Close

ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,១% ក្នុងឆ្នាំនេះ តែកំណើននេះប្រឈមនឹងហានិភ័យពន្ធគយអាមេរិក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,១% ក្នុងឆ្នាំនេះ តែកំណើននេះប្រឈមនឹងហានិភ័យពន្ធគយអាមេរិក ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,១% ក្នុងឆ្នាំនេះ តែកំណើននេះប្រឈមនឹងហានិភ័យពន្ធគយអាមេរិក

ភ្នំពេញ ៖ កម្ពុជាត្រូវបានរំពឹងថានឹងរក្សាបាននូវគន្លងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២៥ និង ២០២៦ ជំរុញដោយតម្រូវការក្រៅស្រុកលើមុខទំនិញកម្មន្តសាល និងការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍។ នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយថ្មីៗនេះ។

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ ២០២៥ ប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ៦,១% ក្នុងឆ្នាំ ២០២៥ និង ៦,២% ក្នុងឆ្នាំ ២០២៦ បន្ទាប់ពីបានកើនឡើង ៦,0% ក្នុងឆ្នាំ ២០២៤។ ប៉ុន្តែទស្សនវិស័យនេះអាចប្រឈម ហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដប្រជាជាសកលមានដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យអចលនទ្រព្យរបស់សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។

ការព្យាករនេះត្រូវបានធ្វើឡើងមុនការប្រកាស របបពន្ធគយថ្មីនៃរដ្ឋបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា ហើយការព្យាករជាមូលដ្ឋាននេះគឺឆ្លុះបញ្ចាំងរបបពន្ធដែលបានអនុវត្តត្រឹម ខែមីនា ឆ្នាំ ២០២៥ ប៉ុណ្ណោះ។ ប៉ុន្តែ ADO ខែមេសា ឆ្នាំ ២០២៥ ក៏បានវិភាគអំពីផលប៉ះពាល់លើកំណើននៅទូទាំង អាស៊ី និងប៉ាស៊ីហ្វិក ដែលអាចកើតមានដោយសារការដំឡើងពន្ធគយ។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ និង ២០២៦ ឆ្លុះបញ្ចាំងពីសក្តានុពលនៃភាពធន់ និងភាពរឹងមាំរបស់ប្រទេស។ ទោះបីជាភាពមិនប្រាកដប្រជា ជាសកលនៅតែបន្តក៏ដោយ ការវិនិយោគជាយុទ្ធសាស្រ្តលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ និងការអភិវឌ្ឍមូលធនមនុស្សនឹងមានសារៈសំខាន់ សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតនូវកម្លាំងជំរុញថ្មីសម្រាប់កំណើនប្រកបដោយនិរន្តរភាព។»

ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,១% ក្នុងឆ្នាំនេះ តែកំណើននេះប្រឈមនឹងហានិភ័យពន្ធគយអាមេរិក

ផលិតផលឧស្សាហកម្មត្រូវបានព្យាករថានឹងកើនឡើង ៩,៣% ក្នុងឆ្នាំ ២០២៥ និង ២០២៦ នាំមុខដោយដំណើរការដ៏រឹងមាំនៃវិស័យកម្មន្តសាលវាយនភ័ណ្ឌ និង វិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ។ កំណើនក្នុងវិស័យសេវាកម្មត្រូវបានរំពឹងថានឹងបន្តក្នុងអត្រា ៤,៤% បើទោះបីជាសកម្មភាពនៃវិស័យអចលនទ្រព្យនៅទន់ខ្សោយក៏ដោយ។ ប្រាក់ចំណូលពីវិស័យទេសចរណ៍ត្រូវបានព្យាករថានឹងកើនឡើងក្នុងកម្រិតមធ្យម ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងបន្តកើនឡើង។

របាយការណ៍នេះ ក៏បានរំលេច អន្តរកម្មឌីជីថល ថាជាអាទិភាពគោលនយោបាយគន្លិះដើម្បីជំរុញកំណើនរយៈពេលវែង។ ទោះបីជាអន្តរកម្មឌីជីថល នឹងត្រូវបានជំរុញដោយវិស័យឯកជន អ្នកធ្វើគោល នយោបាយ ត្រូវតែបង្កើតបរិយាកាសដើម្បីគាំទ្រដំណើរការនេះ។
កម្ពុជាបានធ្វើឱ្យប្រសើរឡើងនូវចំណាត់ ថ្នាក់របស់ខ្លួន នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល (United Nations’ e-Government Development Index) របស់អង្គការសហប្រជាជាតិ ពីលេខ ១៥៥ ក្នុងឆ្នាំ ២០១២ មកលេខ ១២០ ក្នុងឆ្នាំ ២០២៤ ប៉ុន្តែក៏នៅមានចន្លោះប្រហោង ជាពិសេសការផ្តល់សេវាកម្មសាធារណៈអនឡាញនិង ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជា អតសញ្ញាណឌីជីថលជាក់លាក់ដែលទទួលស្គាល់ទូទៅ (universal unique digital IDs) បណ្តាញអ៊ីនធឺណិតល្បឿនលឿន មជ្ឈមណ្ឌលទិន្នន័យ សុវត្ថិភាពអ៊ីនធឺណិត និងមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល។ ការវិនិយោគបន្ថែមលើមូលធនមនុស្សនឹងរក្សានិរន្តរភាពកំណើន តាមរយៈការបង្កើនផលិតភាពសេដ្ឋកិច្ច។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់ នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចសហការជាមួយសមាជិក និងដៃគូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវិតរស់នៅ កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៩ ដែលក្នុងនោះមាន ៤៩ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។