សម័យនេះទៅហើយ គួរបង្ហាត់កូនតូចអាយុចាប់ពី១ខួបឡើងឲ្យចេះជួយខ្លួនឯង
សម្រាប់កូនតូចក្នុងវ័យ ១ខួបឡើងទៅ អ្នកម្តាយអាចបង្ហាត់ឱ្យគេចេះជួយខ្លួនឯងក្នុងដំណាក់កាលដំបូងបានខ្លះហើយ មិនថាតែការញ៉ាំអាហារ ឬការប្រមូលរៀបចំចានដែលញ៉ាំរួចហើយជាដើម ទោះជាក្មេងនៅក្នុងវ័យនេះនៅមានសាច់ដុំតូចៗដែលមិនទាន់រឹងមាំ និងចាប់កាន់របស់របរអ្វីមិនទាន់ជាប់មាំក៏ដោយ តែការបង្ហាត់ឱ្យកូនតូចបានចាប់ផ្តើមធ្វើអ្វីដោយខ្លួនឯងនេះ គឺជាការជួយអភិវឌ្ឍសាច់ដុំតូចៗរបស់គេឱ្យរឹងមាំឡើងបាន។ ឪពុក-ម្តាយខ្លះគិតថា កូនតូចអាយុត្រឹមតែប៉ុណ្ណឹង នៅមិនទាន់ដល់ពេលទេ ខ្លាចថា បើបណ្តោយឱ្យកូនតូចធ្វើអ្វីមួយដោយខ្លួនឯង វាអាចនឹងកំពប់ និងប្រឡេកប្រឡាក់ខ្លួនអស់ តែលោកអ្នកដឹងទេថា លោកអ្នកកំពុងតែយល់ខុសហើយ…។
“ការបណ្តោយឱ្យកូនតូចចេះជួយខ្លួនឯងនេះ នឹងរឹតតែធ្វើឱ្យកូនមានវិវឌ្ឍនាការរបស់សាច់ដុំតូចៗនោះកាន់តែរឹងមាំឆាប់រហ័សឡើង ហើយលទ្ធផលបន្ទាប់ដែលទទួលបានពីការបង្ហាត់ឱ្យកូនធ្វើអ្វីដោយខ្លួនឯងនេះ នឹងធ្វើឱ្យកូនមានភាពទទួលខុសត្រូវ និងស្គាល់ពីតួនាទីរបស់ខ្លួនឯងទៀតផង”
នៅពេលកូនដល់វ័យចូលរៀន ឪពុក-ម្តាយគួរឱ្យកូនចេះមើលថែទាំខ្លួនឯងខ្លះផង ដូចជាស្លៀកពាក់ដោយខ្លួនឯងមិនថាតែការបិទឡេវខោ ឡេវអាវ ឬពាក់ស្រោមជើង និងស្បែកជើងដោយខ្លួនឯង និងរៀបចំកាតាបដាក់សៀវភៅខ្លួនឯង ជាដើម។ អ្វីផ្សេងៗទាំងអស់នេះ នឹងជួយអភិវឌ្ឍជាបន្ត ឱ្យកូនចេះប្រើប្រព័ន្ធប្រសាទការប៉ះពាល់ រួមជាមួយសាច់ដុំដុំតូចៗ ដោយឱ្យខួរក្បាលជាអ្នកដឹកនាំក្នុងការគិត ធ្វើឱ្យកូនចេះគិតជាប្រព័ន្ធ យល់ពីអ្វីគួរធ្វើមុន ឬក្រោយ រៀនយល់ដឹងក្នុងការកែបញ្ហាចំពោះមុខបាន និងមានភាពត្រៀមជានិច្ចក្នុងការរៀនយល់ដឹងពីអ្វីដែលថ្មីៗ និងគួរបង្ហាត់ឱ្យកូនធ្វើរៀងរាល់ថ្ងៃ រហូតក្លាយជាមុខនាទីដែលគេត្រូវទទួលខុសត្រូវ។
កុមារដែលមិនចេះជួយខ្លួនឯងសោះ ច្រើនតែមានឧបនិស្ស័យអត្មានិយម ទើបធ្វើឱ្យមិនមានភាពត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីអ្វីដែលថ្មីៗ ការសម្រេចចិត្តចំពោះមុខភ្លាមៗក៏មិនពូកែ ព្រោះមិនដែលរៀនយល់ដឹងក្នុងការកែបញ្ហា មិនចេះស៊ូទ្រាំចំពោះក្តីលំបាកលំបិនព្រោះមិនធ្លាប់ធ្វើអ្វីបានដោយខ្លួនឯង មានតែអ្នកធ្វើឱ្យជានិច្ច និងខ្វះជំនាញក្នុងការចូលសង្គមនៅថ្ងៃអនាគតទៀតផង៕