ល្ងាចនេះ ! គោជំទង់កម្ពុជា ដែលហ្វឹកហាត់ត្រៀមស៊ីហ្គេម ត្រូវប្រកួតជាមួយ ម៉ាឡេស៊ី ក្នុងពានរង្វាន់ Merlion Cup 2023
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ដែលកំពុងធ្វើការបោះជំរុំហ្វឹកហាត់ ដំណាក់ការទីពីរនៅក្នុងប្រទេសសិង្ហបុរី ត្រៀមលេងស៊ីហ្គេមលើកទី៣២ នោះ នឹងត្រូវប្រកួតជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម២២ឆ្នាំ ក្នុងពានរង្វាន់ Merlion Cup 2023។
នៅក្នុងពានរង្វាន់ខាងលើនេះ គឺមានតែ៤ប្រទេសប៉ុណ្ណោះ ដែលមកចូលរួមធ្វើការប្រកួតប្រជែងដែលក្នុងនោះរួមមានក្រុមម្ចាស់ផ្ទះ សិង្ហបុរី, កម្ពុជា, ហុងកុង និងក្រុមជម្រើសជាតិម៉ាឡេស៊ី។
សម្រាប់រូបមន្តនៃការប្រកួតគឺ គេយកក្រុមដែលឈ្នះ ប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ហើយក្រុមដែលចាញ់នឹងធ្វើការដណ្តើមយកចំណាត់ថ្នាក់លេខ៣ ខណៈការប្រកួតនោះ នឹងធ្វើឡើងនៅថ្ងៃ អាទិត្យ ទី ២៦ ខែមីនា ឆ្នាំ២០២៣នេះ។
ប្រវត្តិជួបគ្នា ៣ ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ និងក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម២២ឆ្នាំ គឺឃើញថា កម្ពុជាធ្វើបានល្អជាង ពោលគឺកម្ពុជា ឈ្នះ ២ និងស្មើ ១។
មែនទែនទៅ ការប្រកួតក្នុងពានរង្វាន់ខាងលើនេះ អាចចាត់ទុកបានថាគឺជាការកម្ដៅសាច់ដុំមួយដែរ សម្រាបក្រុមជម្រើសជាតិកម្ពុជា មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មកដល់ក្នុងខែឧសភា នេះ។
គួររំលឹកថា ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ សិង្ហបុរី បានលើកពាន Merlion Cup ២០១៩ បន្ទាប់ពីយកឈ្នះថៃ ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ៕