លោក ត្រាំ ថា មិនប្រញាប់ចុះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទេ ខណៈការរារាំងរបស់អាមេរិកនៅតែបន្ត
វ៉ាស៊ីនតោន/អ៊ីស្លាម៉ាបាដ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ថា លោកបានប្រាប់តំណាងរបស់ខ្លួនកុំឱ្យប្រញាប់ប្រញាល់ក្នុងការឈានទៅរកកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ ខណៈរដ្ឋបាលរបស់លោកបានបន្ថយការរំពឹងទុកអំពីការទម្លាយភាពជាប់គាំងក្នុងសង្គ្រាមដែលអូសបន្លាយអស់រយៈពេល៣ខែ បន្ទាប់ពីមានសញ្ញាវិជ្ជមានកាលពីមួយថ្ងៃមុន។
លោក ត្រាំ បានសរសេរនៅលើបណ្ដាញ Truth Social ថា ការរារាំងផ្លូវនាវាចរណ៍របស់សហរដ្ឋអាមេរិកលើនាវាអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz នឹង «នៅតែមានប្រសិទ្ធភាពពេញលេញ» រហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានសម្រេច អនុម័ត និងចុះហត្ថលេខាជាផ្លូវការ។ លោកបានបន្ថែមថា «ភាគីទាំងពីរត្រូវចំណាយពេល និងធ្វើឱ្យអ្វីៗបានត្រឹមត្រូវ»។
មិនមានការឆ្លើយតបភ្លាមៗពីរដ្ឋាភិបាលអ៊ីរ៉ង់នោះទេ។ ទោះយ៉ាងណា ទីភ្នាក់ងារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានរាយការណ៍ថា សហរដ្ឋអាមេរិកនៅតែរារាំងផ្នែកមួយចំនួននៃកិច្ចព្រមព្រៀងសក្តានុពល រួមទាំងការទាមទាររបស់ទីក្រុងតេអេរ៉ង់ឱ្យប្រគល់មូលនិធិរបស់ខ្លួនដែលត្រូវបានបង្កកផងដែរ។
កាលពីមួយថ្ងៃមុន លោក ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ បាន «ចរចាស្ទើរតែរួចរាល់» លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលនឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ មុនពេលមានជម្លោះ ច្រកសមុទ្រនេះគ្រប់គ្រងការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណមួយភាគប្រាំនៃពិភពលោក។

ភាគីទាំងពីរនៅតែមានការខ្វែងគំនិតគ្នាលើបញ្ហាសំខាន់ៗមួយចំនួន រួមមានមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ សង្គ្រាមរបស់អ៊ីស្រាអែលនៅលីបង់ជាមួយក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ ព្រមទាំងការទាមទាររបស់ទីក្រុងតេអេរ៉ង់ឱ្យដកទណ្ឌកម្ម និងប្រគល់ប្រាក់ចំណូលពីការលក់ប្រេងរាប់សិបពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅធនាគារបរទេស។
ការចរចាលម្អិតនៃកិច្ចព្រមព្រៀង
មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងមួយនឹងមិនត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនោះទេ ដោយលោកបាននិយាយថា ប្រព័ន្ធរដ្ឋាភិបាលអ៊ីរ៉ង់ «មិនដំណើរការលឿនគ្រប់គ្រាន់»។ ទោះជាយ៉ាងណា លោកបានបង្ហាញពីស៊ុមចុងក្រោយនៃអ្វីដែលកំពុងត្រូវបានចរចា។
មន្ត្រីរូបនោះ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា អ៊ីរ៉ង់បានយល់ព្រម «ជាគោលការណ៍» ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ជាថ្នូរនឹងការបញ្ចប់ការរារាំងផ្លូវនាវាចរណ៍របស់សហរដ្ឋអាមេរិក និងការដកចេញអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់កម្រិតខ្ពស់របស់ខ្លួន។
លោកបាននិយាយថា សហរដ្ឋអាមេរិកយល់ថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បានគាំទ្រក្របខណ្ឌទូលំទូលាយនៃកិច្ចព្រមព្រៀងនេះ។យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ភ្លាមៗពីអ៊ីរ៉ង់ ឬការពន្យល់បន្ថែមអំពីអត្ថន័យនៃការយល់ព្រម «ជាគោលការណ៍» នោះទេ។

មន្ត្រីអាមេរិករូបនេះបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ឃើញការបើកច្រក Hormuz និងការលុបចោលការរារាំងផ្លូវនាវាចរណ៍ជាមុនសិន ខណៈការចរចាលម្អិតអំពីវិធានការនុយក្លេអ៊ែរ នឹងត្រូវការពេលវេលាបន្ថែម។
លោកក៏បានច្រានចោលការលើកឡើងថា អ៊ីរ៉ង់មិនបានយល់ព្រមលើការដកចេញស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់ខ្ពស់របស់ខ្លួននោះទេ ដោយនិយាយថា «បញ្ហាគឺស្ថិតនៅលើរបៀបអនុវត្ត»។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ទៀត បាននិយាយថា ក្របខណ្ឌដែលកំពុងត្រូវបានស្នើឡើង នឹងផ្តល់ពេល៦០ថ្ងៃដល់អ្នកចរចា ដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយ។
ប្រភពអ៊ីរ៉ង់បានប្រាប់ Reuters ថា នៅដំណាក់កាលបន្ទាប់ អាចមាន «រូបមន្តដែលអាចអនុវត្តបាន» ដើម្បីដោះស្រាយជម្លោះជុំវិញស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់ខ្ពស់ រួមទាំងការបន្ថយកម្រិតសារធាតុអ៊ុយរ៉ាញ៉ូម ក្រោមការត្រួតពិនិត្យរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។
អ៊ីរ៉ង់បានបដិសេធជាយូរមកហើយចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ខ្លួនកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយអះអាងថា ខ្លួនមានសិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូមសម្រាប់គោលបំណងស៊ីវិល ទោះបីកម្រិតភាពបរិសុទ្ធលើសពីតម្រូវការសម្រាប់ផលិតថាមពលក៏ដោយ។
កិច្ចព្រមព្រៀងនេះរងការរិះគន់នៅអាមេរិក
លោក ត្រាំ ដែលអត្រាគាំទ្ររបស់លោករងផលប៉ះពាល់ពីការកើនឡើងតម្លៃថាមពលនៅអាមេរិក និងប្រឈមនឹងកិច្ចខិតខំរបស់សភាក្នុងការកំណត់អំណាចសង្គ្រាមរបស់លោក បានលើកឡើងជាញឹកញាប់អំពីលទ្ធភាពនៃកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ជម្លោះដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។ បទឈប់បាញ់ដ៏ផុយស្រួយមួយ បានអនុវត្តតាំងពីដើមខែមេសា។
តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរសប្តាហ៍ ដោយប្រេងឆៅ Brent ធ្លាក់ចុះជាង៤% មកនៅត្រឹម ៩៨,៨៣ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេង West Texas Intermediate របស់អាមេរិក មានតម្លៃ ៩២,០៣ដុល្លារ ក្នុងមួយបារ៉ែល ដែលក៏ធ្លាក់ចុះជាង៤% ផងដែរ។
ខណៈព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងអាចកើតមាននេះ បានលេចឡើងនៅចុងសប្តាហ៍ ក្រុមអ្នករិះគន់ រួមទាំងអតីតរដ្ឋមន្ត្រីការបរទេស លោក Mike Pompeo និងសមាជិកសភាគណបក្សប្រជាធិបតេយ្យ បានលើកឡើងថា វាមិនខុសច្រើនពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលអតីតប្រធានាធិបតី លោក Barack Obama បានចរចា ហើយលោក ត្រាំ បានដកខ្លួនចេញក្នុងអាណត្តិដំបូងរបស់លោក។
សមាជិកព្រឹទ្ធសភាអាមេរិក លោក Chris Van Hollen បាននិយាយថា ស៊ុមកិច្ចព្រមព្រៀងនេះ មិនខុសអ្វីពី «ស្ថានភាពមុនសង្គ្រាម» ជាមួយអ៊ីរ៉ង់នោះទេ។
លោក Van Hollen បាននិយាយក្នុងកម្មវិធី “Fox News Sunday” ថា៖ «ខ្ញុំគិតថា នេះគឺជាកំហុសធ្ងន់មួយ។ នៅពេលអ្នកកំពុងជីករណ្តៅ អ្នកគួរឈប់ជីកបន្ថែម ហើយវាហាក់ដូចជាអ្វីដែលយើងកំពុងធ្វើនៅទីបំផុត»។
ជាការឆ្លើយតប លោក ត្រាំ ដែលក៏រងការរិះគន់ពីក្រុមអភិរក្សនិយមតឹងរ៉ឹងជុំវិញឆន្ទៈរបស់លោកក្នុងការសម្របសម្រួលជាមួយអ៊ីរ៉ង់ បាននិយាយថា៖«ប្រសិនបើខ្ញុំធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ វានឹងក្លាយជាកិច្ចព្រមព្រៀងល្អ និងត្រឹមត្រូវ។ ដូច្នេះ កុំស្តាប់អ្នកបរាជ័យ ដែលរិះគន់អ្វីដែលពួកគេមិនដឹង»។
ក្នុងឧបសគ្គសក្តានុពលមួយទៀត ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយថា ទីក្រុងតេអេរ៉ង់មានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz ទោះបីមិនច្បាស់ថា នេះមានន័យថា អ៊ីរ៉ង់នឹងបន្តសម្រេចថា នាវាណាអាចឆ្លងកាត់បានក៏ដោយ។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា នាវាចំនួន៣៣គ្រឿង បានឆ្លងកាត់ច្រកសមុទ្រនេះក្នុងរយៈពេល២៤ម៉ោងចុងក្រោយ បន្ទាប់ពីទទួលបានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់ ដែលនៅតែទាបជាងចំនួនប្រមាណ១៤០គ្រឿងក្នុងមួយថ្ងៃ មុនពេលសង្គ្រាមផ្ទុះឡើង។
កិច្ចព្រមព្រៀងណាមួយដែលអាចពង្រឹងបទឈប់បាញ់ដ៏ផុយស្រួយបច្ចុប្បន្ន នឹងជួយបន្ធូរបន្ថយសម្ពាធលើទីផ្សារ ប៉ុន្តែមិនអាចបញ្ចប់វិបត្តិថាមពលសកលភ្លាមៗបានទេ ដែលបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈ ជី និងអាហារកើនឡើង។
ប្រធានក្រុមហ៊ុនប្រេងជាតិ Abu Dhabi បាននិយាយកាលពីសប្តាហ៍មុនថា ទោះបីសង្គ្រាមបញ្ចប់នៅពេលនេះក៏ដោយ ការដឹកជញ្ជូនពេញលេញឆ្លងកាត់ច្រក Hormuz នឹងមិនអាចត្រឡប់មកធម្មតាវិញ មុនត្រីមាសទី១ ឬទី២ ឆ្នាំ២០២៧ នោះទេ។
ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានសម្លាប់មនុស្សរាប់ពាន់នាក់នៅអ៊ីរ៉ង់ មុនពេលប្រតិបត្តិការត្រូវបានផ្អាកនៅដើមខែមេសា។
អ៊ីស្រាអែលក៏បានសម្លាប់មនុស្សរាប់ពាន់នាក់បន្ថែមទៀត និងបង្ខំឱ្យមនុស្សរាប់សែននាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅលីបង់ ក្នុងប្រតិបត្តិការប្រឆាំងក្រុម Hezbollah។ ចំណែកការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល និងបណ្តាប្រទេសឈូងសមុទ្រជិតខាង បានសម្លាប់មនុស្សរាប់សិបនាក់៕
