វិស័យទេសចរណ៍ មានសារៈសំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា វិស័យទេសចរណ៍ មានលក្ខណៈជាប្រព័ន្ធ ជាវិស័យអាទិភាព ត្រូវបានកំណត់ជា “មាសបៃតង” រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើត និងបង្កើនឱកាសការងារនិងមុខរបរ, ប្រាក់ចំណូល, ជំរុញការនាំចេញនៅនឹងកន្លែង, ទាក់ទាញការវិនិយោគ, ការអភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ, ការការពារធនធានធម្មជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។
លោក ហួត ហាក់ បានលើកឡើងបែបនេះ ក្នុងឱកាសពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥” នៅថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីស្ថាប័នអន្តរក្រសួង ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ តំណាងរដ្ឋបាលរាជធានី-ខេត្ត ទាំង២៤ សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជនជាប្រតិបត្តិករ សេវាកម្មទេសចរណ៍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងភាគីពាក់ព័ន្ធ សរុបចំនួន ១២៥១ នាក់។
លោកបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងការខិតខំប្រឹងប្រែងសហការគ្នាពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន ប្រទេសដៃគូ និងអង្គការជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានធ្វើឱ្យវិស័យទេសចរណ៍ងើបឡើងវិញជាបណ្តើរៗ ចាប់ពីឆ្នាំ២០២២មក បើទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ នៅបន្តមានឥទ្ធិពលនៅឡើយ។
បើតាមលោក ហួត ហាក់ ការរីកចម្រើននៃវិស័យទេសចរណ៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែកក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យឯកជនឱ្យកាន់តែរស់រវើកតាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ, ចំណូល និងចលករជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់។
ជាក់ស្តែងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលទេសចរអន្តរជាតិបានជាង ៦,៧ លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងទេសចរជាតិប្រមាណ ២២,៥លាននាក់ កើនឡើងជាង២០% រួមជាមួយចំណូលទេសចរណ៍បានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជាប្រមាណ ៣,៦ពាន់លានដុល្លាអាម៉េរិក៕