លោក ហែម វណ្ណឌី ជំរុញការចាប់យក នវានុវត្តន៍ និងស្តង់ដាក្នុងការអភិវឌ្ឍឧស្សាហកម្មស្រូវអង្ករកម្ពុជា
ភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីនៃនវានុវត្តន៍ និងស្តង់ដា ក្នុងការពង្រឹងឧស្សាហកម្មស្រូវអង្កររបស់កម្ពុជា នៅក្នុងពិធីបិទមហាសន្និបាតរបស់សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការលើកឡើងរបស់លោក ហែម វណ្ឌី ធ្វើឡើងក្នុងពិធីបិទមហាសន្និបាត សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥។
ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បានអបអរសាទរចំពោះថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ និងការដាក់ឱ្យប្រើប្រាស់ “យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា២០២៥-២០៣០”។
ទាក់ទិននឹងបញ្ហានេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានសង្ឃឹមជឿជាក់យ៉ាងមុតមាំលេីប្រធានសហព័ន្ធ និងប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ អាណត្តិថ្មីនេះ ដែលពោរពេញដោយសមត្ថភាព និងភាពជាអ្នកដឹកនាំ នឹងបន្តជួយប្រជាកសិករទទួលលំហូរទីផ្សារ និងទទួលបានតម្លៃសមរម្យ។
ជុំវិញរឿងនដែរ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សម្រាប់អាណត្តិទី៥ ផែនការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ផ្តោតលើសរសរស្តម្ភចំនួន ៤ រួមមាន៖ (១.) អភិបាលកិច្ច៖ បន្តពង្រឹងអភិបាលកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងប្រកបដោយការទទួលខុសត្រូវ និងគណនេយ្យភាព (២.) ជំរុញផលិតកម្មពូជស្រូវ៖ បន្តនិងចូលរួមសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងគោលនយោបាយជំរុញការផលិតពូជស្រូវ និងចែកចាយដល់ប្រជាកសិករ និងធ្វើកិច្ចសន្យាកសិកម្មដើម្បីធានាបាននូវតម្លៃស្រូវ ជាពិសេសជាមួយសហគមន៍ទំនើប (៣.) ទីផ្សារ និងការធ្វើពីពាធកម្ម ៖ ជំរុញការនាំចេញ ដោយរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារគោលដៅ ស្របតាមប្រភេទពូជស្រូវ និងផលិតផល ស្របតាមគោលនយោបាយយុទ្ធសាស្ត្រពិពិធកម្មទីផ្សាររបស់ក្រសួងពាណិជ្ជកម្ម និង (៤.) ការស្រាវជ្រាវ និងអភិវឌ្ឍន៍៖ រៀបចំឱ្យមានមូលនិធិឯកជនរបស់សហព័ន្ធស្រូវអង្ករបន្ថែមដើម្បីស្រាវជ្រាវ អភិវឌ្ឍន៍លើប្រភេទពូជស្រូវ ដែលអាចឆ្លើយតបការប្រែប្រួលបរិយាកាសទីផ្សារ និងទិន្នផល។ បន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការដាំដុះ ការកិនកែច្នៃ និងជំរុញឱ្យមានស្តង់ដារតម្រូវគ្រប់ប្រភេទរបស់រោងម៉ាស៊ីនកិនស្រូវក្នុងការនាំចេញ។
សូមបញ្ជាក់ថា ក្នុងចំណោមសមាជិកដែលមានសិទ្ធិបោះឆ្នោតចំនួន ១១៧រូប ការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ នេះ មានឧកញ៉ា ទ្បាយ ឈុនហួ ត្រូវបានជាប់ឆ្នោតធ្វើជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥, សមាជិក ២៨ រូប ត្រូវបានជាប់ឆ្នោតជា សមាជិកក្រុមប្រឹក្សាភិបាល, សមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣ រូប ដែលបានបោះឆ្នោតជ្រើសរើសដោយសហគមន៍កសិកម្ម និង ឧកញ៉ា ចាន់ សុឃាំង ត្រូវបានជាប់ឆ្នោតធ្វើជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥៕