សិទ្ធិនារីអន្តរជាតិលើកទី១១២ ៖ វត្តមានស្ត្រីកាន់តែច្រើនក្នុងការជំរុញសេដ្ឋកិច្ចជាតិ
ភ្នំពេញ ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ស្ត្រីកាន់តែមានចំណែកច្រើនទៅៗក្នុងកិច្ចការងារជួយសង្គម។ ស្ត្រីបានវិវត្តខ្លួនពីមេផ្ទះ ដែលមិនអាចរកចំណូលបានទៅជាបុគ្គលដែលអាចដឹកនាំមនុស្សឯទៀត និងមួយចំនួនទៀតបានរួមចំណែកក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនជាដើម។
បើតាមការចេញផ្សាយរបស់ក្រសួងកិច្ចការនារីបានឱ្យដឹងថា តួនាទីស្ត្រីក្នុងសង្គមកាន់តែរីកមុខមាត់ និងកាន់តែមានភាពសំខាន់ដូចជាបុរសដែរ ហើយទំនោរទាំងនេះ នឹងជំរុញចិត្តស្ត្រីដទៃទៀតឱ្យខិតខំកាន់តែខ្លាំងដើម្បីការរស់នៅដែលស្មើភាពគ្នា។
តាមទិន្នន័យពីប្រភពដដែលបានបញ្ជាក់ទៀតថា ចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន ៨,៩៥២ នាក់ក្នុងនោះ ស្ត្រីមាន ៦៩២នាក់ចូលរួមបំពេញបេសកម្មនៅប្រទេសចំនួន៩។
សហគមន៍អន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះស្ត្រីកម្ពុជាក្នុងកិច្ចសហប្រតិបត្តការសន្តិភាពដោយមានចំណាត់ថ្នាក់លេខ ១៣ ក្នុងចំណោម ១២០ប្រទេស និងចំណាត់ថ្នាក់លេខ២ ក្នុងក្របខ័ណ្ឌអាស៊ាន ជាកងកម្លាំងសន្តិភាពដែលមានវិន័យ សីលធម៌ ស្អាតស្អំ និងមានកេរ្តិ៍ឈ្មោះល្អ។
នៅក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថលវិញ កម្លាំងពលកម្មរបស់ស្ត្រីមាន ៧៩% និងមានស្ត្រី ៦១%ជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញដែលជាអាត្រាខ្ពស់ក្នុងតំបន់។ បន្ថែមពីនេះ របាយការណ៍នៃសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២២ បានឱ្យដឹងថា កម្ពុជានៅលំដាក់ថ្នាក់លេខ៤១ ក្នុងចំណោមប្រទេស ១៤៦ ដែលមានស្ត្រីចូលរួមក្នុងកម្លាំងពលកម្ម លើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។
ថ្មីៗនេះផងដែរ ធនាគារពិភពលោកបានវាយតម្លៃថា កម្ពុជាស្ថិតក្នុងប្រទេស ដែលមានចំណាត់ថ្នាក់ល្អបំផុតលើការផ្ដល់សេរីភាពដល់ស្ត្រីក្នុងការចាប់ផ្ដើម និងកំពុងធ្វើធុរកិច្ច។ ដល់ឆ្នាំ ២០២២ សហគ្រិនស្ត្រីកម្ពុជាចំនួន៥០នាក់ បានទទួលពានរង្វាន់សហគ្រិនស្ត្រីឆ្នើមអាស៊ាន។ ក្នុងនោះ រដ្ឋាភិបាលកម្ពុជា កំពុងធ្វើការក្នុងការដោះស្រាយយ៉ាងសស្រាក់សស្រាំចំពោះបញ្ហាគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេស បង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាដោយប្រសិទ្ធភាព ការអប់រំ ចំណេះដឹង វិទ្យាសាស្ត្រ វិស្វកម្ម សិល្បៈការកែច្នៃ និងគណិតវិទ្យា STEM។
នៅក្នុងវិស័យអប់រំឯណោះវិញ គម្លាតយេនឌ័រនៅមធ្យមសិក្សាត្រូវបានលុបបំបាត់ ហើយនៅឆ្នាំសិក្សា២០២១-២០២២ សិស្សស្រី និទ្ទេសA មាន៥២% និស្សិតស្រីនៅឧត្តមសិក្សាបានកើនឡើងដល់ ៤៩,៧%។
សម្រាប់កិច្ចការពារផ្លូវច្បាប់ និងការទប់ស្កាត់អំពើហិង្សាលើស្ត្រី តាមរយៈការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា បានឱ្យដឹងថា អាត្រាដែលស្ត្រីធ្លាប់ជួបប្រទះអំពើហិង្សាក្នុងជីវិតមានការថយចុះ២៩% ក្នុងឆ្នាំ ២០១៤ និង២១%ក្នុងឆ្នាំ២០២១។
ជាមោទនភាពសម្រាប់ស្ត្រីដែលគួរតែអបអរនោះគឺ ស្ត្រីក្នុងការធ្វើសេចក្ដីសម្រេច វិស័យសាធារណៈ និងនយោបាយ។ មកដល់បច្ចុប្បន្ន អង្គនិតិប្រតិបត្តិស្ត្រីជាឧបនាយករដ្ឋមន្ត្រីមានចំនួនមួយរូប ស្ត្រីជារដ្ឋមន្ត្រី៣រូប ស្ត្រីជាអគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ១រូប ស្ត្រីជារដ្ឋលេខាធិកា ៧៥រូប និងស្ត្រីជាអនុរដ្ឋលេខាធិការ ៧៧រូប។
វិស័យមុខងារសាធារណៈឯណោះវិញ មន្ត្រីរាជការជាស្ត្រីបានកើនឡើងពី ៣២% ក្នុងឆ្នាំ២០០៧ ដល់៤២% នៅឆ្នាំ២០២១។ ស្ត្រីជាមន្ត្រីរាជការក្នុងតួនាទីធ្វើសេក្ដី សម្រេចបានកើនឡើងដល់ ២៦% ឆ្នាំ២០២១។ ថ្នាក់ក្រោមជាតិស្ត្រីជាអភិបាលខេត្តមាន២រូប ស្ត្រីជាអភិបាលក្រុង ស្រុក ខ័ណ្ឌ មាន៦រូប ស្ត្រីជាមេឃុំចៅសង្កាត់មាន ១៧៦នាក់ បច្ចុប្បន្នស្ត្រី៦រូបជា ឯកអគ្គរាជទូតកម្ពុជ៕