ភ្នំពេញក្រោន កក់កៅអីទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup
ក្រុមបាល់ទាត់ភ្នំពេញក្រោន ជាក្រុមដំបូងគេ កក់កៅអីទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤-២៥ បន្ទាប់ពីយកឈ្នះ ក្លិបបាល់ទាត់វិសាខា ក្នុងលទ្ធផលទាំងពីរជើង ៣ទល់នឹង២។
ដូច្នេះ ភ្នំពេញក្រោន នឹងឡើងទៅរងចាំ រវាងអ្នកឈ្នះ រវាងក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងបឹងកេត ដែលនឹងត្រូវធ្វើនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តស្វាយរៀង ខណៈកាលពីជំនួបជើងទី១ បឹងកេត បានចាញ់ ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ថ្លែងបន្ទាប់ពីបញ្ចប់ការប្រកួត លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បាននិយាយថា៖« «អបអរសាទរទៅកាន់អ្នកគាំទ្ររបស់យើងសម្រាប់ជ័យជម្នះនេះ នឹងបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំចង់និយាយអបអរទៅកាន់កីឡាកររបស់យើង និងក្រុមការងារទាំងអស់សម្រាប់ការគាំទ្រគ្នាដ៏អស្ចារ្យ នេះគឺជាការគាំទ្រដ៏អស្ចារ្យជាមួយនឹងភាពជឿជាក់គ្នារហូត ដល់វិនាទីចុងក្រោយ»។
លោកបានបន្តថា៖« នេះគឺជាការប្រកួតមួយដែលមានការប៉ះទង្គិចគ្នាខ្លាំង យើងបានព្យាយាមរហូតដល់ចប់ការប្រកួត និងបានធ្វើការងារដ៏អស្ចារ្យនេះ។ ខ្ញុំដឹងថាវាមិនមែនជាការប្រកួតដែលល្អមើលនោះទេ ប៉ុន្តែពេលខ្លះបាល់ទាត់គឺវាត្រូវការលទ្ធផល។ កីឡាកររបស់យើងបានបង្ហាញចរិតលក្ខណៈដ៏អស្ចារ្យ ដូច្នេះខ្ញុំពិតជារីករាយ និងសប្បាយចិត្ត។ នៅរដូវកាលនេះខ្ញុំគិតថាវាគឺជាពេលល្អក្នុងការលើកពានសម្តេច»។
គិតមកទល់ពេលនេះ ភ្នំពេញក្រោន នៅសល់តែពានរង្វាន់ Hun Sen Cup នេះ ប៉ុណ្ណោះ ដ្បិតលីគកំពូលកម្ពុជា ក្រុមព្រះខ័នរាជស្វាយរៀង លើកពានរួចទៅហើយ ស្របពេលដែល វិសាខា របូតពានអស់ហើយក្នុងរដូវកាលនេះ។
រំលឹកថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៤-២៥នេះ បានទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ ខណ:ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣/២៤ កន្លងទៅ បានទៅលើក្លិបាបល់ទាត់ព្រះខ័នរាជស្វាយរៀង។
គួរបញ្ជាក់ថា សម្រាប់វគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ វគ្គផ្តាច់ព្រ័ត្រ (ថ្នាក់ជាតិ) គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ ពហុកីឡដ្ឋានជាតិ មរតកតេជោ៕