Close

កិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី ពិភាក្សាលើការតម្លើងពន្ធគយអាមេរិក និងបញ្ហាតំបន់

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 5:04 am ព័ត៌មានអន្តរជាតិ
កិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី ពិភាក្សាលើការតម្លើងពន្ធគយអាមេរិក  និងបញ្ហាតំបន់ កិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី ពិភាក្សាលើការតម្លើងពន្ធគយអាមេរិក និងបញ្ហាតំបន់

ម៉ាឡេស៊ី ៖ មេដឹកនាំមកពីតំបន់អាស៊ាន ជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៦ កាលពីថ្ងៃចន្ទម្សិលមិញនេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានពិភាក្សាអំពីបញ្ហាសំខាន់ៗក្នុងតំបន់ និងពិភពលោក រួមទាំងពន្ធគយអាម៉េរិក ជម្លោះនៅមីយ៉ាន់ម៉ា និងជម្លោះដែនសមុទ្រនៅសមុទ្រចិនខាងត្បូង។

នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានបង្វិលកំពុងធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូល បានថ្លែងបើកកិច្ចប្រជុំខាងលើនេះ ដោយបាននិយាយថា លោកបានសរសេរលិខិតទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដើម្បីស្នើសុំចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅឆ្នាំនេះ ដើម្បីដោះស្រាយបញ្ហាពន្ធគយ។

លោកបានថ្លែង ថា «ជាការពិត ការផ្លាស់ប្តូរនៅក្នុងលំដាប់ភូមិសាស្ត្រនយោបាយកំពុងដំណើរការ ហើយប្រព័ន្ធពាណិជ្ជកម្មសកលកំពុងស្ថិតក្រោមភាពតានតឹងបន្ថែមទៀតជាមួយនឹងការដំឡើងពន្ធឯកតោភាគីនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក» ។
ជាមួយគ្នានេះ រដ្ឋសមាជិកអាស៊ានបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយពន្ធគយរបស់សហរដ្ឋអាមេរិកចាប់ពី ១០% ទៅ ៤៩% ប៉ុន្តែលោក Trump បានប្រកាសផ្អាករយៈពេល 90 ថ្ងៃលើពន្ធកាលពីខែមុន ដែលជំរុញឱ្យប្រទេសនានាចាប់ផ្តើមកិច្ចពិភាក្សាយ៉ាងឆាប់រហ័សជាមួយទីក្រុងវ៉ាស៊ីនតោន។

កិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី ពិភាក្សាលើការតម្លើងពន្ធគយ អាមេរិក និងតំបន់

លោកបានបន្ថែមថា អាស៊ានមានអ្វីដែលខ្លួនត្រូវការដើម្បីទប់ទល់នឹងភាពតានតឹងភូមិសាស្ត្រនយោបាយដែលកើតចេញពី “សកម្មភាពបំពាន” របស់មហាអំណាចធំៗ។

លោក Anwar បាននិយាយថា តំបន់អាស៊ីអាគ្នេយ៍តែងតែពឹងផ្អែកលើការរួមបញ្ចូល នីតិរដ្ឋ និងពាណិជ្ជកម្មបើកចំហដើម្បីរីកចម្រើន ប៉ុន្តែថា “ភាពរុងរឿងឥឡូវនេះត្រូវបានគំរាមកំហែង។*

ជាមួយគ្នានេះ លោកបានមានប្រសាសន៍ថា «សម្រាប់អាស៊ាន សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់យើង ច្រើនតែពឹងផ្អែកលើសណ្តាប់ធ្នាប់អន្តរជាតិដែលបើកចំហ រួមបញ្ចូល និងឈរលើមូលដ្ឋាននៃលំហូរពាណិជ្ជកម្ម មូលធន និងប្រជាជនដោយសេរី»។

លោក Anwar ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូមិត្តភាពនៃក្រុមដោយកត់សម្គាល់ពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន-GCC លើកដំបូងដែលមិនធ្លាប់មាន ដែលនាំមកនូវប្លុករួមជាមួយនឹងប្រទេសចិនជាដៃគូសេដ្ឋកិច្ចធំបំផុតរបស់តំបន់ និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)។

កិច្ចប្រជុំកំពូលនេះក៏រួមបញ្ចូលផងដែរនូវទំនាក់ទំនងរបស់មេដឹកនាំអាស៊ានជាមួយតំណាងនៃសភាអន្តរសភាអាស៊ាន ទំនាក់ទំនងមេដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន និងទំនាក់ទំនងមេដឹកនាំអាស៊ានជាមួយអ្នកតំណាងក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន។

បន្ទាប់ពីកិច្ចប្រជុំ ថ្នាក់ដឹកនាំកំពូលអាស៊ានចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងគូឡាឡាំពួស្តីពីអាស៊ានឆ្នាំ 2045៖ អនាគតរួមរបស់យើង ។

អាស៊ានជាអង្គការអន្តររដ្ឋាភិបាលអន្តរជាតិដែលមានសមាជិក១០ប្រទេសដែលមានប្រទេសឥណ្ឌូនេស៊ី វៀតណាម ឡាវ ប្រ៊ុយណេ ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន កម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី។ សម្រាប់ឆ្នាំនេះ ប្រទេសម៉ាឡេស៊ីធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២៥៕

កិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី ពិភាក្សាលើការតម្លើងពន្ធគយ អាមេរិក និងតំបន់