ផ្ទះពលរដ្ឋ ៣.១៤០ខ្នង វត្ត ០៩កន្លែង សាលារៀន ១២ខ្នង និងមណ្ឌលសុខភាព ០១កន្លែង រងផលប៉ះពាលពីជំនន់ទឹកភ្លៀង
កំពង់ចាម៖ ស្រុកចំនួន ៨ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងទន្លេមេគង្គ ក្នុងនោះ ប៉ះពាល់ផ្ទះពលរដ្ឋ ៣.១៤០ខ្នង វត្ត ០៩កន្លែង សាលារៀន ១២ខ្នង មណ្ឌលសុខភាព ០១កន្លែង និងជម្លៀសប្រជាពលរដ្ឋជម្លៀសមកទីទួលសុវត្ថិភាព ៦២គ្រួសារ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានបញ្ជាក់នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី០៨ ខែតុលាឆ្នាំ២០២៥ ស្ថិតនៅក្នុងសាលាខេត្តកំពង់ចាម ថាឆ្នាំ២០០២៥នេះទឹកជំនន់ទន្លេមេគង្គមានការហក់ឡើង៣ដងរហូតដល់កម្ពស់១៤,៥០ម៉ែត្រ ស្ថានភាពបែបនេះធ្វើឱ្យខេត្តកំពង់ចាមយើងរងនូវការប៉ះពាល់ចំនួន០៨ស្រុក ស្មើនឹង៤៧ឃុំ ដែលបណ្តាលឱ្យរងផលប៉ះពាល់ ស្មើនឹងចំនួន ៤.៨៨៤គ្រួសារ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន៣.១៤០ខ្នង វត្តចំនួន០៩កន្លែង សាលារៀន ចំនួន១២ខ្នង មណ្ឌលសុខភាព ចំនួន០១កន្លែង វិហារឥស្លាម០១កន្លែង និងជម្លៀសប្រជាពលរដ្ឋជម្លៀសមកទីទួលសុវត្ថិភាព ចំនួន៦២គ្រួសារ ស្មើនឹង ២៤១នាក់។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះ ទឹកទន្លេបានស្រកចុះបន្តិចទៀតត្រឹមកម្ពស់១៤,១២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកទន្លេស្រកកម្ពស់០,១៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេមានកម្ពស់ ១១,០២ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងថា គិតចាប់ពីថ្ងៃទី២៦-កញ្ញា ដល់ថ្ងៃទី០៨-តុលា ឆ្នាំ២០២៥ (គិតត្រឹមម៉ោង ០៥៖០០នាទីល្ងាច) ខេត្តដែលជន់លិច ចំនួន ១០ខេត្ត រួមមាន ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ បន្ទាយមានជ័យ ត្បូងឃ្មុំ ព្រះវិហារ កណ្តាល កំពង់ចាម កំពង់ឆ្នាំង៖ មូលដ្ឋានប៉ះពាល់៖ ៥៦ ក្រុង/ស្រុក ស្មើ ៤១,៣៣១ គ្រួសារ (កើន ៣៧៤ គ្រួសារ), ផ្ទះប៉ះពាល់៖ ២០,៨៧៧ ខ្នង (កើន ៣០៥ ខ្នង)
,ជម្លៀស៖ ២,៩១៥ គ្រួសារ , ស្រូវប៉ះពាល់៖ ២៩,០៤៧ ហត (កើន ៣១០ ហត) និង ស្រូវខូចខាត៖ ៥,២១៣ ហត (កើន ១៣២ ហត)។
ទោះជាយ៉ាងណាស្ថានភាព មានការធូរស្រាលបន្តិច ដោយមានតំបន់ដែលបានលិចទឹកក្នុងខេត្តមួយចំនួន ទឹកបានស្រកច្រើនហើយ និងខេត្តមួយចំនួនកំពុងបន្តស្រក៕