ក្រុមសិល្បករ សិល្បការិនី ៥ ប្រទេសសម្តែងក្នុងព្រឹត្តិការណ៍សិល្បៈអន្តរជាតិសៀមរាប-អង្គរ ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅខេត្តសៀមរាប

សៀមរាប៖ ក្រុមសិល្បករ សិល្បការិនី ៥ប្រទេសចូលរួមមាន ប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ចិន ហ្វីលីពីន និងប្រទេសឥណ្ឌា បានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ សិល្បៈអន្តរជាតិសៀមរាប-អង្គរ ដើម្បី ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាបឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ។
ពិធីនេះ ត្រូវបានរៀបចំធ្វើនៅថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២៥ ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ រដ្ឋលេខាធិការ អគ្គនាយកដ្ឋាន តំណាងស្ថានទូត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សផងដែរ ។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបានលើកឡើងថា ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិនៅអង្គរនាពេលនេះ ត្រូវបានរៀបចំឡើង ដោយក្រសួងទេសចរណ៍ ក្នុងគោលបំណងសំដៅជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាបឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ក្នុងន័យចូលរួមចំណែកលើកកម្ពស់ប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលធនធានវប្បធម៌ ប្រវត្តិសាស្រ្ត និងធនធានធម្មជាតិទៅកាន់ពិភពលោក ដើម្បីជំរុញឱ្យមានការរីកចម្រើននូវវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្តថាការសម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ បានប្រមូលផ្តុំនូវទស្សនីយភាពជាច្រើនប្រភេទប្លែកៗ រួមមានរបាំកូរសមុទ្រទឹកដោះ នឹកស្រុក របាំក្រមាខ្មែរ របាំមរតកដូនតា ការប្រគុំឧបករណ៍តន្រ្តី និង ចម្រៀង ដែលបង្កប់អត្តន័យ រូបភាព បរិយាកាសដ៏ស្រស់ស្អាតដល់ភ្ញៀវទេសចរណ៍ ។ ក្នុងការសម្តែង និង ការប្រគុំតន្រ្តី មានការចូលរួមដោយសិល្បករសិល្បការិនីពីសហភាពអឺរ៉ុប និងកម្ពុជា ដែលបង្ហាញឲ្យឃើញពីទំនាក់ទំនងរវាងគ្នាយ៉ាងជិតស្និត ក្នុងគ្រប់វិស័យ រួមទាំងសិល្បៈវប្បធម៌ផងដែរ ។
ទាក់ទិនឹងបញ្ហានេះ លោក ហួត ហាក់បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និង អន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការល្អនៃវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរ ទាំងជាតិ-អន្តរជាតិ ជាពិសេសមកទស្សនាគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប និង ជម្រុញ ចលនាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្សារភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។
លោកបានបន្តថា ក្រសួងទេសចរណ៍ បានដាក់ចេញសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន៦ និង ធ្វើការផ្សព្វផ្សាយនូវយុទ្ធនាការ ទេសចរណ៍ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍! ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព! ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! ។ ម៉្យាងទៀត ព្រឹតិ្តការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរនឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងពិភពលោក ហើយខ្ញុំមានជំនឿយ៉ាងមុតមាំថា នឹងមានការចូលរួមផ្សព្វផ្សាយកាន់តែខ្លាំងក្លាពីគ្រប់ភាគីពាក់ព័ន្ធ អំពីអត្តសញ្ញាណ សិល្បៈ វប្បធម៌កម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ដែលនឹងក្លាយជាចលករដ៏សំខាន់ ក្នុងការជម្រុញកំណើនទេសចរមកកាន់កម្ពុជា កាន់តែច្រើនថែមទៀត ពិសេសគោលដៅបេតិកភណ្ឌពិភពលោកសៀមរាប-អង្គរ ៕