ជំនាញសិល្បៈចម្លាក់ស្បែក មិនត្រឹមតែរួមចំណែកលើកស្ទួយវប្បធម៌ខ្មែរ តែក៏ជួយបង្កើតការងារដល់កុមារកំព្រា
ជំនាញសិល្បៈចម្លាក់ ជាជំនាញកម្រមួយដែលមិនសូវជាមានអ្នកចាប់អារម្មណ៍ធ្វើ ប៉ុន្តែជំនាញមួយនេះមានចំណែកជួយដល់សិល្បៈ និងវប្បធម៌ខ្មែរយ៉ាងច្រើន ដោយសារតែប្រភេទល្ខោនស្បែក គឺត្រូវការប្រើប្រាស់ចម្លាក់ស្បែកនេះ ដើម្បីយកទៅសម្ដែងជូនអ្នកទស្សនា។
ក្រៅពីយកទៅសម្ដែងនៅក្នុងល្ខោនហើយ គេក៏អាចឆ្លាក់ស្បែកទាំងនោះចេញទៅជារូបរាងផ្សេងៗ ដែលអាចលក់ជាវត្ថុអនុស្សាវរីយ៍ជាដើម។ យ៉ាងណាមិញ ការឆ្លាក់ចម្លាក់ស្បែកក៏ជានិមិត្តរូបមួយដែលតំណាងឲ្យភាពប៉ិនប្រសប់ក្នុងការធ្វើការងារដោយដៃ (Handmade) របស់ប្រជាជនខ្មែរផងដែរ។
កន្លែងធ្វើចម្លាក់ស្បែកមួយកន្លែងនៅក្នុងខេត្តសៀមរាប មិនត្រឹមតែបានជួយលើកស្ទួយវប្បធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីដែលក្មេងកំព្រាជាច្រើននាក់ពឹងអាស្រ័យ។ ដោយសារតែរបរមួយនេះ បានផ្ដល់ឳកាសដល់ក្មេងកំព្រាមួយចំនួនដែលបានបញ្ចប់ការសិក្សា និងខ្លះទៀតក៏មានការងារធ្វើសមរម្យ។
កន្លែងធ្វើចម្លាក់ស្បែកមួយនេះ មានឈ្មោះថា Khmer Art Leather Carving-Little Angels មានអាយុកាល ២០ឆ្នាំមកហើយ។
ដោយសារតែធ្លាប់មានប្រវត្តិជាក្មេងកំព្រា ម្ចាស់សិប្បកម្មចម្លាក់ស្បែក គឺលោក ញឹក សេរីរតនា បានស្វះស្វែងរៀនជំនាញឆ្លាក់ស្បែក រហូតបង្កើតជាមុខរបរដោយខ្លួនឯង ហើយក្រោយមកបានក្លាយទៅជាកន្លែងបណ្ដុះបណ្ដាលជំនាញដល់ក្មេងៗកំព្រាដទៃទៀត។
រយៈពេល ២០ឆ្នាំមកនេះ ក្មេងកំព្រាដែលបានស្នាក់នៅ និងរៀនសូត្រជំនាញចម្លាក់ស្បែកពីលោកគឺមានប្រមាណជាជាង ១០០នាក់ ក្នុងនោះមានប្រហែល៥០នាក់ដែលចាប់យករបរឆ្លាក់ស្បែកនេះតែម្ដង។
ក្នុងនាមជាអ្នកផ្ដួចផ្ដើម លោក ញឹក សេរីរតនា មានការសប្បាយចិត្តដែលបានកែប្រែជោគវាសនាដល់ ក្មេងជាច្រើននាក់ឲ្យមានជំនាញមួយច្បាស់លាស់ ជាពិសេសលោកបានរួមចំណែកជួយបណ្ដុះបណ្ដាល ធនធានមនុស្សផ្នែកសិល្បៈ និងវប្បធម៌ផងដែរ។
ប៉ុន្តែយ៉ាងណា លោកបានអះអាងថា របរនេះមិនជាងាយស្រួលប៉ុន្មាននោះទេ ពោលគេវាត្រូវការពេលវេលាយូរ និងឆ្លងកាត់ដំណាក់កាលច្រើន។ តួយ៉ាង ក្នុងការបង្កើតជាចម្លាក់ស្បែកមួយផ្ទាំង គឺលោក ត្រូវចំណាយពេលរក្សាស្បែកទុករហូតដល់បាត់ក្លិន ចាប់ពី៣ខែ ទៅដល់១ឆ្នាំ ទើបអាចយកទៅឆ្លាក់បាន។
រីឯការឆ្លាក់ទៀតសោត គឺទាមទារឲ្យមានការយល់ដឹងពីប្រពៃណី ទំនៀមទំលាប់ដែលដូនតាបានធ្វើពីមុនមក ដោយមិនអាចចេះតែឆ្លាក់តាមចិត្តចង់នោះទេ ជាពិសេស គឺការឆ្លាក់ជាផ្ទាំងស្បែកសម្រាប់យកទៅសម្ដែងក្នុងល្ខោនស្បែកតូច ឬស្បែកធំ ដែលស្បែកតម្រូវឲ្យយកស្បែកសត្វគោដែលស្លាប់ដោយខ្លួនឯង។
ទាំងនេះគឺបញ្ជាក់ពីការគោរពនូវតួអង្គនីមួយៗ ទៅតាមគុណតម្លៃរៀងៗខ្លួន ហើយក៏ជាការប្រកាន់ខ្ជាប់នូវ អ្វីដែលធ្លាប់ធ្វើតាំងតែពីដើមមកផងដែរ។ បើទោះបីជាយ៉ាងនេះក្ដី លោកនៅតែមានចិត្តស្រឡាញ់ និងចង់បន្តរក្សាសិល្បៈ វប្បធម៌ខ្មែរឲ្យបានគង់វង្សយូរអង្វែងទៅមុខទៀត។
បន្តទៅមុខទៀត លោកក៏មានបំណងចង់បើកជាសារមន្ទីរស្បែកមួយ ដែលជាកន្លែងមានដាក់តាំងស្បែកគ្រប់ប្រភេទ មានការពន្យល់ និងមានការអនុវត្តផ្ទាល់ ពោលគឺលោកចង់ឲ្យក្លាយជាកន្លែងពិព័រណ៍សម្រាប់សិល្បៈតែម្តង៕