មន្ត្រីជំនាញ៖ ការបង្កបង្កើនផលស្រូវរដូវវស្សារបស់កសិករនៅខេត្តសៀមរាបឆ្នាំនេះលឿនជាងឆ្នាំមុន
សៀមរាប៖ លោក សាំង សុផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា រដូវវស្សាឆ្នាំ២០២៥នេះ ភ្លៀងចាប់ផ្តើមធ្លាក់លឿនជាងមុន គ្រប់ក្រុង/ស្រុកទាំងអស់ក្នុងខេត្តសៀមរាប។
តាមរយៈមន្ទីរព័ត៌មានខេត្តសៀមរាប លោក សាំង សុផល បន្ថែមថា ចំពោះអាកាសធាតុមិនមានបញ្ហាប្រឈមដល់វិស័យដាំដុះដំណាំកសិកម្មទេ ជារួមទឹកភ្លៀងមានស្ថានភាពល្អ អំណោយផលដល់កសិករក្នុងការភ្ជួររាស់ដាំដុះដំណាំស្រូវជាងឆ្នាំ២០២៤។
ជាមួយគ្នានេះ លោក សាំង សុផល បានលើកឡើងថា ក្នុងរដូវវស្សានេះដែរ មន្ទីរបានចាត់មន្ត្រីបច្ចេកទេសចុះណែនាំផ្សព្វផ្សាយឱ្យកសិករប្រើប្រាស់ពូជដែលមានគុណភាព ចំណាយដើមតិច ទទួលទិន្នផលខ្ពស់ និងមានតម្លៃខ្ពស់ក្នុងទីផ្សារ។
ប្រភេទពូជដែលមានតម្លៃនៅក្នុងទីផ្សាដូចជា៖ស្រូវស្រាល មានពូជសែនក្រអូប សែនពិដោរ ស្រង៉ែ និងOM5451ជាដើម។ពូជស្រូវកណ្តាល មានផ្ការំដួល ផ្ការំដេង នាងអំ ផ្ការមៀត ខា១ ខា២ ខា៣(CARDI Cambodia Agriculture Research and Development Institute ជាស្រូវពូជជាតិដែលបង្កាត់ចេញពីពូជស្រូវខ្មែរយើង)។ចំណែកពូជស្រូវធ្ងន់ មានរាំងជ័យ នាងខុន ខា១ ខា៧ ខា៨ ។ល។
លោកបានបញ្ជាក់ថា មន្ត្រីបច្ចេកទេសកសិកម្មខេត្តតែងតែចុះជួបផ្ទាល់ជាមួយកសិករតាមរយៈការជួបជុំក្នុងវេទិកាផ្សេងៗ ទិវាស្រែ សិក្ខាសាលាទំនាក់ទំនង់តាមបណ្តាញសង្គម ផ្តល់ប្រឹក្សាលើបណ្តាញសង្គម ទូរទស្សន៍ខេត្ត លើសពីនេះក៏មានផ្តល់ការបណ្តុះបណ្តាលលើផលិតកម្មកសិកម្មដាំណាំស្រូវជូនដល់កសិករទៅតាមលទ្ធភាពរបស់មន្ទីរ និងការសហការជាមួយដៃគូផ្សេងៗ។ បន្ថែមពីនេះលោកក៏បានចុះណែនាំផ្សព្វផ្សាយផ្ទាល់ដល់កសិករអំពីបច្ចេកទេសផលិតកម្ម ការថែទាំនិងការកម្ចាត់ជំងឺ និងកត្តាសត្វចង្រៃផ្សេងៗនៅតាមស្រែចម្ការ ឬក៏ទទួលការប្រឹក្សាពិភាក្សាជាមួយមន្ត្រីបច្ចេកទេសក្រសួងតាមរយៈលេខទូរស័ព្ទ១២៨៩រៀងរាល់ថ្ងៃនិងរាល់ម៉ោងធ្វើការ។
លោក សាំង សុផល បញ្ជាក់បន្ថែមផងដែរថា មកទល់ពេលនេះមិនមានក្រុងស្រុកណាដែលប្រឈមនឹងកង្វះទឹកនៅឡើយទេ តែមន្ត្រីបច្ចេកទេសនៅតែបន្តចុះពិនិត្យតាមដាន និងវាយតម្លៃលើការងារបង្កបង្កើនផលស្រូវជាប្រចាំ ដើម្បីត្រៀមជួយដោះស្រាយ អន្តរាគមន៍ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធផ្សេងៗ ក្នុងការដោះស្រាយបញ្ហាជាយថាហេតុឱ្យទាន់សភាពការណ៍និងទាន់ពេលវេលា។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តសៀមរាបថា មកដល់ចុងខែឧសភានេះការភ្ជួររាស់របស់កសិករសរុបចំនួន៧៧.១៩០ហិកតា ស្មើនឹង៤០,៦៦%នៃផែនការ១៨៩.៨៣០ហិកតាលឿនជាងឆ្នាំមុន ក្នុងរយៈពេលដូចគ្នាបានតែ២៥.៨៣៥ហិកតាស្មើនឹង១៣,៦២%នៃផែនការ។ ព្រួសស្រូវសរុបបាន៤៦.៩៣៥ហិកតាស្មើនឹង២៤,៧២%នៃផែនការ១៨៩.៨៣០ហិកតាលឿនជាងឆ្នាំ២០២៤ ព្រួសបានតែ១៧.៣៨៥ហិកតាស្មើនឹង៩,១៦%នៃផែនការ៕