Close

វឌ្ឍនភាព! ត្រឹមចុងខែមីនា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរសម្រេចបាន ៩០%ហើយ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ សង្គម
វឌ្ឍនភាព! ត្រឹមចុងខែមីនា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរសម្រេចបាន ៩០%ហើយ វឌ្ឍនភាព! ត្រឹមចុងខែមីនា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរសម្រេចបាន ៩០%ហើយ

គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបានការសាងសង់ដល់ ៩០%ហើយ។ សមទ្ធិផលថ្មីនេះ ត្រូវបានផ្សព្វផ្សាយចេញនាកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ របស់គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

កិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តម តឹករ៉េត សំរេច បានឱ្យដឹងថា សមទ្ធិផល ៩០% នេះ គឺសម្រេចបានទៅតាមការគ្រោងទុករបស់ក្រុមហ៊ុនសាងសង់ ដែលបានប្ដេជ្ញាសាងសង់ កាលពីដើមខែមករាកន្លងទៅ។

ដោយឡែក បើតាមគម្រោង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះនឹងបើកឱ្យធ្វើតេស្តសាកល្បងនៅក្នុងខែឧសភាខាងមុខ និងដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣។ ជារឿងគួរសាទរផងដែរ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ខាងលើនឹងមានអគ្គីសនីប្រើប្រាស់ពេញទី តាមរយៈការតភ្ជាប់ពីអនុស្ថានីយអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។

សមិទ្ធផលដែលសម្រេចបាននាពេលនេះផងដែរ ក៏កើតឡើងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអនុវត្តគម្រោង រួមផ្សំទៅនឹងការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធផង ជាពិសេសការតម្រង់ទិស និងសម្របសម្រួលពីគណៈកម្មការដោយផ្ទាល់។ រីឯទិសដៅបន្ត គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការរួមចំណែកធានាសម្រេចឱ្យបានតាមផែនការ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន AIAI លើផ្ទៃដីប្រមាណ៧០០ហិកតា ដោយគ្រោងចំណាយទុនវិនិយោគប្រមាណ៨៨០លានដុល្លារ ជាមួយរយៈពេលសាងសង់៣ឆ្នាំក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល៥៥ឆ្នាំ។ គម្រោងព្រលានយន្តហោះនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅអំឡុងខែតុលា ឆ្នាំ២០២៣៕

អត្ថបទទាក់ទង