Close

អាមេរិកបញ្ជូនយន្តហោះចម្បាំង F-35 ទៅជិតមជ្ឈិមបូព៌ា

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានអន្តរជាតិ
អាមេរិកបញ្ជូនយន្តហោះចម្បាំង F-35 ទៅជិតមជ្ឈិមបូព៌ា អាមេរិកបញ្ជូនយន្តហោះចម្បាំង F-35 ទៅជិតមជ្ឈិមបូព៌ា

យន្តហោះចម្បាំងអាមេរិកប្រភេទបំបាំងកាយជាច្រើន ត្រូវបានបញ្ជូនទៅជិតតំបន់មជ្ឈិមបូព៌ា នៅថ្ងៃទី៩ ខែកុម្ភៈ ខណៈដែលយន្តហោះជំនាន់ទី៥ F-35A Lightning II បានចុះចតនៅមូលដ្ឋាន RAF Lakenheathរបស់ ចក្រភពអង់គ្លេស បន្ទាប់ពីឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។ នេះបើយោងតាមទិន្នន័យតាមដានការហោះហើរ និងការទំនាក់ទំនងត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសបានបង្ហាញ។

ការបញ្ជូនទយន្តហោះទាំងនេះ ធ្វើឡើងក្នុងបរិបទដែលសហរដ្ឋអាមេរិកកំពុងពង្រឹងថាមពលអាកាស និងសមត្ថភាពការពារដែនអាកាស នៅតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប ខណៈដែលរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមអំពីសកម្មភាពយោធាប្រឆាំងអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងរារាំងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះមិនទទួលបានវឌ្ឍនភាព។

យន្តហោះ F-35A ទាំងនេះ មកពីអង្គភាព 158th Fighter Wing នៃឆ្មាំការពារជាតិអាកាស Vermont បានចាកចេញពីមូលដ្ឋាន Burlington Air National Guard នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ដោយប្រើសញ្ញាហៅចាប់ពី Tabor 41 ដល់ Tabor 46។ យន្តហោះចម្បាំងទាំងនោះ ត្រូវបានអមដំណើរដោយយន្តហោះចាក់ប្រេង KC-135 Stratotanker ចំនួន ៣ គ្រឿង ដែលបានហោះចេញពីមូលដ្ឋាន Bangor Air National Guard រដ្ឋ Maine ដោយប្រើសញ្ញាហៅ “Gold 81”, “Gold 82” និង “Gold 83”។

 

ទិន្នន័យតាមដានការហោះហើរបានបង្ហាញថា យន្តហោះចាក់ប្រេងទាំងនេះ បានចុះចតនៅមូលដ្ឋាន RAF Mildenhall ដែលស្ថិតនៅជិត RAF Lakenheath។ បន្ទាប់មក ក្រុមយន្តហោះនេះ បានបន្ថែមយន្តហោះ F-35 ចំនួន ៦ គ្រឿងទៀត ពីក្រុមដែលធ្វើដំណើរតាមរយៈប្រទេសអេស្ប៉ាញ។ យន្តហោះទាំងនោះ បានមកដល់អឺរ៉ុបតាំងពីខែមុន បន្ទាប់ពីហោះចេញពីព័រតូរីកូ និងឈប់សំចតនៅតំបន់អាហ្សូរ៉ា របស់ប្រទេសព័រទុយហ្គាល់។

នៅដើមឆ្នាំនេះ អង្គភាពដែលមានជំនាញក្នុងការបង្ក្រាបប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ បានចូលរួមក្នុងប្រតិបត្តិការ Absolute Resolve ដែលជាបេសកកម្មរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការចាប់ខ្លួន អតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ។

គួរបញ្ជាក់ថា យន្តហោះ F-35A របស់កងទ័ពអាកាសអាមេរិក រួមជាមួយយន្តហោះប្រភេទផ្សេងៗទៀត ក៏ត្រូវបានប្រើប្រាស់ក្នុងការបង្ក្រាបប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ និងអមដំណើរយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit ចំនួន ៧ គ្រឿង ក្នុងប្រតិបត្តិការ Midnight Hammer ដែលបានវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីខែមិថុនាកន្លងទៅ។

នៅពេលនោះ លោក ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកបានកម្ទេចគ្រឿងបរិក្ខារសំខាន់ៗរបស់អ៊ីរ៉ង់។ ការវាយប្រហារនោះ រួមមានការប្រើប្រាស់គ្រាប់បែក GBU-57 Massive Ordnance Penetrator ចំនួន ១៤ គ្រាប់ ពីយន្តហោះ B-2 និងមីស៊ីល Tomahawk cruise ដែលបាញ់ចេញពីនាវាមុជទឹក ប្រឆាំងនឹងគោលដៅចំនួន ៣ កន្លែង។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានប្រាប់អ្នកសារព័ត៌មានថា ការវាយប្រហារនោះ បានធ្វើឱ្យកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ខូចខាត និងថយក្រោយប្រហែល ១ ដល់ ២ ឆ្នាំ។

បច្ចុប្បន្ន មានយន្តហោះ F-35 មួយចំនួនកំពុងប្រតិបត្តិការរួចហើយនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយបានដាក់ពង្រាយលើនាវាផ្ទុកយន្តហោះ USS Abraham Lincoln។ នៅខែនេះ យន្តហោះ F-35C មួយគ្រឿង ដែលហោះចេញពីនាវានោះ បានបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ Shahed-139 មួយគ្រឿង ដែលគ្មានអាវុធ និងត្រូវបានសង្ស័យថា កំពុងហោះទៅរកនាវាផ្ទុកយន្តហោះ។

នាវា Abraham Lincoln មានផ្ទុកយន្តហោះចម្បាំង F-35C ពីកងអនុសេនាធំ VMFA-314 ព្រមទាំងយន្តហោះចម្បាំង F/A-18 Super Hornet និងយន្តហោះវាយប្រហារតាមប្រព័ន្ធអេឡិចត្រូនិក EA-18 ផងដែរ។

យោធាអាមេរិក មិនទាន់បានប្រកាសជាផ្លូវការអំពីការមកដល់ថ្មីនៃយន្តហោះ F-35 នៅ RAF Lakenheath នៅឡើយទេ ខណៈមូលដ្ឋាននេះ តែងតែត្រូវបានប្រើជាកន្លែងឈប់សំចតសម្រាប់កងយន្តហោះ ដែលធ្វើដំណើរពីសហរដ្ឋអាមេរិកទៅកាន់តំបន់មជ្ឈិមបូព៌ា។

គិតត្រឹមថ្ងៃទី៩ ខែកុម្ភៈ សហរដ្ឋអាមេរិកបានបង្កើនការដាក់ពង្រាយយន្តហោះចម្បាំងនៅមជ្ឈិមបូព៌ា រួមមាន កងអនុសេនាធំ F-15E ចំនួន ៣ កងអនុសេនាធំ F-16 ចំនួន ១ និងកងអនុសេនាធំ A-10 Thunderbolt II ចំនួន ១។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏បានបន្ថែមប្រព័ន្ធការពារមីស៊ីល Patriot និង THAAD នៅក្នុងតំបន់ផងដែរ។

ទិន្នន័យតាមដានការហោះហើរ បង្ហាញទៀតថា យន្តហោះដឹកជញ្ជូនធុនធ្ងន់ C-17 Globemaster III និង C-5 Galaxy ជាង ១០០ ជើងហោះហើរ បានធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា។ ជាមួយគ្នានេះ យោធាអាមេរិកក៏បានបង្ហាញជាសាធារណៈអំពីការដាក់ពង្រាយឧទ្ធម្ភាគចក្រស្វែងរក និងជួយសង្គ្រោះប្រភេទថ្មី HH-60W Jolly Green II ទៅកាន់តំបន់ផងដែរ។

ការប្រមូលផ្តុំថាមពលអាកាសរបស់សហរដ្ឋអាមេរិកនេះ ត្រូវបានបង្ហាញជាសាធារណៈមួយផ្នែក ក្នុងពិធីគោរពយោធា មុនការប្រកួត Super Bowl កាលពីថ្ងៃទី៨ ខែកុម្ភៈ ដោយយន្តហោះ F-15E និងអាកាសយានិក នៃ 332nd Air Expeditionary Wing ត្រូវបានបង្ហាញក្នុងការផ្សាយផ្ទាល់តាមទូរទស្សន៍ ដែលបានកំណត់ទីតាំងថា ស្ថិតនៅតំបន់មជ្ឈិមបូព៌ា៕

អត្ថបទទាក់ទង