លោក កែវ រ៉េមី ៖ ការឈ្លានពានពីថៃលើកម្ពុជា ប៉ះពាល់ដល់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
តាកែវ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការឈ្លានពានពីសំណាក់ប្រទេសថៃលើប្រទេសកម្ពុជា បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់ពលរដ្ឋកម្ពុជា ខណៈលោកសង្កត់ធ្ងន់ថា គ្មានទេសិទ្ធិមនុស្ស ដរាបណាប្រទេសគ្មានសន្តិភាព។
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នៅសាលាខេត្តតាកែវ។
នាឱកាសនោះ លោក ទេសរដ្ឋមន្ត្រី បានលើកឡើងថា សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ គឺជាសិទ្ធិមូលដ្ឋានគោលដ៏សំខាន់របស់មនុស្ស ក្នុងចំណោមសិទ្ធិសំខាន់ៗដទៃទៀត ដែលត្រូវបានការពារនិងលើកកម្ពស់ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។
លោកទេសរដ្ឋមន្ត្រីបន្តថា ទន្ទឹមគ្នា នេះរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ព្រមទាំងវិធានការនានាតាមវិស័យ សំដៅធានាការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក៏ដូចជាការអនុវត្តកតិកាសញ្ញាអន្តរជាតិនេះផងដែរ។
លោកបានលើកឡើងទៀតថា សភាពការណ៍នៅលើសកលលោកនាពេលបច្ចុប្បន្នមានទំនោរបង្កាត់ភ្លើងសង្គ្រាម ដែលបានប៉ះពាល់ដល់សិទ្ធិមនុស្សយ៉ាងខ្លាំង ព្រោះសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិចម្បងគេ ក៏មិនត្រូវបានធានាដែរ ហេតុនេះ ការចូលរួមថែរក្សានិងការពារសន្តិភាព គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីធានាសិទ្ធិសេរីភាពជាមូលដ្ឋាន និងវឌ្ឍនភាពរបស់ប្រជាជនកម្ពុជា។
បើតាមលោក ទេសរដ្ឋមន្ត្រី ប្រទេសកម្ពុជា គឺជាប្រទេសដែលស្រឡាញ់សន្តិភាព និងខិតខំប្រឹងប្រែងធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងសុខដុមរមនាក្នុងតំបន់ ព្រោះមានសន្តិភាព ទើបមានលទ្ធភាពក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៌។
លោកទេសរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្នុងរយៈពេលចុងក្រោយ អំពើឈ្លានពានពីសំណាក់ប្រទេសថៃលើប្រទេសកម្ពុជា គឺជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស ដែលមានចែងក្នុងកតិកាសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រួមមានសិទ្ធិលំនៅឋាន សិទ្ធិសុខភាព សិទ្ធិទទួលបានការអប់រំ សិទ្ធិការងារជាដើម។
លោក ក៍បានលើកឡើងផងដែរថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសឈានមុខមួយក្នុងតំបន់អាស៊ាន ដោយបានផ្តល់សច្ចាប័ន លើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោមសន្ធិសញ្ញាសំខាន់ៗចំនួន៩ រួមទាំង ពិធីសារបន្ថែមចំនួន៤ទៀតផងដែរ។ បន្ថែមលើនេះ កម្ពុជាក៏បានបន្តអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងអ្នករាយការណ៍ពិសេសទទួលបន្ទុក សិទ្ធិមនុស្សប្រចាំកម្ពុជា ហើយតែងតែទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសតាមវិស័យជាបន្តបន្ទាប់ តាមការស្នើសុំ។
កត្តាធំៗទាំងនេះ គឺជាភស្តុតាង និងសក្ខីកម្មយ៉ាងរឹងមាំនិងមិនអាចប្រកែកបាន អំពីសុឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារយៈពេលកន្លងមក និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គ្មានទេសិទ្ធិមនុស្ស ដរាបណាប្រទេសគ្មានសន្តិភាព ដូចនេះមានតែយើងទាំងអស់គ្នាខិតខំចូលរួមជួយថែរក្សាសុខសន្តិភាព។ ទន្ទឹមនឹងនោះផងដែរសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានការយកចិត្តទុកដាក់ខ្លាំងណាស់ ព្រមទាំងរិះរកគ្រប់នីតិវិធីដើម្បីអោយថៃធ្វើការដោះលែងវរៈកងទ័ពរបស់យើងទាំង១៨នាក់ អោយត្រឡប់មកមាតុភូមិយើងវិញ។
លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងក្នុងឱកាសសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR)
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង: ផ្សព្វផ្សាយឱ្យបានទូលំទូលាយរហូតទៅដល់ថ្នាក់ក្រោមជាតិ អំពីកិច្ចខិតខំប្រឹងប្រែង រួមជាមួយនឹងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា
បង្ហាញឱ្យឃើញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ក្នុងការដាក់របាយការស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR)។
ផ្សព្វផ្សាយឱ្យបានយល់ច្បាស់ពីដំណើរការការពារ និងសេចក្តីអង្កេតសន្និដ្ឋាននៃរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និង ផ្សព្វផ្សាយជូនដល់អង្គភាពថ្នាក់ក្រោមជាតិ បានយល់កាន់តែច្បាស់ពីកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងជំរុញឱ្យមានការចូលរួមអនុវត្តពីអង្គភាពថ្នាក់ក្រោមជាតិ៕