PSG ផ្អាកចរចាជាមួយ Messi ក្រោយជួបបញ្ហាហិរញ្ញវត្ថុ
យោងតាមសារព័ត៌មាន Football Espana របស់អេស្ប៉ាញ បានឱ្យដឹងថា ក្លិបយក្សបារាំង PSG បច្ចុប្បន្ន កំពុងផ្អាកការចរចាជាមួយកីឡាករឆ្នើម Lionel Messi និង Sergio Ramos ហើយ នឹងរង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាល ដើម្បីធ្វើការសម្រេចចិត្ត។
ខ្សែប្រយុទ្ធ Messi និង Ramos នឹងផុតកុងត្រាជាមួយ PSG នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលម្ចាស់ជើងឯក Ligue 1 គ្រោងនឹងផ្លាស់ប្តូរក្រុមរបស់ពួកគេនៅរដូវកាលនេះបន្ទាប់ពីត្រូវបានធ្លាក់ចេញម្តងទៀតពីក្របខ័ណ្ឌ Champions League ក្នុងវគ្គ ១៦ក្រុមចុងក្រោយ។
ដំបូងឡើយ នាយកផ្នែកកីឡារបស់ PSG លោក Luis Campos បាននិយាយថា PSG បើកចំហរក្នុងការចរចាជាមួយ Messi បន្ទាប់ពីជួយជម្រើសជាតិលើកពាន World Cup ហើយក្លិបចង់បន្តមានតារាឆ្នើមអាហ្សង់ទីន ជាផ្នែកនៃគម្រោងរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ Daily Mirror បានធ្វើបច្ចុប្បន្នភាពជាមួយនឹងព័ត៌មានចុងក្រោយ ស្ថានភាពបច្ចុប្បន្នមានភាពស្មុគស្មាញ ដោយសារតែ PSG ស្ថិតក្នុងគ្រោះថ្នាក់នៃការដាក់ទណ្ឌកម្មដោយ UEFA ដោយសារតែបំពានច្បាប់ Financial Fair Play ។
អស់រយៈពេល ២ ឆ្នាំជាប់គ្នា Messi មិនអាចជួយក្រុមឱ្យហួសពីវគ្គ១៦ក្រុម Champions League បានទេ។ ថ្មីៗនេះទៀតសោត PSG បានប្រកាសពីការខាតបង់ ៣៧០ លានផោន តម្រូវឱ្យកាត់បន្ថយថ្លៃឈ្នួលដ៏ធំរបស់ពួកគេ ឬប្រឈមនឹងការពិន័យរបស់ UEFA នឹងអាចឈានដល់ការបណ្តេញចេញពីក្របខ័ណ្ឌ Champions League ។
នៅទឹកដី Parc des Princes, កីឡាករ Mbappe, Messi និង Neymar គឺជាកីឡាករ ៣ នាក់ ដែលមានប្រាក់ខែច្រើនលើសលប់។ ជាមួយនឹងការពិន័យនេះ វាជាការលំបាក សម្រាប់ PSG ក្នុងការរក្សាកីឡាករ ដែលមានប្រាក់ចំណូលខ្ពស់។ ដោយសារតែបែបនេះហើយ ទើប PSG បច្ចុប្បន្នកំពុងផ្អាកការចរចារ ដើម្បីបន្ត Messi និង Ramos ដើម្បីពិនិត្យមើលស្ថានភាពហើយបន្ទាប់មកធ្វើការសម្រេចចិត្តនៅចុងបញ្ចប់នៃរដូវកាលនេះ៕