ឆ្នាំថ្មី! វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល
ភ្នំពេញ៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិបង្ហាញវត្តមាន ដំរីអាស៊ីមួយហ្វូង ដើរឆ្លងកាត់តំបន់ការពារនៅតំបន់ជួរភ្នំក្រវាញកណ្តាលនៃប្រទេសកម្ពុជា។ បីក្បាលក្នុងចំណោមដំរីមួយហ្វូងនេះ គឺជាកូនដំរី ដែលមើលទៅហាក់មានសុខភាពល្អ។ នេះ បើតាមក្រសួងបរិស្ថាននៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤។
ប្រភពដដែលនេះ បន្តថា វត្តមាននៃកូនដំរី បង្ហាញពីក្តីសង្ឃឹមនៃការរស់រាន និងបន្តពូជនៃប្រភេទសត្វដ៏កម្រនេះ។ សត្វដំរីអាស៊ី គឺជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការIUCNដែលរងការគំរាមកំហែងពីអន្ទាក់ និងការបាត់បង់ទីជម្រកទូទាំងពិភពលោក។
យោងតាមក្រសួងបរិស្ថាន មានដំរីអាស៊ីចំនួនប្រមាណពី ៤០០ ទៅ៦០០ក្បាល នៅកម្ពុជា ហើយភាគច្រើនពួកវារស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើត។ នៅក្នុងធម្មជាតិ សត្វដំរី ដើរតួនាទីជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ី ដោយមានមាឌធំសម្បើម ពួូកវាត្រួសត្រាយផ្លូវក្នុងព្រៃសម្រាប់សត្វតូចៗដទៃទៀត។
សត្វដំរីក៏ដើរតួនាទីយ៉ាងសំខាន់ផង ក្នុងការបែកខ្ញែកគ្រាប់ពូជនៅក្នុងព្រៃ និងពួកវាត្រូវការជម្រកធម្មជាតិដែលមានទំហំធំសមរម្យដើម្បីចល័ត ស្វែងរកចំណី និងរស់នៅ។
នៅតំបន់ជួរភ្នំក្រវាញកណ្តាល អង្គការអភិរក្សអន្តរជាតិកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា មានក្រសួងបរិស្ថាន អាជ្ញាធរ សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងដៃគូពាក់ព័ន្ធ ដោយមានការគាំទ្រពី USAID Morodok Baitang-មរតកបៃតង និង The Legacy Landscapes Fund និង Procter & Gamble Co ធ្វើការរួមគ្នាក្នុងការពារសត្វព្រៃរួមទាំងដំរីអាស៊ី និងជម្រករបស់វា តាមរយៈគម្រោង REDD+។
ការការពារទីជម្រកធម្មជាតិ គឺមានសារៈសំខាន់ណាស់ក្នុងការរស់រាននៃសត្វដំរីអាស៊ី និងសត្វព្រៃសំខាន់ៗដទៃទៀត ដែលរក្សានូវលំនឹងបរិស្ថានធម្មជាតិ៕