រដ្ឋបាលលោក Trump គ្រោងបោះបង់មូលនិធិ «ប្រឆាំងការប្រើប្រាស់ប្រព័ន្ធរដ្ឋជាអាវុធនយោបាយ» តម្លៃ ១,៨ ពាន់លានដុល្លារ
មន្ត្រីជាន់ខ្ពស់ពីររូបនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រាប់សារព័ត៌មាន Axios ថា រដ្ឋបាលគ្រោងនឹងបោះបង់មូលនិធិដ៏ចម្រូងចម្រាសមួយដែលមានទំហំទឹកប្រាក់ ១,៨ ពាន់លានដុល្លារ ដែលលោកប្រធានាធិបតី ត្រាំ មានបំណងប្រើប្រាស់ដើម្បីផ្តល់សំណងដល់បុគ្គលដែលអះអាងថា បានរងគ្រោះពីការប្រព្រឹត្តមិនត្រឹមត្រូវរបស់ព្រះរាជអាជ្ញា និងការប្រើប្រាស់ប្រព័ន្ធរដ្ឋជាឧបករណ៍នយោបាយ ក្រោមរដ្ឋបាលលោក Joe Biden។
ប្រភពមួយបាននិយាយថា៖ «សម្រាប់ពេលនេះ គម្រោងនេះត្រូវបានបញ្ឈប់ហើយ»។
ហេតុអ្វីបានជាបញ្ហានេះសំខាន់?
មូលនិធិនេះត្រូវបានអ្នករិះគន់ចាត់ទុកថា ជា «មូលនិធិនយោបាយ» ដែលអាចត្រូវបានប្រើប្រាស់ដោយបុគ្គលដែលត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងកុបកម្មនៅវិមានកាពីតូល កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ សំណើនេះបានជួបការជំទាស់ពីសមាជិកសភាទាំងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ នៅក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា។
ប្រវត្តិនៃមូលនិធិ
ផែនការបង្កើតមូលនិធិនេះ បានកើតឡើងជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះស្រាយវិវាទរវាងលោក Trump និងអាជ្ញាធរពន្ធដារ IRS។
លោក Trump និងក្រុមហ៊ុនរបស់លោក បានប្តឹង IRS ទាមទារសំណង ១០ ពាន់លានដុល្លារ ជុំវិញការលេចធ្លាយលិខិតប្រកាសពន្ធឆ្នាំ ២០១៩ និង ២០២០ របស់លោក ដោយអតីតអ្នកម៉ៅការម្នាក់។
កាលពីខែមុន ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ ដោយលោក Trump យល់ព្រមដកពាក្យបណ្តឹង ជាថ្នូរនឹងការបង្កើតមូលនិធិ «ប្រឆាំងការប្រើប្រាស់ប្រព័ន្ធរដ្ឋជាអាវុធនយោបាយ» ដែលមានទឹកប្រាក់ ១,៨ ពាន់លានដុល្លារ សម្រាប់ដោះស្រាយការទាមទារពាក់ព័ន្ធនឹងការរំលោភអំណាចរបស់រដ្ឋាភិបាល ហើយអាចប្រើប្រាស់បានដោយស្ទើរតែគ្មានការត្រួតពិនិត្យ។
កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលការផ្តល់អភ័យឯកសិទ្ធិយ៉ាងទូលំទូលាយដល់លោក Trump ពីការធ្វើសវនកម្មរបស់ IRS ផងដែរ។
ផែនការនេះបានរងការរិះគន់យ៉ាងខ្លាំងនៅ Capitol Hill សូម្បីតែពីសមាជិកគណបក្សសាធារណរដ្ឋមួយចំនួន ដែលគាំទ្រលោក Trump ក៏ដោយ។ ប្រភពពីរបានឱ្យដឹងថា ប្រធានសភាតំណាងរាស្ត្រ លោក Mike Johnson គ្រោងលើកយកបញ្ហានេះទៅពិភាក្សាជាមួយលោក Trump នៅក្នុងកិច្ចប្រជុំមួយនៅសេតវិមាន។

សម្ពាធពីតុលាការ
ការពិភាក្សានៅសេតវិមានអំពីការបោះបង់មូលនិធិនេះ បានកើតឡើងបន្ទាប់ពីចៅក្រមសហព័ន្ធពីររូប បានចេញសេចក្តីសម្រេចប្រឆាំងនឹងមូលនិធិនេះកាលពីថ្ងៃសុក្រ។
ចៅក្រមសហព័ន្ធ Leonie M. Brinkema នៃតុលាការសហព័ន្ធប្រចាំស្រុកភាគខាងកើតរដ្ឋ Virginia បានបញ្ជាឱ្យផ្អាកការបញ្ចេញថវិកាពីមូលនិធិនេះ។
ចំណែកចៅក្រម Kathleen Williams នៃតុលាការសហព័ន្ធប្រចាំស្រុកភាគខាងត្បូងរដ្ឋ Florida បានប្រកាសថា លោកស្រីនឹងបើកការស៊ើបអង្កេតលើករណីនេះ។
លោកស្រី Williams គឺជាចៅក្រមដែលទទួលបន្ទុកសំណុំរឿងដើម ដែលលោក Trump និង Trump Organization បានប្តឹង IRS ជុំវិញការបញ្ចេញព័ត៌មានពន្ធដោយគ្មានការអនុញ្ញាត។
មន្ត្រីរដ្ឋបាលម្នាក់បាននិយាយថា៖ «យើងគ្រោងនឹងគោរពតាមសេចក្តីសម្រេចរបស់តុលាការ»។
មន្ត្រីម្នាក់ទៀតបាននិយាយថា៖ «បញ្ហានេះបានក្លាយជាការរំខានមួយ។ ប្រធានាធិបតីជឿថា រដ្ឋាភិបាលត្រូវបានប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងប្រជាពលរដ្ឋ ហើយវាមិនមែនប៉ះពាល់តែលោកម្នាក់ឯងនោះទេ។ ប៉ុន្តែនេះមិនមែនជាពេលវេលា ឬមធ្យោបាយសមស្របសម្រាប់ដោះស្រាយបញ្ហានេះឡើយ»។
បន្ទាប់ពីព័ត៌មាននេះត្រូវបានចុះផ្សាយ ក្រសួងយុត្តិធម៌អាមេរិក បានបង្ហោះសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ដោយបង្ហាញការមិនពេញចិត្តចំពោះសេចក្តីសម្រេចរបស់តុលាការនៅរដ្ឋ Virginia ប៉ុន្តែបានបញ្ជាក់ថា ក្រសួងនឹងគោរពតាមសេចក្តីសម្រេចរបស់តុលាការ។
ទន្ទឹមនឹងនេះ មន្ត្រីរដ្ឋបាលក៏មានការខ្វែងគំនិតគ្នាផងដែរ ជុំវិញសំណួរថា តើបុគ្គលិកសេតវិមានបានដឹង និងចូលរួមក្នុងដំណើរការបង្កើតមូលនិធិនេះដែរឬទេ។
ប្រភពមួយបានអះអាងថា មន្ត្រីជាន់ខ្ពស់រដ្ឋបាល បានចូលរួមក្នុងកិច្ចពិភាក្សារវាងក្រុមមេធាវីរបស់ប្រធានាធិបតី និងក្រសួងយុត្តិធម៌ ដែលនាំឱ្យមានការបង្កើតមូលនិធិនេះ។ប៉ុន្តែមន្ត្រីជាន់ខ្ពស់ម្នាក់ទៀតបានច្រានចោលការអះអាងនេះ ដោយប្រាប់ Axios ថា៖ «នោះមិនមែនជាការពិតទេ។ ក្រុមការងារនៅ West Wing មិនបានដឹងជាមុនអំពីរឿងនេះឡើយ»៕
