ប្រធានរដ្ឋសភាកម្ពុជា ស្នើលោក ត្រាំ បន្តជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្នើទៅលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ឲ្យបន្តចូលរួមដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធី និងធានាឲ្យការអនុវត្តបទឈប់បាញ់មានប្រសិទ្ធភាពខ្ពស់។
សំណើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសដែល សម្តេចបានទទួលជួបជាមួយ គណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកស្រី Beth Van Duyne នៅវិមានរដ្ឋសភា។
សម្តេច ឃួន សុដារី បានពន្យល់ថា ការស្នើសុំនេះគឺស្របតាមបំណងរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជា ដែលចង់បានសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍប្រទេស។
តាមរយៈគណៈប្រតិភូសភាសហរដ្ឋអាមេរិក សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណផងដែរដល់លោក ដូណាល់ ត្រាំ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ក៏ដូចជាប្រទេសចិន និងបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានសម្របសម្រួលឲ្យមានជំនួបចរចារវាងថ្នាក់ដឹកនាំកម្ពុជានិងថៃ រហូតឈានដល់បទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ ដែលបានជួយសង្គ្រោះអាយុជីវិតពលរដ្ឋរាប់ម៉ឺននាក់។
ក្នុងជំនួបនេះ លោកស្រី Beth Van Duyne បានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចមកកាន់កម្ពុជា គឺដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យា និងសុខសន្តិភាព។ លោកស្រីបានបន្ថែមថា មុនមកដល់កម្ពុជា លោកស្រីក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសថៃដែរ ហើយបានសង្កេតឃើញថា ប្រជាពលរដ្ឋនៃប្រទេសទាំងពីរសុទ្ធតែស្រឡាញ់សន្តិភាពដូចគ្នា។
សម្តេច ឃួន សុដារី បានលើកឡើងពីសោកនាដកម្មដែលកម្ពុជាបានជួបប្រទះក្នុងសង្គ្រាមជាច្រើនទសវត្សរ៍កន្លងមក ហើយបានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាតែងផ្តល់តម្លៃខ្ពស់លើជីវិតមនុស្ស និងសុខសន្តិភាព។ សម្តេចបានរំលឹកពីលិខិតអន្តរាគមន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់លោក ដូណាល់ ត្រាំ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងជៀសវាងការបង្ហូរឈាម។
ជាការឆ្លើយតប លោក ដូណាល់ ត្រាំ បានវាយតម្លៃខ្ពស់ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ថាជាថ្នាក់ដឹកនាំឆ្នើមដែលស្រឡាញ់សន្តិភាព ហើយបានបង្ហាញពីមោទនភាពដែលបានចូលរួមជួយបញ្ចប់ជម្លោះប្រដាប់អាវុធនេះ។ ទោះបីជាមានបទឈប់បាញ់ហើយក៏ដោយ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ស្ថានការណ៍នៅតែផុយស្រួយ ដូច្នេះកម្ពុជានៅតែស្នើសុំឲ្យសហរដ្ឋអាមេរិកបន្តចូលរួមតាមដាន និងជួយរកដំណោះស្រាយដោយសន្តិវិធីបន្ថែមទៀត។
ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី សម្តេច ឃួន សុដារី និងគណៈប្រតិភូសភាអាមេរិក បានវាយតម្លៃខ្ពស់លើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេចក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានបញ្ចុះពន្ធពី ៤៩% មកនៅត្រឹម ១៩% សម្រាប់ទំនិញកម្ពុជា ដែលមានសារៈសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។ សម្តេចក៏បានស្នើសុំឲ្យគណៈប្រតិភូបន្តកៀរគរអ្នកវិនិយោគ និងទេសចរអាមេរិកមកកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប លោកស្រី Beth Van Duyne បានបង្ហាញសុទិដ្ឋិនិយមថា មានអ្នកវិនិយោគអាមេរិកជាច្រើនកំពុងចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ហើយអ្នកដែលបានបណ្តាក់ទុនរួចហើយក៏មានការពេញចិត្តខ្លាំងដែរ។ លោកស្រីបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំស្ថាប័នជាច្រើនទៀតរបស់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត៕