Close

ភ្នំពេញក្រោន បន្តរក្សាកំណត់ត្រាមិនទាន់ចាញ់សោះ ១៣ប្រកួត ជាប់គ្នា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ កីឡា
ភ្នំពេញក្រោន បន្តរក្សាកំណត់ត្រាមិនទាន់ចាញ់សោះ ១៣ប្រកួត ជាប់គ្នា ភ្នំពេញក្រោន បន្តរក្សាកំណត់ត្រាមិនទាន់ចាញ់សោះ ១៣ប្រកួត ជាប់គ្នា

ក្រុមបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Oleg Starynskyi បានបន្តភាពខ្លាំងរបស់ខ្លួន ដោយរក្សាបន្តកំណត់ត្រាមិនចាញ់សោះចំនួន ១៣ប្រកួតជាប់គ្នា ក្នុងការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឬ ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥។

ការប្រកួតដ៏កក្រើកប្រចាំសប្តាហ៍ ដែលបងប្អូនអ្នកគាំទ្រតែងតែហៅថា The Classic Match នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់មិញនេះ ក្រុមនាគខៀងបឹងកេត មិនអាចបញ្ចប់កំណត់ត្រាមិនទាន់ចាញ់របស់ភ្នំពេញក្រោន បានឡើយ ក្រោយចាញ់ ដោយលទ្ធផល ៣-១ សម្រាប់ជំនួបសប្តាហ៍ទី១៤។

ភ្នំពេញក្រោន បន្តរក្សាកំណត់ត្រាមិនទាន់ចាញ់សោះ ១៣ប្រកួតជាប់គ្នា

ក្រុមភ្ញៀវភ្នំពេញក្រោន បានបើកការនាំមុខមុននៅនាទី១៩ ដោយកីឡាករ JELLE GOSELINK។ លុះចូលដល់តង់ទី២ នាទី៥០ កីឡាករ OFUFU IBEH បានបន្ថែមគ្រាប់បាល់ទី២ ឲ្យភ្នំពេញក្រោន មុនពេលដែល JELLE GOSELINK បន្ថែមគ្រាប់បាល់ទី៣ នៅនាទី៧១ ដែលជាគ្រាប់បាល់ទីរបស់គេ នៅក្នុងការប្រកួតនេះ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ GOLUBOVIC STEFAN ដែលទើបតែប្ដូរចូល បានស៊ុតបំបែកពងមាន់ឲ្យម្ចាស់ផ្ទះ ហើយចប់ការប្រកួត បឹងកេត ១-៣ ភ្នំពេញក្រោន។

គួរឲ្យដឹងថា ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi ជាក្រុមមិនទាន់ចាញ់សោះនៅលីគកំពូលកម្ពុជា រដូវកាលនេះ ក្រោយឆ្លងកាត់ ១៣ប្រកួតកន្លងទៅឈ្នះ១២ ស្មើ១ មាន ៣៧ពិន្ទុ។ ខណ:បឹងកេត ឆ្លងកាត់ ១២ប្រកួត ឈ្នះ៥ ស្មើ២ និងចាញ់៥ មាន ១៧ពិន្ទុ។

គួរបញ្ជាក់ផងដែរថា ជំនួបយប់មិញនេះ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៃវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា ដែលមានមន្ដ្រីអជ្ញាកណ្ដាលចំនួន៦រូប កាត់សេចក្តីនៅលើទីលាន៕

ភ្នំពេញក្រោន បន្តរក្សាកំណត់ត្រាមិនទាន់ចាញ់សោះ ១៣ប្រកួតជាប់គ្នា