ICC ចាប់ផ្តើមបើកសវនាការជំនុំជម្រះ លោក Duterte នៅថ្ងៃច័ន្ទ នេះ
ទីក្រុងឡាអេ៖ តុលាការឧក្រឹដ្ឋ International Criminal Court (ICC) ចាប់ផ្តើមសវនាការនៅថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ ដើម្បីសម្រេចថា តើអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte គួរត្រូវបានបន្តទៅកាន់ការជំនុំជម្រះ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលពាក់ព័ន្ធនឹងយុទ្ធនាការបង្ក្រាបគ្រឿងញៀនដ៏សាហាវរបស់លោក ឬអត់។
សវនាការ “ការបញ្ជាក់ការចោទប្រកាន់” ដែលមានរយៈពេលបួនថ្ងៃ នឹងវាយតម្លៃថា តើមានភស្តុតាងគ្រប់គ្រាន់ដើម្បីបន្តការជំនុំជម្រះឬទេ។ បន្ទាប់ពីបញ្ចប់សវនាការ ចៅក្រមនឹងមានរយៈពេល ៦០ថ្ងៃ ដើម្បីចេញសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ។
លោក Duterte វ័យ ៨០ ឆ្នាំ នឹងមិនបង្ហាញខ្លួនផ្ទាល់នៅសវនាការនោះទេ បន្ទាប់ពីតុលាការអនុញ្ញាតឱ្យលោកលះបង់សិទ្ធិបង្ហាញខ្លួន ទោះបីជាចៅក្រមវាយតម្លៃថា លោកសមស្របចូលរួមក៏ដោយ។

រដ្ឋអាជ្ញា ICC បានចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំនួន ៣ ករណី ដោយអះអាងថា លោកមានពាក់ព័ន្ធនឹងអំពើឃាតកម្មយ៉ាងហោចណាស់ ៧៦ ករណី ចន្លោះឆ្នាំ ២០១៣ ដល់ ២០១៨។ ទោះយ៉ាងណា ចំនួនពិតនៃអ្នកស្លាប់ក្នុងអំឡុងយុទ្ធនាការប្រឆាំងគ្រឿងញៀន ត្រូវបានគេជឿថា អាចមានរាប់ពាន់នាក់។ មេធាវីតំណាងជនរងគ្រោះអះអាងថា ការជំនុំជម្រះពេញលេញអាចជំរុញឱ្យគ្រួសារជាច្រើនទៀតចេញមុខស្វែងរកយុត្តិធម៌។
លោក Duterte ដែលកាន់តំណែងប្រធានាធិបតីពីឆ្នាំ ២០១៦ ដល់ ២០២២ ត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីល កាលពីខែមីនា ឆ្នាំមុន ហើយបញ្ជូនទៅប្រទេសហូឡង់។ បច្ចុប្បន្ន លោកត្រូវបានឃុំខ្លួននៅមណ្ឌលឃុំខ្លួនរបស់ ICC ក្នុងពន្ធនាគារ Scheveningen។ លោកបានចូលរួមសវនាការដំបូងតាមប្រព័ន្ធវីដេអូ បីថ្ងៃបន្ទាប់ពីការចាប់ខ្លួន ដោយបង្ហាញសភាពហត់នឿយ និងនិយាយតិចតួច។
ការចោទប្រកាន់ទី១ ពាក់ព័ន្ធនឹងការសម្លាប់ ១៩ ករណី នៅចន្លោះឆ្នាំ ២០១៣–២០១៦ ខណៈលោកធ្លាប់ជាអភិបាលក្រុង Davao។
ការចោទប្រកាន់ទី២ ទាក់ទងនឹងការសម្លាប់ ១៤ ករណី ដែលត្រូវបានកំណត់ថាជា “គោលដៅតម្លៃខ្ពស់” នៅឆ្នាំ ២០១៦–២០១៧។
ការចោទប្រកាន់ទី៣ គ្របដណ្តប់លើការសម្លាប់ ៤៣ ករណី ក្នុងប្រតិបត្តិការ “បោសសម្អាត” អ្នកប្រើប្រាស់ និងអ្នកជួញដូរគ្រឿងញៀនកម្រិតទាប នៅទូទាំងប្រទេស ចន្លោះឆ្នាំ ២០១៦–២០១៨។
លោក Duterte បដិសេធការចោទប្រកាន់ទាំងនេះ។ មេធាវីការពារក្តីរបស់លោក គឺលោក Nicholas Kaufman បានបញ្ជាក់ថា លោកនឹងប្រយុទ្ធតាមផ្លូវច្បាប់។
អង្គការ Human Rights Watch បានលើកឡើងថា សវនាការនេះជាជំហានសំខាន់មួយក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនៃយុទ្ធនាការប្រឆាំងគ្រឿងញៀននៅហ្វីលីពីន។

ករណីនេះកើតឡើងនៅពេលដែល ICC កំពុងប្រឈមមុខនឹងសម្ពាធនយោបាយអន្តរជាតិ រួមទាំងការដាក់ទណ្ឌកម្មពី សហរដ្ឋអាមេរិក ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥។ ទោះបីជា ហ្វីលីពីន បានដកខ្លួនចេញពី ICC នៅឆ្នាំ២០១៩ តាមការណែនាំរបស់លោក Duterte ក៏ដោយ តុលាការបានសម្រេចថា ខ្លួននៅតែមានសមត្ថកិច្ចលើឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ ចន្លោះឆ្នាំ២០១១–២០១៩។ សំណើឧទ្ធរណ៍របស់ក្រុមការពារក្តីនៅតែរង់ចាំការសម្រេច។
លោក Duterte គឺជាអតីតប្រមុខរដ្ឋអាស៊ីដំបូងគេ ដែលត្រូវបង្ហាញខ្លួននៅចំពោះមុខ ICC ហើយនៅតែមានការគាំទ្រខ្លាំងក្នុងប្រទេស ដែលមនុស្សជាច្រើនគាំទ្រវិធានការតឹងរ៉ឹងរបស់លោកប្រឆាំងឧក្រិដ្ឋកម្ម។
សម្រាប់ថ្ងៃច័ន្ទនេះ មានបាតុកម្មពីរក្រុមត្រូវបានគ្រោងធ្វើនៅទីក្រុងឡាអេ មួយគាំទ្រលោក Duterte និងមួយទៀតគាំទ្រជនរងគ្រោះ។ AFP

