អ្នកពាក់ព័ន្ធជំរុញឲ្យអ្នកផលិតបង្កើនគុណភាពផលិតផលដើម្បីងាយស្រួលក្នុងការប្រកួតប្រជែងទីផ្សារ
សៀមរាប៖ គណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១និងអាជ្ញាធរខេត្តសៀមរាបជំរុញឲ្យអ្នកផលិតខិតខំបង្កើនគុណភាពផលិតផលដើម្បីងាយស្រួលក្នុងការប្រកួតប្រជែងទីផ្សារ។ នេះ បើតាមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចងក្រងផលិតផលភូមិមួយផលិតផលមួយឆ្នាំ២០២៥ និងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយ ផលិតផលមួយឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាបនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។
នៅក្នុងសិក្ខាសាលានេះ លោក យ៉ាន់ វ៉ាន់យ៉ង់ អគ្គលេខាធិការង គណៈកម្មាធិការជាតិភូមិមួយផលិតផល១ បានថ្លែងថា
ចលនាជំរុញភូមិ១ផលិតផល១នេះ ជាការផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន ក្នុងពេលដែលសម្តេចជានាយករដ្ឋមន្ត្រី ហើយចលនានេះ មានគោលដៅជួយដល់សហគមន៍ប្រជាពលរដ្ឋឲ្យទទួលបាននូវផលប្រយោជន៍អំពីការផលិតរបស់ពួកគាត់។ ដូច្នេះការចូលជាសមាជិករបស់ភូមិ១ ផលិតផល១ ជាឱកាសល្អសម្រាប់អ្នកផលិតក្នុងការបង្ហាញផលិតផលរបស់ខ្លួននៅលើទីផ្សារ។
លោក យ៉ាន់ វ៉ាន់យ៉ងបន្តថា « សិក្ខាសាលានាពេលនេះ គឺដើម្បីជំរុញដល់ការផលិត កែច្នៃ ផលិតផលកសិកម្ម សិប្បកម្មនិងសេវាកម្មនានាជាមូលដ្ឋាន ឱ្យឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅស្រុក បំរើដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចឆ្លើយតបជាមូលដ្ឋាន ដើម្បីរួមចំណែកក្នុងការសម្រេចនូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ»។
លោក បានបន្តថា ភូមិ១ផលិត ផល១ គឺជាចលនារស់រវើកមួយសម្រាប់ជំរុញ និងបង្កើននូវជីវភាពសេដ្ឋកិច្ចរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តនានាឱ្យ ងើបផុតពីភាពក្រីក្រ និងជួយឱ្យគាត់ ចេះពង្រឹងសមត្ថភាព និងបង្កើនសមត្ថភាពសម្រាប់ផលិត នូវអ្វីមួយដែលគាត់អាចផលិតបាន។
ចំណែក លោកយុន លីនណេ អភិបាលរងខេត្តសៀមរាប ក៏បានលើកឡើងដែរថា តាមរយៈយន្តការភូមិ១ផលិតផល១ អាជ្ញាធរខេត្តបានខិតខំយ៉ាងខ្លាំងនៅក្នុងការជំរុញនិងស្វែងរកទីផ្សារជូនបងប្អូនដែលជាអ្នកផលិត ដូចជាការបង្កើតកម្មវិធីតាំងពិពរ័ណ៍ ការរៀបចំវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ និងសកម្មភាពនានាជាច្រើនទៀត ក្នុងគោលបំណងជួយដល់ការខិតខំរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការផលិតវត្ថុសិល្បៈវប្បធម៌ និងការផលិតចេញពីស្នាដៃបងប្អូនដែលមានពិការភាព។
លោកយុន លីនណេ និងលោកយ៉ាន់ វ៉ាន់យ៉ង់ បានជំរុញដល់អ្នកផលិតទាំងឡាយត្រូវខិតខំពង្រឹងគុណភាពបន្ថែមទៀត ព្រោះគុណភាពនេះសំខាន់ណាស់ វាជាការផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ក្នុងការគាំទ្រផលិតផលរបស់យើង។
សូមជម្រាបថា៖ ចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤កន្លងទៅ មានផលិតផលចំនួន៩៣៣មុខ ត្រូវបានទទួលស្គាល់ជាសមាជិករបស់ ភ១ផ១ ដែលក្នុងនោះនៅឆ្នាំ២០២៤ មានផលិតផលដល់ទៅ៣៧០មុខ មកពីភូមិ២២៧ នៃ២៣រាជធានីខេត្ត បានចុះជាសមាជិកនៃភូមិ១ផលិតផលមួយ៕