សម្តេចធិបតី ចាត់ទុកការអប់រំជាកត្តាកំណត់ដ៏សំខាន់ នៃសុខុមាលភាពសេដ្ឋកិច្ច
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាត់ទុកការអប់រំ ជាកត្តាកំណត់ដ៏សំខាន់ នៃសុខុមាលភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច ជាក់ស្តែងមានឥទ្ធិពលវិជ្ជមាន លើកំណើនសេដ្ឋកិច្ច តាមរយៈយន្តការចំនួន៣។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីសម្ពោធអគារអន្តេវេសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការអប់រំ ត្រូវបានចាត់ទុកថា ជាកត្តាកំណត់ដ៏សំខាន់ នៃសុខុមាលភាពសេដ្ឋកិច្ច និងជំរុញកំណើតសេដ្ឋកិច្ច។
សម្តេចបវរធិបតី បន្ដថា ជាក់ស្ដែងការអប់រំ មានឥទ្ធិពលវិជ្ជាមានលើកំណើតសេដ្ឋកិច្ច តាមរយៈយុទ្ធការ ចំនួន៣ រួមមាន៖ ទី១- គឺការអប់រំបង្កើតមូលធនមនុស្ស នៅក្នុងកម្លាំងពលកម្មសរុបជាតិ ដែលជាកត្តាចាំបាច់សម្រាប់បង្កើតលទ្ធភាពពលកម្ម និងជំរុញកំណើតឆ្ពោះទៅកម្រិតថ្មីមួយទៀត។ ទី២- ការអប់រំ បង្កើនសមត្ថភាព ក្នុងការធ្វើនវានុវត្តន៍ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើនចំណេះដឹង សម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗ និងការវិវត្តន៍ផលិតផលថ្មី ដើម្បីជួយលើកកម្ពស់កំណើតសេដ្ឋកិច្ច និងទី៣- ការអប់រំជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងចំណេះដឹងថ្មីៗទៀត ដែលកត្តាទាំងនេះ ជួយបង្កើនផលិតភាពការជំរុញសេដ្ឋកិច្ច។
សម្តេចបវរធិបតី បន្ដថា ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាពខ្ពស់ គឺពិតធ្វើឱ្យប្រទេសជាតិយើងធានាបាន នូវការប្រកួតប្រជែង ប្រកបដោយជោគជ័យ នៅក្នុងបរិការណ៍ទាំងអស់។ នេះ គឺជាកត្តាកំណត់ នៃសមត្ថភាព របស់ប្រទេសជាតិមួយ នៅក្នុងការធានាប្រកួតប្រជែង ធនធានមនុស្ស មិនថា ក្នុងលក្ខណៈគ្រួសារ លក្ខណៈសង្គមជាតិ តែងតែផ្ដល់ការយកចិត្តទុកដាក់៕