សិប្បកម្មប្រពៃណីគួរត្រូវបានជួយគាំទ្រ ដើម្បីរក្សាអត្តសញ្ញាណ និងជួយទ្រទ្រង់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន
ប្រជាជនខ្មែរជាញឹកញាប់ត្រូវបានគេកោតសរសើរអំពីសីលធម៌ វប្បធម៌ ប្រពៃណី ដែលចាក់ឬស ចាក់គល់យ៉ាងរឹង មុំា រាប់ទាំងការរស់នៅ ការទំនាក់ទំនង ការប្រកបរបររកស៊ី ប្រពៃណី ទំនៀមទំលាប់ សុទ្ធតែមានភាពចំណាស់ និងមានលក្ខណៈពិសេសប្លែកពីជាតិសាសន៍ដទៃ។
ការប្រកបរបររកស៊ី បើនិយាយដោយឡែក ប្រជាជនខ្មែរភាគច្រើនមានទេពកោសល្យខាងសំណង់ និងការកែច្នៃដោយដៃ។ ប៉ុន្តែដោយសារការវិវត្តិនៃសង្គម របៀបរបបនៃការចិញ្ចឹមជីវិតក៏បានផ្លាស់ប្ដូរទៅតាមនោះផងដែរ។
មកដល់បច្ចុប្បន្ននេះ ការកែច្នៃវត្ថុប្រើប្រាស់ដោយដៃ (Handmade) គឺនៅមានតិចតួចណាស់ ដោយសារតែកត្តាសំខាន់ៗមួយចំនួនដូចជា កង្វះការគាំទ្រ និងកង្វះអ្នកចេះកែច្នៃជាដើម ព្រោះសន្ទុះនៃការបោះបង់ចោលរបរប្រពៃណីនេះ ក៏ចេះតែមានការកើនឡើង។
នៅឯភ្នំគូលែននៃខេត្តសៀមរាបឯណោះវិញ នៅមានប្រជាជនមួយចំនួនដែលចេះកែច្នៃធនធានដូចជា កំប្លោក រំចេក ឬស្សី និងកប្បាសជាដើម។ ដើម្បីជួយរក្សាមុខរបរប្រពៃណីរបស់ប្រជាជនរស់នៅក្នុងតំបន់នេះ អង្គការមួយបានផ្ដល់ការគាំទ្រសំដៅពង្រឹង និងពង្រីកមុខរបរនេះឱ្យទៅជាសិប្បកម្ម ដែលអាចរកចំណូលចូលសហគមន៍បាន។
អង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន ហៅកាត់ថា ADF ជាអង្គការដែលគាំទ្រទៅលើការបណ្ដុះបណ្ដាលប្រជាសហគមន៍នូវជំនាញកែច្នៃ ជួយលើការកំណត់តម្លៃសម្រាប់លក់ ក៏ដូចជាជួយរកទីផ្សារជូនដល់សិប្បកម្មផង។
សិប្បកម្មដែលមានឈ្មោះថា សិប្បកម្មគូលែន-Kulen Crafts ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០ ក្នុងគោលបំណងសំខាន់មួយគឺអភិរក្សស្នាដៃសិប្បកម្មប្រពៃណីរបស់ប្រជាសហគមន៍។
កញ្ញា ឈន់ ភិរម្យ ជាបុគ្គលិកនៃអង្គការ ADF ដែលជាអ្នកធ្វើការផ្ទាល់ជាមួយគម្រោងសិប្បកម្មគូលេនបានឱ្យដឹងថា សកម្មភាពដែលអង្គការជួយគាំទ្រកន្លងមកនេះក៏ដោយសារតែមើលឃើញពីអត្ថប្រយោជ៍នៃជំនាញដែលបងប្អូនប្រជាជនចេះស្រាប់ ម្យ៉ាងទៀត វាក៏ជាចំណែកមួយក្នុងការកាត់បន្ថយការអាស្រ័យ ៊ផលធនធានធម្មជាតិខ្លាំងពេក។
ដោយឡែក ដំណើរការនៃការបណ្ដុះបណ្ដាលវិញ កញ្ញា ភារម្យ បានឱ្យបញ្ជាក់ថា ៖ «យើងមានជាវគ្គបណ្ដុះបណ្ដាល ផ្ទេរចំណេះជំនាញទៅក្មេងជំនាន់ក្រោយ អញ្ចឹងហើយយើងជ្រើសរើសយកអ្នកដែលធ្វើស្អាតជាងគេនៅក្នុងភូមិដើម្បីបង្រៀនអ្នកដទៃទៀត»។
យ៉ាងណាមិញ រយៈពេលជាង២ឆ្នាំនៃការចាប់ផ្ដើមដំណើរការសិប្បកម្មនេះ សហគមន៍បានបង្កើតផលិតផលប្រមាណជា ១០ប្រភេទផ្សេងៗគ្នា ដែលទាំងអស់នេះសុទ្ធសឹងតែចេញពីការផលិតដោយដៃផ្ទាល់តែម្ដង ដោយផលិតផលទាំងនោះរួមមានដូចជា កន្ទេលរំចេក ឈុតទ្រនាប់កែវ ចានធ្វើឡើងពីរំចេក ចង្អេរ កញ្ជើ គ្រុះ (ប្រដាប់រែកទឹកបុរាណ) កាំបិតផ្គាក់ កាំបិតបន្ទោះ (សម្រាប់ធ្វើសិប្បកម្ម) កាំបិតស្នៀត អំបោស បំពង់បឺតឫស្សី និងផលិតផល ២ទៀតដែលគ្រោងធ្វើឡើងវិញ គឺកន្ទេលធ្វើពីដើមរុន និងកប្បាស។
ថ្វីត្បិតថា សិប្បកម្មគូលែនបានបង្កើតនូវផលិតផលផ្សេងៗសម្រាប់លក់ចូលក្នុងទីផ្សារក៏ពិតមែន ក៏ប៉ុន្តែចំណូលដែលរកបានមកវិញ ហាក់នៅមានកម្រិតនៅឡើយ ដោយសារតែល្បឿននៃការផលិតនៅមិនទាន់ដល់លក្ខណៈស្តង់ដារ រីឯតម្លៃនៃផលិតផលសម្រេចក៏ត្រូវបានអតិថិជនត្អូញត្អែចំពោះតម្លៃ ។ល។
មិនត្រឹមតែប៉ុណ្ណោះ ផលិតផលខ្លះក៏អាចធ្វើបានទៅតាមរដូវកាលទៀត ដូចជារំចេកដែលអាចត្បាញបានតែក្នុងរដូវវស្សា ព្រោះខែប្រាំងរំចេកនឹងស្រួយ ហើយងាយនិងបាក់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កញ្ញាបានចាត់ទុកថា សិប្បកម្មនេះនៅតែអាចរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងទំហំតូច ហើយកញ្ញាសង្ឃឹមថាសិប្បកម្មនេះនឹងអាចរីកធំធាត់បន្ថែមទៀត នៅពេលដែលប្រជាជនងាក មកចូលរួមផលិតបានកាន់តែច្រើន ហើយអតិថិជនក្នុងស្រុកទៀតសោតជួយគាំទ្រ តាមរយៈការជាវ ទិញផលិតផលទាំងនោះផងដែរ៕