Close

ចិញ្ចឹមត្រឹមតែក្របី កសិករក្នុងខេត្តកោះកុងអាចស្រោចស្រង់ជីវភាពគ្រួសារបានធូរធារ និងមិន​ជំពាក់​​​បំណុលគេ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ សង្គម
ចិញ្ចឹមត្រឹមតែក្របី កសិករក្នុងខេត្តកោះកុងអាចស្រោចស្រង់ជីវភាពគ្រួសារបានធូរធារ និងមិន​ជំពាក់​​​បំណុលគេ ចិញ្ចឹមត្រឹមតែក្របី កសិករក្នុងខេត្តកោះកុងអាចស្រោចស្រង់ជីវភាពគ្រួសារបានធូរធារ និងមិន​ជំពាក់​​​បំណុលគេ

កោះកុង​ : ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង កសិករមួយរូបសម្រេចចិត្តចាប់យករបរចិញ្ចឹមក្របី និងបន្តបង្កើន​ជីវភាព​គ្រួសាររបស់ខ្លួនកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ កសិកររូបនេះ​ចាប់ផ្ដើមចិញ្ចឹមក្របី​ដំបូង​​តាំងតែពីឆ្នាំ ១៩៩៣ ដោយកាលណោះ មានត្រឹមតែក្របីញីមួយក្បាលប៉ុណ្ណោះ។

ពីមួយឆ្នាំទៅមួយឆ្នាំ ក្របីរបស់កសិករ គង់ ទាវ ចេះតែកើនឡើង ហើយជានិច្ចជាកាល លោកតែង​លក់ក្របីសម្រាប់តម្រូវការចាំបាច់នានា។

កសិករដដែលនេះបានបន្តឲ្យដឹងថា ការចិញ្ចឹមក្របីគឺមានភាពងាយស្រួលជាងការចិញ្ចឹមគោ ហើយតម្លៃវិញក៏លក់បានថ្លៃផងដែរ ដោយកន្លងមកលោកអាចលក់បានក្នុងចម្លោះ ៥០០ដុល្លារ ទៅ៦០០ដុល្លារក្នុងមួយក្បាល។

លោក គង់​ ទាវ៖ «សព្វថ្ងៃនេះ ខ្ញុំមានក្របីញីជិត១០ក្បាល ហើយបើគិតបូកទាំងកូនៗវាទៀត មានប្រហែលជាជិត ៣០ក្បាលអីហ្នឹង»។

លោក គង់ ទាវ បានបន្តរៀបរាប់ថា៖ «តាំងពីចិញ្ចឹមក្របីមក ខ្ញុំការកូនអស់បីនាក់​ហើយ ពេលត្រូវការរៀបចំការកូនម្ដងៗ ខ្ញុំលក់ក្របី ២០ ទៅ៣០ក្បាលទៅ គ្រាន់ហើយ»។

តាមរយៈការលក់ក្របីចិញ្ចឹមនេះ លោក គង់ ទាវ បានអះអាងថា លោកមិនដែលខ្ចីបំណុលគេនោះទេ ពោលគឺពេលដែលមានតម្រូវការ លោកលក់ក្របី ដើម្បីយកប្រាក់ ហើយការលក់នេះទៀតសោត គឺមិនមានការលំបាកអ្វីទេ ដោយសារមានឈ្មួញចូលទៅទិញដល់កន្លែងតែម្ដង។

លោកបន្តទៀតថា៖ «ពេលត្រូវការទិញម៉ូតូជិះទៅណាមកណាអី ខ្ញុំលក់ក្របី២ ទៅ៣ក្បាល ក៏អាចទិញបានហើយ អីចឹងទៅខ្ញុំមិនដែលចងការប្រាក់គេមកប្រើទេ ត្រូវការប៉ុណ្ណាក៏លក់ប៉ុណ្ណឹង​ទៅ​ ដូចឥឡូវនេះខ្ញុំទិញម៉ូតូបានពីរគ្រឿងដោយសារលក់ក្របីនេះឯង»។

មុខរបរចិញ្ចឹមក្របីនេះផងដែរ បានក្លាយជាចំណូលប្រចាំរបស់គ្រួសារលោក ជាពិសេសថែមទាំង​បានផ្គត់ផ្គង់ការរៀនសូត្ររបស់កូនចៅលោកទៀតផង។ ម្យ៉ាងទៀត ការចាយវាយប្រចាំថ្ងៃ​ ដូចជា ទិញម្ហូបអាហារ  ទិញគោយន្ដ ធ្វើប្រព័ន្ធស្រោចស្រពដំណាំជាដើម គឺសុទ្ធតែបានមកពីការចិញ្ចឹម​ក្របីនេះឯង។

តាមរយៈបទពិសោធន៍នេះ លោក គង់ ទាវ បានផ្ដល់ជាគំនិតដល់ប្រជាកសិករកម្ពុជា ឲ្យខិតខំបង្កបង្កើនផល មិនថាកសិកររូបនោះកំពុងដាំដុះ ឬចិញ្ចឹមសត្វនោះទេ សូមផ្ដោតទៅលើមុខរបរ និងរស់នៅតាមលទ្ធភាពរបស់ខ្លួន ទើបមិនធ្លាក់ខ្លួន​ក្នុងបំណុល៕

អត្ថបទទាក់ទង