អភិបាលខេត្តកំពង់ចាមណែនាំឱ្យវិធានការ ចេះទុកដាក់ស្រូវអង្ករឲ្យបានល្អ ក្នុងកំឡុងពេលដែលស្រូវធ្លាក់ថ្លៃនេះ
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឱ្យមន្ទីរកសិកម្ម និងមន្ទីរពាណិជ្ជកម្មខេត្ត មានវិធានការដើម្បីជួយដល់កសិករ ក៏ដូចជាឈ្មួញកណ្ដាលទិញស្រូវក្នុងខេត្ត ឲ្យចេះទុកដាក់ស្រូវអង្ករឲ្យបានល្អ ក្នុងកំឡុងពេលដែលស្រូវធ្លាក់ថ្លៃនេះ ។
លោក អភិបាលខេត្ត បានណែនាំដូច្នេះ នៅថ្ងៃទី ៩ ខែមករាឆ្នាំ ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៨ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
លោកបន្តទៀតថា បញ្ហាបង្ករបង្កើនផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋ បច្ចុប្បន្នមានបញ្ហាប្រឈមតម្លៃទីផ្សារខ្លះៗ ដែលប្រជាពលរដ្ឋបានបង្កើនផលលើផ្ទៃដីជាង ៤ម៉ឺន ហិចតា ជាមួយគ្នានេះ ដំណាំរួមផ្សំបង្កបង្កើនផលបាន ជាង ១០ ម៉ឺនហិកតា ដែលបច្ចុប្បន្នកំពុងចាប់ផ្ដើមប្រមូលផល យកទៅលក់នៅទីផ្សារ ។
លោកបានបញ្ជាក់ថា នៅចុងខែធ្នូ កសិផលលើទីផ្សារមានតម្លៃសមរម្យ ប៉ុន្តែចូលដល់ខែមករា ឆ្នាំ ២០២៥ នៅចុងសប្តាហ៍នេះ ឃើញថាតម្លៃស្រូវមានការធ្លាក់ចុះ ។
ទន្ទឹមនិងនោះលោក ក៏បាន ចាត់តាំងឲ្យអង្គភាពមន្ទីរកសិកម្ម ចុះសិក្សាតម្លៃជាក់ស្ដែង តាមរោងម៉ាស៊ីនកន្លែងទទួលទិញ និងអ្នកទិញនៅដើមទី ពីស្រែរបស់ប្រជាពលរដ្ឋ ដែលជាមធ្យម ឈ្មួញទិញស្រូវក្នុងតម្លៃ ៧៥០ រៀល ១ គីឡូក្រាម ។ ចំពោះដំឡូងមី ឈ្មួញទិញក្នុងតម្លៃ ៣០០ រៀល ក្នុងមួយគីឡូក្រាម ។
លោកអភិបាលខេត្តបានបន្តថា តាមការវាយតម្លៃ តម្លៃទីផ្សារដែលឈ្មួញទិញនោះ គឺកសិករនៅចំណេញនៅឡើយទេ គ្រាន់តែចំណេញតិចតួច ។ ប៉ុន្តែដោយសារសម័យកាលទំនើបនេះ ប្រជាកសិករយើង ធ្វើការដាំដុះដោយជួលគេ គ្រប់បែបយ៉ាង ដូច្នេះហើយទើបការចំណេញតិចនេះ ធ្វើឲ្យពួកគាត់មិនសប្បាយចិត្ត ។
ទាក់ទងនឹងការងារបង្ករបង្កើនផលនេះ លោក អភិបាលខេត្ត បានដាក់វិធានការឲ្យមន្ត្រីពាក់ព័ន្ធ ចុះណែនាំដល់ប្រជាកសិករ សូមឱ្យរក្សាស្រូវទុកឱ្យបានត្រឹមត្រូវ ព្រោះនៅចុងខែមករាខាងមុខនេះ ស្រូវនិងអាចឡើងថ្លៃវិញ ។ ចំណែកឯឈ្មួញកណ្ដាល កន្លែងរោងម៉ាស៊ីនកិនស្រូវ ជំរុញឲ្យពួកគាត់ទិញស្រូវពីប្រជាកសិករក្នុងខេត្ត យកមកសម្ងួតទុកដូចគ្នា ពេលតម្លៃល្អចាំលក់ចេញ ឬអាចផលិតជាអង្ករទុកតែម្ដង៕