ក្រុមហ៊ុន Big Tech អាមេរិកទាំង ៥ ដែលអាចរកចំណូលបានច្រើនជាងគេបំផុតនៅក្នុងឆ្នាំ២០២២
បរទេស ៖ នៅក្នុងអំឡុងពេលកូវីដបានផ្ទុះរីករាលដាលពាសពាសពិភពលោក មានក្រុមហ៊ុនខ្លះត្រូវបង្ខំចិត្តបិទទ្វារ និងខ្លះទៀតរស់ទាំងត្រដរ ប៉ុន្តែមានក្រុមហ៊ុនមួយចំនួនបែរជាអង្គុយកើបលុយយ៉ាងសន្ធឹកសន្ធាប់រួមមានដូចជាក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon ជាដើម។
នៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុន Big Tech អាមេរិកទាំង៥ ដែលមានដូចជា Alphabet (Google), Amazon, Apple, Meta (Facebook), និង Microsoft គឺនៅតែបន្តទទួលបានប្រាក់ចំណូលខ្ពស់ បើទោះបីជាបញ្ហាជំងឺរីករាលត្បាត, បញ្ញាកង្វះគ្រឿងបង្គុំ, បញ្ហាដឹកជញ្ជូន និងបញ្ហាប្រឈមមួយចំនួនទៀតក្ដី។
ខាងក្រោមនេះគឺជាតារាងប្រាក់ចំណូល និងចំណេញរបស់ក្រុមហ៊ុន Big Tech អាមេរិកសម្រាប់ឆ្នាំ២០២២
១) ក្រុមហ៊ុន Alphabet (Google)៖ នៅក្នុងឆ្នាំ២០២២ រកចំណូលបានសរុប ២៨២,៨ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធចំនួន ៦០ពាន់លានដុល្លារអាមេរិក។
២) ក្រុមហ៊ុន Amazon៖ ដោយសារតែជំងឺកូវីដបានធ្វើឱ្យការបញ្ជាទិញទំនិញតាមអនឡាញនៅលើវេបសាយ Amazon កើនឡើងខ្ពស់ជាលំដាប់ និងទទួលបានប្រាក់ចំណូលសរុបចំនួន ៥១៣,៩ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធ ៣ពាន់លានដុល្លារអាមេរិក។
៣) ក្រុមហ៊ុន Apple ៖ ត្បិតតែបញ្ហាដឹកជញ្ជូន និងបញ្ហាកង្វះខាតបន្ទះឈីបបានធ្វើឱ្យការផលិត និងលក់ iPhone មានផលប៉ះពាល់តិចតួចក្ដី ប៉ុន្តែសម្រាប់ការលក់វិញគឺមិនបានធ្វើឱ្យ Apple ធ្លាក់ចុះនោះទេ ដោយនៅឆ្នាំ២០២២ រកចំណូលសរុបបាន ៣៩៤,៣ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធចំនួន ៩៩,៨ពាន់លានដុល្លារអាមេរិក។
៤) ក្រុមហ៊ុន Meta (Facebook)៖ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Meta បានធ្លាក់ចុះគួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ២០២២ ដោយទទួលបានត្រឹមតែ ១១៦,៦ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធចំនួន ២៣,២ពាន់លានដុល្លារអាមេរិក។
៥) ក្រុមហ៊ុន Microsoft ៖ ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ចំណាស់មួយរបស់អាមេរិក ហើយនៅឆ្នាំ២០២២កន្លងទៅនេះ ទទួលបានប្រាក់ចំណូល ១៩៨,៣ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធ ៧២,៧ពាន់លានដុល្លារអាមេរិក។
យោងតាមតារាងនេះ សបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន Amazon រកចំណូលបានច្រើនជាងគេ ប៉ុន្តែទទួលបានប្រាក់ចំណេញសុទ្ធតិចជាងគេ៕