លោក Didier Deschamps ៖ PSG ឈ្នះ Champions League មិនប៉ះពាល់ដល់ Mbappe នោះទេ
យោងតាមគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង លោក Didier Deschamps បើទោះបីជាមិនបានឈ្នះពានរង្វាន់ Champions League ក៏ដោយ ក៏ខ្សែប្រយុទ្ធ Kylian Mbappe នៅតែមានរដូវកាលដ៏ជោគជ័យ និងមានលទ្ធផលអាចឈ្នះពាន Ballon d’Or ផងដែរ។
ក្នុងអំឡុងពេល ៧ឆ្នាំ នៅ PSG កីឡាករ Mbappe បានបង្កើតកំណត់ត្រា ដោយស៊ុតបញ្ចូលទី ២៥៦គ្រាប់ និងឈ្នះពានរង្វាន់ ១៥ជាមួយក្លិបយក្សបារាំងមួយនេះ។ ប៉ុន្តែនៅក្នុង Champions League សមិទ្ធិផលដ៏ល្អបំផុតរបស់គេ គឺឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០២០ (ចាញ់ 0-១ ក្រោមថ្វីជើង Bayern Munich) រួមជាមួយនឹងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឆ្នាំ ២០២១ (ចាញ់ Man City) និងឆ្នាំ 2024 (ចាញ់ Dortmund)។
ដូច្នេះ ហើយ Mbappe បានបដិសេធមិនបន្តកុងត្រាជាមួយ PSG ដើម្បីចូលរួមជាមួយ Real Madrid ដោយមិនគិតថ្លៃផ្ទេរ ក្នុងរដូវក្តៅឆ្នាំ ២០២៤ ដើម្បីមានឱកាសឈ្នះ Champions League ដ្បិត Real Madrid ជាជើងខ្លាំងក្នុងពានរង្វាន់មួយនេះស្រាប់ ដោយគ្រងជើងឯកចំនួន ១៥ដង។ ប៉ុន្តែមហិច្ឆតានោះ មិនទាន់បានសម្រេចនៅរដូវកាលនេះទេ ខណៈពេលដែល Mbappe និង Real Madrid ត្រូវបាន Arsenal ទម្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ផ្ទុយទៅវិញ PSG បានបំបាក់ Inter Milan ៥-០ នៅវគ្គផ្តាច់ព្រ័ត្រ និងបានលើកពានរង្វាន់ Champions League ជាលើកដំបូងរបស់ក្លឹប។
ទោះជាយ៉ាងណាក៏ដោយ លោក Didier Deschamps មិនព្រួយបារម្ភថា ការឈ្នះ Champions League របស់ PSG នឹងប៉ះពាល់ដល់ Mbappe នោះទេ។ លោកបានប្រាប់កាសែត Gazzetta dello Sports នៅពេលដែលក្រុមបារាំង ប្រមូលផ្តុំហ្វឹកហាត់ នៅព្រឹកថ្ងៃទី ៣ ខែមិថុនា នេះថា ៖«រឿងបែបនេះអាចកើតឡើង។ Mbappe បានឈ្នះពានរង្វាន់ជាច្រើន និងមានរដូវកាលដ៏ជោគជ័យ។ គាត់នៅតែជាអ្នកដឹកនាំ និងជាប្រធានក្រុមរបស់បារាំង»។
គ្រូបង្វឹកវ័យ 56 ឆ្នាំរូបនេះ ថែមទាំងជឿជាក់ថា Mbappe អាចប្រកួតប្រជែងដណ្តើមពានរង្វាន់ Ballon d’Or 2025 ដោយសារការឈ្នះស្បែកជើងមាសអឺរ៉ុបលើកដំបូងរបស់គេ ជាមួយនឹងគ្រាប់បាល់ ៣១គ្រាប់ នៅ La Liga ។ Deschamps មើលឃើញថា សិស្សរបស់គាត់ Ousmane Dembele ក៏ជាបេក្ខជននាំមុខដូចជា។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បាននិយាយថា៖ «ការឈ្នះពាន Champions League គឺអស្ចារ្យណាស់ ប៉ុន្តែអ្នកកាសែតជាអ្នកបោះឆ្នោត ហើយរដូវកាលនេះ មិនទាន់ចប់នៅឡើយ។ ដូច្នេះ វាពិបាកក្នុងការជ្រើសរើសបេក្ខភាពបីនាក់នៅពេលនេះ។ Mbappe គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ La Liga និងឈ្នះស្បែកជើងមាស ។ Lamine Yamal ក៏លេងបានល្អដែរ»។
គួរបញ្ជាក់ថា ក្នុងអំឡុងព្រឹត្តិការណ៍ FIFA Days នេះ បារាំង នឹងត្រូវប៉ះជាមួយអេស្ប៉ាញ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Nations League នៅថ្ងៃទី ៥ ខែមិថុនា។ ប្រសិនបើពួកគេឈ្នះ Mbappe និងមិត្តរួមក្រុមរបស់គាត់ នឹងត្រូវប៉ះអាល្លឺម៉ង់ ឬព័រទុយហ្គាល់ នៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ៨ខែមិថុនា ឆ្នាំ២០២៥នេះ៕