កម្ពុជា អាចនឹងត្រូវជំនួស បន្ទាប់ពីប៉ាគីស្ថានសម្រេចដកខ្លួនពី Asian Cup
ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន បានប្រកាសដកខ្លួនចេញពីការប្រកួតតជម្រុះក្នុងពូលពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup 2027 បន្ទាប់ពីត្រូវបានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានផ្អាកដំណើរការ ដោយសារការបរាជ័យរបស់ខ្លួន ក្នុងការធានាឱ្យមានការបោះឆ្នោតប្រកបដោយយុត្តិធម៌ និងប្រជាធិបតេយ្យ។
កាលពីពេលថ្មីៗនេះ FIFA បានពិន័យព្យួរសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន (PFF) ដោយមានប្រសិទ្ធភាពភ្លាមៗ បន្ទាប់ពីពួកគេបានបរាជ័យក្នុងការកែប្រែធម្មនុញ្ញរបស់ខ្លួន ដើម្បីធានាបាននូវការបោះឆ្នោតប្រកបដោយយុត្តិធម៌ និងប្រជាធិបតេយ្យ សម្រាប់ការបំពេញកាតព្វកិច្ចរបស់ខ្លួន ដែលបានកំណត់ដោយ FIFA ជាផ្នែកមួយនៃដំណើការប្រក្រតីរបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន។ ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក៏បានកំណត់ពេលត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដើម្បីឲ្យសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន រៀបចំមហាសន្និបាត ដើម្បីអនុម័តលើវិសោធកម្មនៃធម្មនុញ្ញរបស់ខ្លួនស្របតាមការបង្ហាញរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី។
យ៉ាងណា កាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ តាមរយៈផេក FootbalPakistaan.Com របស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន បានប្រកាសថា ខ្លួនបានសម្រេចដកខ្លួនចេញពីការប្រកួតជម្រុះក្នុងពូលពានរង្វាន់ 2027 AFC Asian Cup ហើយ។ ដូច្នេះនៅពូល E នៃពានរង្វាន់ 2027 AFC Asian Cup មានតែ៣ក្រុមប៉ុណ្ណោះគឺ ស៊ីរី អាហ្វហ្គានីស្ថាន និង មីយ៉ាន់ម៉ា។ ប្រសិនបើសហព័ន្ធកីឡាបាល់ទាត់អាស៊ី ត្រូវដាក់ជំនួសគឺអាចនឹងដាក់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា វិញ ពីព្រោះ ប៉ាគីស្ថាន បានប្រកួតជម្រុះបឋម ជាមួយ កម្ពុជា មុនទទួលបានកៅអី ឡើងទៅ វគ្គជម្រុះក្នុងពូល។
គួរបញ្ជាក់ថា ក្នុងការជម្រុះបឋម ជើងទី១ កម្ពុជា បានត្រឹមស្មើជាមួយ ប៉ាគីស្ថាន ក្នុងលទ្ធផល ០-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មុនពេល ប៉ាគីស្ថាន យកឈ្នះ កម្ពុជា ១-០ នៅជើងទី២ ក្នុងប្រទេសប៉ាគីស្ថាន៕