ទ័ពអវកាសអាមេរិកទទួលបានសំណើកាន់តែច្រើនសុំទិញបច្ចេកវិទ្យា និងអាវុធសម្រាប់ទីអវកាស
បរទេស ៖ បច្ចុប្បន្នបណ្តាប្រទេសកាន់តែច្រើនកំពុងព្យាយាមក្នុងការបង្កើនសមត្ថភាពរបស់ខ្លួននៅក្នុងវិស័យការពារជាតិចំពោះបច្ចេកវិទ្យាលំហអាកាស ឬយើងអាចហៅថា Space capabilities ដែលនេះបានក្លាយទៅជាមូលហេតុដែលធ្វើឲ្យមហាអំណាចអាមេរិកកំពុងទទួលបានសំណើសុំទិញបច្ចេកវិទ្យាការពារ និងអាវុធបែបអវកាសកាន់តែច្រើនឡើង។
ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៩ ពេលនេះកងកម្លាំងទ័ពសម្រាប់លំហអាកាស ឬទ័ពអវកាសអាមេរិក Space Force គឺបានផ្តាច់ខ្លួនចេញដាច់ពីកងកម្លាំងទ័ពអាកាសរបស់អាមេរិករួចទៅហើយ និងកំពុងតែធ្វើឲ្យខ្លួនកាន់តែមានឯករាជ្យភាពក្នុងការជួញដូរបច្ចេកវិទ្យា និងអាវុធសម្រាប់ទីលំហអាកាសដោយខ្លួនឯង។
The Defense News ជឿជាក់ថាដៃគូអន្តរជាតិ និងបណ្តាប្រទេសជាច្រើនលើពិភពលោកបានដាក់សំណើសុំទិញបច្ចេកវិទ្យាជាច្រើនរួចមកហើយរាប់ចាប់តាំងតែពីបច្ចេកវិទ្យាការពារដែនអាកាស, បច្ចេកវិទ្យាការពារ GPS រហូតទៅដល់ឧបករណ៍ដែលអាចធ្វើសង្គ្រាមទីអវកាសផ្សេងទៀតផង។
ទើបីជាយ៉ាងណាក្តី កងកម្លាំងទ័ពអវកាសបច្ចុប្បន្នកំពុងបន្តធ្វើការសិក្សា និងវិភាគនៅឡើយទៅលើសមត្ថភាពបច្ចេកវិទ្យានិងឧបករណ៍ប្រភេទណាខ្លះដែលអាចបំពេញតម្រូវការរបស់ដៃគូអន្តរជាតិរបស់ខ្លួនបានល្អបំផុត ជាពិសេសការពិចារណាក្នុងការលក់តែសេវាកម្មជាជាងការលក់បច្ចេកវិទ្យាពិតទៅឲ្យដៃគូផងដែរ។
គួរឲ្យដឹងដែរថា ជាទូទៅមន្ទីរប៉ង់តាហ្គោនគឺតែងតែប្រើប្រាស់ដំណើរការលក់អាវុធតាមបែប Foreign Military Sales process ដែលទាមទារឲ្យមានការកំណត់ព្រំដែនចំពោះបច្ចេកវិទ្យា និងចំនួនអាវុធទាំងឡាយណាដែលគួរលក់ឬមិនគួរលក់ទៅឲ្យសម្ព័ន្ធមិត្ត និងអតិថិជនរបស់ខ្លួនដើម្បីធានាបានថាអាមេរិកនៅតែមានសមត្ថភាពខ្ពស់ជាងប្រទេសទាំងអស់នៅលើពិភពលោក៕