Close

ក្រុមហ៊ុនជប៉ុន នៅវៀតណាម រកប្រាក់ចំណេញបានខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនជប៉ុន នៅវៀតណាម រកប្រាក់ចំណេញបានខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ ក្រុមហ៊ុនជប៉ុន នៅវៀតណាម រកប្រាក់ចំណេញបានខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ

ទីក្រុងហូជីមិញ (VNA)៖ នៅឆ្នាំ២០២៥ ក្រុមហ៊ុនជប៉ុនដែលកំពុងប្រតិបត្តិការនៅប្រទេសវៀតណាម បានបង្ហាញពីចក្ខុវិស័យរកប្រាក់ចំណេញបានខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីសន្ទុះអាជីវកម្មដ៏រឹងមាំ ទោះបីជានៅតែប្រឈមមុខនឹងឧបសគ្គពាក់ព័ន្ធនឹងស្ថាប័ន នីតិវិធីរដ្ឋបាល និងធនធានមនុស្សក៏ដោយ។ នេះបើយោងតាមការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។

ការស្ទង់មតិ JETRO ឆ្នាំ២០២៥ ស្តីពីលក្ខខណ្ឌអាជីវកម្មរបស់ក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅក្រៅប្រទេស បង្ហាញថា ៦៧,៥% នៃក្រុមហ៊ុនជប៉ុននៅវៀតណាម រំពឹងថានឹងរកបានប្រាក់ចំណេញនៅឆ្នាំនេះ កើនឡើង ៣,៤ ពិន្ទុធៀបនឹងឆ្នាំ២០២៤ និងជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៩។ ជាការកត់សម្គាល់ នេះជាលើកទីមួយក្នុងរយៈពេល ៥ ឆ្នាំ ដែលវៀតណាមមានសមាមាត្រប្រាក់ចំណេញលើសមធ្យមភាគអាស៊ាន ដែលមានត្រឹម ៦៥,៣%។

ក្រុមហ៊ុនជប៉ុននៅវៀតណាមរកប្រាក់ចំណេញបានខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ

ទន្ទឹមនឹងនេះ សមាមាត្រនៃក្រុមហ៊ុនដែលព្យាករថានឹងខាតបង់ បានធ្លាក់ចុះមកត្រឹម ១៧,៦% ធ្លាក់ចុះ ១,៧ ពិន្ទុពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាការកែលម្អជាប់ៗគ្នាឆ្នាំទីពីរ។ ក្នុងវិស័យផលិតកម្ម សមាមាត្រក្រុមហ៊ុនរកបានប្រាក់ចំណេញបានកើនដល់ ៧៤,១% កើនឡើង ៣,៩ ពិន្ទុ ខណៈសមាមាត្រខាតបង់បានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម ១៣%។ ការកើនឡើងគួរឱ្យកត់សម្គាល់លើសពី ១៥ ពិន្ទុ ត្រូវបានកត់ត្រានៅក្នុងឧស្សាហកម្មក្រដាស ផលិតផលឈើ និងការបោះពុម្ព សមាសធាតុអគ្គិសនី និងអេឡិចត្រូនិក ព្រមទាំងដែក ដែកថែប និងលោហធាតុមិនមែនដែក។

ចំពោះវិស័យមិនមែនផលិតកម្ម ៦១,២% នៃក្រុមហ៊ុនបានរាយការណ៍ថា ទទួលបានប្រាក់ចំណេញ កើនឡើង ៣,៣ ពិន្ទុ បើទោះបីសមាមាត្រខាតបង់បានកើនដល់ ២២% ក៏ដោយ។ វិស័យជួលអចលនទ្រព្យ ការអប់រំ និងការថែទាំសុខភាព បានឃើញការកែលម្អប្រាក់ចំណេញលើសពី ២០ ពិន្ទុ ខណៈវិស័យឧបករណ៍ដឹកជញ្ជូន រ៉ែ ថាមពល ទេសចរណ៍ ការកម្សាន្ត ការលក់រាយ និងសេវាកម្មម្ហូបអាហារ នៅតែមានអត្រាប្រាក់ចំណេញក្រោម ៥០%។

JETRO បានបញ្ជាក់ថា ការស្ទុះងើបឡើងវិញនៃវិស័យផលិតកម្ម ជាចម្បងបណ្តាលមកពីតម្រូវការនាំចេញកាន់តែខ្លាំង ខណៈកំណើនតម្រូវការក្នុងស្រុក គឺជាកត្តាជំរុញសំខាន់សម្រាប់ក្រុមហ៊ុនមិនមែនផលិតកម្ម។ ទោះជាយ៉ាងណា ការប្រកួតប្រជែងកាន់តែខ្លាំង និងការកើនឡើងនៃថ្លៃពលកម្ម នៅតែជាហានិភ័យធំ។

សម្រាប់ទស្សនវិស័យឆ្នាំ២០២៦ ក្រុមហ៊ុនចំនួន ៤៧,៦% រំពឹងថាប្រាក់ចំណេញនឹងប្រសើរឡើង ប៉ុន្តែជាង ៣០% នៃក្រុមហ៊ុនផលិតឧបករណ៍ដឹកជញ្ជូន និងគ្រឿងបន្លាស់ ព្យាករថាអាចប្រឈមការធ្លាក់ចុះក្នុងដំណើរការ។ ក្នុងរយៈពេល ១ ទៅ ២ ឆ្នាំខាងមុខ ៥៦,៩% នៃក្រុមហ៊ុនជប៉ុននៅវៀតណាម គ្រោងនឹងពង្រីកប្រតិបត្តិការ កើនឡើង ០,៨ ពិន្ទុពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យវៀតណាមនៅតែឈរនៅកំពូលអាស៊ាន សម្រាប់ចេតនាពង្រីកអាជីវកម្មជាប់ៗគ្នាឆ្នាំទីពីរ។ មានតែ ៤,២% ប៉ុណ្ណោះដែលរំពឹងថានឹងបង្រួមប្រតិបត្តិការ និងគ្រាន់តែ ០,៧% ពិចារណាផ្លាស់ប្តូរ ឬដកចេញពីទីផ្សារ។

ទាក់ទងនឹងពន្ធគយទៅវិញទៅមករបស់សហរដ្ឋអាមេរិក JETRO បានឲ្យដឹងថា ៣៥% នៃក្រុមហ៊ុនជប៉ុននៅវៀតណាម នាំចេញទៅកាន់ទីផ្សារអាមេរិក ដែលខ្ពស់ជាងមធ្យមភាគអាស៊ាន។ ប្រហែលមួយភាគបីនៃអ្នកនាំចេញទាំងនេះ បានរាយការណ៍ពីផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង ជាចម្បងដោយសារតម្រូវការនៅសហរដ្ឋអាមេរិកចុះខ្សោយ បើទោះបីមានក្រុមហ៊ុនជាច្រើនកំពុងឆ្លើយតបតាមរយៈការកាត់បន្ថយថ្លៃដើម ការចរចាតម្លៃឡើងវិញ និងការធ្វើពិពិធកម្មទីផ្សារក៏ដោយ។

គុណសម្បត្តិសំខាន់ៗនៃការវិនិយោគនៅវៀតណាម ត្រូវបានក្រុមហ៊ុនជប៉ុនលើកឡើងថា រួមមានទំហំទីផ្សារ និងសក្តានុពលកំណើន (៦៨,៤%) តម្លៃពលកម្មទាប (៥៥,២%) និងស្ថិរភាពនយោបាយ និងសង្គម (៥៣,២%) ដែលទាំងអស់នេះលើសមធ្យមភាគអាស៊ាន។ ផ្ទុយទៅវិញ នីតិវិធីរដ្ឋបាលស្មុគស្មាញនៅតែជាកង្វល់ចម្បង ដែលត្រូវបានលើកឡើងដោយក្រុមហ៊ុន ៦៧,៥% រួមជាមួយបញ្ហាតម្លាភាពផ្លូវច្បាប់ និងការកើនឡើងនៃថ្លៃពលកម្ម។

JETRO បានប៉ាន់ប្រមាណថា ការវិនិយោគរបស់ជប៉ុននៅវៀតណាមក្នុងឆ្នាំ២០២៥ មានប្រមាណ ៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩,៥% ធៀបនឹងឆ្នាំ២០២៤ ជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើវិស័យបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាខ្ពស់។ អង្គការនេះបានសង្កត់ធ្ងន់ថា ខណៈវៀតណាមនៅតែជាគោលដៅវិនិយោគឈានមុខគេក្នុងអាស៊ាន ការកែទម្រង់រដ្ឋបាលបន្ថែម ការពង្រឹងតម្លាភាពច្បាប់ និងការអភិវឌ្ឍកម្លាំងពលកម្ម គឺជាកត្តាសំខាន់សម្រាប់ការទ្រទ្រង់ភាពទាក់ទាញរយៈពេលវែង៕

អត្ថបទទាក់ទង