Close

សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន ដោយបានដាក់ចេញនូវវិធានការកែទម្រង់ជាច្រើន។

នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ (Cambodia-ASEAN Business Summit 2025) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO), កម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាព និងតម្លាភាព។ កម្ពុជា ផ្តោតលើការសម្រេចបាននូវសហគមន៍សេដ្ឋកិច្ច ប្រកបដោយជវភាព និងសមាហរណកម្ម តាមរយៈ សេរីភាវូបនីយកម្មពាណិជ្ជកម្មដ៏រឹងមាំ និងកិច្ចសម្រួលពាណិជ្ជកម្ម។ ក្នុងភាពជា-ដៃគូជិតស្និទ្ធជាមួយប្រទេសជិតខាងអាស៊ាន, កម្ពុជា បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម, សម្រួលនីតិវិធីគយ, សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម, និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព។

សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន

សម្តេចបវរធិបតី បន្ដថា «យើងក៏ផ្តោតលើការបើកចំហទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាយុទ្ធសាស្ត្រ ដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ាន ក៏ដូចជា ទីផ្សារសេដ្ឋកិច្ចពិភពលោកសំខាន់ៗ រួមមាន សហភាពអឺរ៉ុប, សហរដ្ឋអាម៉េរិក, ចិន, កូរ៉េ និង អាមីរ៉ាតអារ៉ាប់រួម ប្រកបដោយការអនុគ្រោះ។កម្ពុជា ក៏បាននិងកំពុងរៀបចំយ៉ាងសកម្ម នូវកិច្ចប្រជុំកំពូលធុរកិច្ច ដូចព្រឹត្តិការណ៍ក្នុងថ្ងៃនេះ ដើម្បីផ្តល់ឱកាសសហការដ៏មានតម្លៃ។ អភិក្រម ប្រកបដោយជវភាពនេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់យើង លើការពង្រឹងទំនាក់ទំនងក្នុងតំបន់ ឱ្យកាន់តែស៊ីជម្រៅ និងបង្កើតប្រព័ន្ធអេកូឡូស៊ីធុរកិច្ច ប្រកបដោយភាពប្រទាក់ក្រឡា និងភាពគ្រប់ជ្រុង-ជ្រោយ។ នៅក្នុងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា, យើងផ្តល់តម្លៃខ្ពស់ ចំពោះថាមពលនៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិនិយោគិន ទាំងក្នុងស្រុក និងក្រៅស្រុក ។ យើងផ្តល់អាទិភាពដល់កិច្ចសន្ទនាបើកចំហ និងការជំរុញបរិយាកាសឆ្លើយតប ប្រកបដោយជវភាព ដោយរៀបចំជាទៀងទាត់នូវ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហា និងកង្វល់ចម្បងៗរបស់វិស័យឯកជន»។

សម្តេចបវរធិបតី បានរំលឹកថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ សម្តេច បានធ្វើជាអធិបតីដោយផ្ទាល់នៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដោយរាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិស័យឯកជន ក្នុងវិស័យសំខាន់ៗជាច្រើន ដែលមួយក្នុងចំណោមនោះ គឺការកែទម្រង់ពន្ធដារ ប្រកបដោយមហិច្ឆតា។

សម្តេចបវរធិបតី នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំ សូមជម្រាបជូនថារាជរដ្ឋាភិបាល បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន ដោយបានដាក់ចេញនូវវិធានការកែទម្រង់ជាច្រើន។ ដើម្បីអនុវត្តការងារនេះ ឱ្យបានទៀងទាត់ និងគ្រប់ជ្រុងជ្រោយ, ថ្មីៗនេះ, រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួង ដែលមានសមាជិកមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាង៣០ស្ថាប័ន ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា»៕

សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន