្ងៃ គឺអច្ឆរិយៈភាព (Every day is a Wonder)»។
ក្នុងកិច្ចប្រជុំដដែលនេះ អង្គប្រជុំក៏បានពិភាក្សាអំពីលទ្ធផលគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាប័ន្នវគ្គទី២ រវាងប្រទេសចំនួន០៣ គឺប្រទេសកម្ពុជា វៀតណាម និងប្រទេសឡាវ។ ក្នុងនោះ កម្ពុជាក៏បានបង្ហាញពីលទ្ធផលគម្រោងវគ្គទី២ ដោយមានគម្រោងចំនួន០៤ ក្នុងខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង។ ដែលគម្រោងទាំងនេះ ផ្តោតលើការខិតខំជំរុញលើការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្ន (TIIG) នៅតំបន់ឆ្នេរសមុទ្រ ការស្តារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែចម្លងកោះទន្សាយខេត្តកែប និងកំពង់ផែទេសចរណ៍ខេត្តកំពត ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការពង្រឹងសមត្ថភាពដឹកនាំទេសចរណ៍សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។
អង្គប្រជុំក៏បានពិភាក្សាលម្អិតអំពីលទ្ធផលដែលបានអនុវត្តកន្លងមករបស់ប្រទេសទាំង៦ក្នុងតំបន់មហាអនុតំបន់មេគង្គ និងផែនការសកម្មរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) ដើម្បីអនុវត្តផែនការស្តារទំនាក់ទំនងឡើងវិញវិស័យទេសចរណ៍ឆ្នាំ២០២០-២០២៥ផងដែរ។
ជាចុងក្រោយ តំណាងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ ជាពិសេសការពង្រឹងទំនាក់ទំនងក្នុងតំបន់ ក្នុងនោះធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តគាំទ្រដល់ប្រទេសជាសមាជិកមហាអនុតំបន់ទៅលើគម្រោងចំនួនពីរគឺ គម្រោងទេសចរណ៍ក្របខណ្ឌវិនិយោគក្នុងមហាអនុតំបន់មេគង្គ និងគម្រោងផ្តល់ជំនួយបច្ចេកទេសលើការអភិវឌ្ឍន៍សម្បទាទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ប្រទេសកម្ពុជា-វៀតណាម-ឡាវ និងប្រទេសថៃ (CLVT)៕