កីឡាករឆ្នើម កែវ សុខផេង សម្រេចព្យួរស្បែកជើងពីអាជីពបាល់ទាត់ទាំងសោកស្ដាយ
ភ្នំពេញ : ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្លិបសេះមាសវិសាខា កីឡាករ កែវ សុខផេង នៅថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយ ដោយសាររបួសរាំរ៉ៃកើតមានជាបន្តបន្ទាប់មិនអាចបន្តអាជីពទៀតបាន។ នេះបើតាមការបញ្ជាក់របស់ក្លិបបាល់ទាត់វិសាខា។
ក្លិបបាល់ទាត់វិសាខា បានចេញសេចក្ដីថ្លែងការណ៍មួយថា ៖ ” ក្លិបរបស់យើង មានកិត្តិយសជម្រាបបងប្អូនសាធារណជនថា កីឡាករ កែវ សុខផេង បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយ ចាប់ពីថ្ងៃនេះតទៅ ។ ការសម្រេចព្យួរស្បែកជើងពីអាជីពលើសមរភូមិវាលស្មៅនេះ ដោយសារកត្ដារបួសរាំរ៉ៃ មិនអាចបន្ដការប្រកួតប្រជែងទៀតបាន ក៏ដូចជាការចង់ផ្ដល់ឱកាសឲ្យសិស្សប្អូនជំនាន់ក្រោយបានបង្ហាញសមត្ថភាព និងជួយក្លិប ។ តាងនាមថ្នាក់ដឹកនាំក្លិប គណៈគ្រប់គ្រង បុគ្គលិក ក្រុមការងារ គ្រូ និងកីឡាករទាំងអស់ សូមគោរពនូវការសម្រេចចិត្តនេះ ហើយក៏សូមថ្លែងអំណរគុណ ចំពោះ សុខផេង សម្រាប់ការខិតខំប្រឹងប្រែងជួយក្រុមរបស់យើងអស់រយៈពេលជាច្រើនរដូវកាលកន្លងមក”។
គួរបញ្ជាក់ថា កែវ សុខផេង បានប្រឡូកក្នុងអាជីពលើទីលានវាលស្មៅអស់រយៈពេលជាង១០ឆ្នាំ និងត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់អាជីពម្នាក់របស់កម្ពុជា ដែលទទួលបានជោគជ័យ និងលេចធ្លោទាំងក្លិប និងជម្រើសជាតិកម្ពុជា ហើយរូបគេបានរួមចំណែកឲ្យក្លិបឈ្នះជើងឯកជាច្រើន ពិសេសជួយក្រុម U23 កម្ពុជា ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្រ្តនៅកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ក្នុងប្រទេសហ្វីលីពីន៕