លោក កែវ សារ៉េត បញ្ជាក់ច្បាស់ៗ ក្រោយមានពាក្យចចាមអារ៉ាមថា កម្ពុជា នឹងបង្កើតពានរង្វាន់មួយ ដែលដូចនឹង King’s Cup នៅថៃ
កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងនឹងបង្កើតឲ្យមានពានរង្វាន់អន្តរជាតិមួយ ដែលមានឈ្មោះថា King’s Cup សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អំឡុងថ្ងៃ FIFA Day។ ប៉ុន្តែអ្នកគាំទ្រ បានសម្ដែងការប្រតិកម្មនឹងពាក្យ ‘ King’s Cup’ រួចទៅហើយ ព្រោះយល់ថា ការប្រើប្រាស់ឈ្មោះបែបនេះ គឺប្រៀបដូចជាចម្លងពីថៃ ទាំងដែលមិនទាន់មានប្រកាសជាផ្លូវការណាមួយឡើយ។
ជុំវិញរឿងរ៉ាងនេះ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ច្បាស់ៗ មកកាន់សារព័ត៌មានក្នុងស្រុកមួយ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ថា៖«ថ្នាក់ដឹកនាំពិតជាមានគំនិតលើកឡើងអំពីការបង្កើតពានរង្វាន់ King’s Cup ពិតមែន។ ថ្នាក់ដឹកនាំពេលចូលរួមក្នុងកម្មវិធីអ្វីមួយ ក៏បានលើកឡើងពីពានរង្វាន់នេះ ហើយក៏មានព័ត៌មានផ្សព្វផ្សាយបន្តៗតាមគ្នា។
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រូបនេះ បានបន្តថា៖«នេះគ្រាន់តែជាគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំប៉ុណ្ណោះ គឺមិនទាន់ចេញផែនការសកម្មភាពអ្វីឡើយ។ មិនទាន់មានការប្រជុំ ឬពិភាក្សាអ្វីទាំងអស់។ ព្រោះគម្រោងបែបនេះ ត្រូវការចំណាយច្រើន ហើយត្រូវការមានដៃគូឧបត្ថម្ភច្រើនទើបអាចដំណើរការបាន ពីព្រោះត្រូវការចំណាយលើការរៀបចំ ការស្នាក់នៅ ការធ្វើដំណើរ ម្ហូបអាហារ និងចំណាយលើក្រុមអាជ្ញាកណ្តាលអន្តរជាតិថែមទៀត»។
មេនទែនទៅ គំនិតរៀបចំពានរង្វាន់ King’s Cup កើតមានឡើងគឺក្នុងគោលបំណងឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតលើឆាកអន្តរជាតិក្នុងថ្ងៃ FIFA Day បន្ទាប់ពីកម្ពុជា បានធ្លាក់ចេញអស់ពីពានកំម្រិតតំបន់ និងពិភពលោក ដែលបានធ្វើឲ្យកម្ពុជា គ្មានការប្រកួតក្នុងពានរង្វាន់ណាមួយឡើយ ក្នុងឆ្នាំ ២០២៥នេះ ពោលគឺមានតែប្រកួតមិត្តិភាពប៉ុណ្ណោះ។
ដូច្នេះ ប្រសិនបើបង្កើតឲ្យពានរង្វាន់នេះឡើងគឺកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះត្រូវអញ្ជើញក្រុមជម្រើសជាតិផ្សេងៗមកចូលរួមប្រកួត និងទទួលបន្ទុកលើការរៀបចំ ការស្នាក់នៅ ព្រមទាំងការចំណាយទាំងស្រុង៕