ចូលឆ្នាំ ២០២៦ភ្លាម ខេត្តព្រះសីហនុទាក់ទាញទុនវិនិយោគជាង ២០០លានដុល្លារ
ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដែលជាការលើកទឹកចិត្តពិសេស ក្នុងខេត្តព្រះសីហនុសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ២៤ ក្នុងខេត្តព្រះសីហនុ សម្រាប់ដើមឆ្នាំ ២០២៦ ក្រោមទុនវិនិយោគជាង ២០៨ លានដុល្លារអាមេរិក។
សេចក្តីសម្រេចខាងលើនេះ ធ្វើឡើង នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៦ ក្នុងគ្រាដែល លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដែលជាការលើកទឹកចិត្តពិសេស ក្នុងខេត្តព្រះសីហនុ ចំនួន ២៥ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១ ០១៧ លានដុល្លារអាមេរិក ។

យោងតាម លទ្ធផល នៃកិច្ចប្រជុំ ឱ្យដឹងថា អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ២៤ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៨, គម្រោងថ្មី ចំនួន ១៥ និង គម្រោងពង្រីក ចំនួន ១ ដែលមានទុនវិនិយោគសរុបប្រមាណ ២០៨ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារបានប្រមាណ ៣ ១២០ កន្លែង ។ គម្រោងទាំង ២៤ នេះ មានជាអាទិ៍ រោងចក្រផលិត និង ដំឡើងឧបករណ៍ចម្អិន, រោងចក្រផលិតប្រេងសម្រាប់ឧស្សាហកម្មកែច្នៃផលិតផលកៅស៊ូ, រោងចក្រផលិតសម្ភារៈពេទ្យ, គម្រោងរោងចក្រកែច្នៃម្សៅត្រី, អគារពហុមុខងារ និង អគារស្នាក់នៅរួម។
នាឱកាសនោះលោកបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គប្រជុំថា បន្ទាប់ពីក្រុមការងារសម្រេចជាគោលការណ៍ផ្តល់ ការលើកទឹកចិត្តពិសេសដល់គម្រោងនានាហើយ, ក្រុមការងារ និង ក្រសួង ស្ថាប័ន ត្រូវបន្តជួយសម្របសម្រួល ដោះស្រាយបញ្ហា សំណូមពរ សម្រួលនីតិវិធី និង ផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ផ្នែកគយ និង ការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និង វិញ្ញាបនបត្រ រួមទាំងការចុះបញ្ជីក្រុមហ៊ុន និង ការចេញប្រកាសបើករោងចក្រ ជាដើម ដើម្បីឱ្យវិនិយោគិន អាចដំណើរការវិនិយោគដោយរលូន ។
លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលសម្រេចឯកភាពជាគោលការណ៍ក្នុងការបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រយៈពេល ២ ឆ្នាំ រហូតដល់ដំណាច់ឆ្នាំ ២០២៧ ដោយបន្ថែមវិធានការចំនួន ៤ ទៀត ដើម្បីបន្តជំរុញសកម្មភាពវិនិយោគ និង ធុរកិច្ច សំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និង ជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ។

ផ្អែកតាមនេះ, ក្រុមការងារមានភារកិច្ចស្នូល ឬ ការងារសំខាន់ៗចំនួន ៤ : ការងារទី១ គឺផ្តល់គោលការណ៍លើកទឹកចិត្ត, ការងារទី២ គឺផ្តល់ការលើកទឹកចិត្តជាក់ស្តែង, ការងារទី៣ គឺខិតខំជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ឱ្យបានជាអតិបរិមា និង ការពង្រឹងសមត្ថភាពកម្មករ និយោជិត និង ផលិតករ រួមទាំង ការផ្ទេរជំនាញ និង បច្ចេកវិទ្យា, និង ការងារទី៤ គឺជំរុញការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និង ការតភ្ជាប់ឧស្សាហកម្ម ។
សូមជម្រាបជូនថា ក្នុងឆ្នាំ ២០២៤-២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៤១២ ដែលមានទុនវិនិយោគសរុបប្រមាណ ៧ ៩៧១ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារ ៥២ ០០៤ កន្លែង ។ ក្នុងនោះ, គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៩៤ គម្រោង, គម្រោងវិនិយោគថ្មី ១៧៨ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និង គម្រោងវិនិយោគមានស្រាប់ ១៥ គម្រោង ។

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធនឹងការវិនិយោគ ។
វិនិយោគិនអាចទំនាក់ទំនងតាមបណ្តាការិយាល័យ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ៖ ១). ការិយាល័យក្រុងព្រះសីហនុ ស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ ទូរស័ព្ទ ៖ (+៨៥៥) ១២ ៩០២ ២០០, (+៨៥៥) ៨៩ ៧២៦ ០២៨ និង (+៨៥៥) ១៦ ៣២១ ០១០ និង ២). ការិយាល័យរាជធានីភ្នំពេញ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ ទូរស័ព្ទ ៖ (+៨៥៥) ៩៣ ៨៥៨ ៥៤៣ ៕
