Messi នឹកខកខានការប្រកួតដ៏ធំ រវាង អាហ្សង់ទីន និង ប្រេស៊ីល
ខ្សែប្រយុទ្ធឆ្នេីម Lionel Messi បានរងរបួស និងមិនអាចលេងជាមួយអាហ្សង់ទីន ក្នុងការប្រកួតសំខាន់ពីរទល់នឹង អ៊ុយរូហ្គាយ និងប្រេស៊ីល ក្នុងវគ្គជម្រុះ World Cup 2026 នៅអាមេរិកខាងត្បូង។
Messi បានលេងពេញ ៩០នាទី ហើយបានស៊ុតបាល់បញ្ចូលទី មួយគ្រាប់ ជួយក្រុម Inter Miami យកឈ្នះ Atlanta ២-១ ក្នុងសប្ដាហ៍ទី៤ នៃការបកួតលីគ MLS កាលពីថ្ងៃទី ១៦ ខែមីនា។ ប៉ុន្តែបន្ទាប់ពីការប្រកួត អតីតវីរបុរសរបស់ក្លិបអ្នកមានបុណ្យ FC Barcelona រូបនេះ មានអារម្មណ៍មិនស្រួលនៅក្នុងសាច់ដុំផ្នែកខាងឆ្វេងរបស់គាត់។ ការស្កែន MRI បង្ហាញថា ខ្សែប្រយុទ្ធលេខ១០ រូបនេះ មានរបួសសាច់ដុំនេះ ទោះបីជាវាមិនធ្ងន់ធ្ងរពេកក៏ដោយ។
Messi ធ្លាប់មានឈ្មោះក្នុងបញ្ជីឈ្មោះកីឡាករទាំង ៣៣នាក់ ដែលគ្រូបង្វឹក Lionel Scaloni កោះហៅទៅក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់ការប្រកួតទល់នឹង អ៊ុយរូហ្គាយ នៅថ្ងៃទី ២១ ខែមីនា ហើយបន្ទាប់មកជួបប្រេស៊ីល នៅថ្ងៃទី ២៥ ខែមីនា។ ប៉ុន្តែបន្ទាប់ពីទទួលបានបច្ចុប្បន្នភាពពី Inter Miami លោក Scaloni បានដកខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរូបនេះចេញ។
Messi បានប្រកាសនៅលើ Instagram ថា “វាជាការអាណិត និងអាម៉ាស់ណាស់ ដែលខ្ញុំមិនអាចចូលរួមក្នុងការប្រកួតសំខាន់ៗពីរ ទល់នឹង អ៊ុយរូហ្គាយ និងប្រេស៊ីល។ ដូចរាល់ដង ខ្ញុំពិតជាចង់ប្រយុទ្ធជាមួយក្រុមទាំងមូល ប៉ុន្តែរបួសនៅនាទីចុងក្រោយ បានបង្ខំឱ្យខ្ញុំសម្រាក និងអវត្តមាននៅពេលនេះ”។
មុន Messi អាហ្សង់ទីន បានបាត់បង់កីឡាករសំខាន់ពីរនាក់ទៀតនៅក្នុងជំរុំហ្វឹកហាត់នេះ ខ្សែប្រយុទ្ធ Paulo Dybala និងខ្សែការពារស្តាំ Gonzalo Montiel ។ Dybala បានរងរបួសភ្លៅខាងឆ្វេង ខណៈ Montiel បានរងរបួសរហែកសាច់ដុំ។
បច្ចុប្បន្ន អាហ្សង់ទីន កំពុងឈរកំពូលតារាង ក្នុងវគ្គជម្រុះនៅអាមេរិកខាងត្បូង ដោយមាន ២៥ពិន្ទុ ពីការប្រកួតចំនួន១២ ពោលគឺឈ្នះ ៨ ស្មើ១ និងចាញ់៣។ អ៊ុយរូហ្គាយ ស្ថិតនៅលេខ២ ដែលមាន ៥ពិន្ទុតិចជាង អាហ្សង់ទីន ខណៈដែលប្រេស៊ីល ស្ថិតនៅលេខ៥ ដែលមានត្រឹមតែ ១៨ពិន្ទុ ប៉ុណ្ណោះ។
គួររំលឹកថា កាលពីជើងទី១ អាហ្សង់ទីន ចាញ់ អ៊ុយរូហ្គាយ ០-២ និងបានយកឈ្នះ ប្រេស៊ីល ក្នុងលទ្ធផល ១-០៕