Close

ឯកឧត្តម នេត្រ ភក្ត្រា ៖ ប្រជាពលរដ្ឋក៏មានចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនដែរ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ សង្គម
ឯកឧត្តម នេត្រ ភក្ត្រា ៖ ប្រជាពលរដ្ឋក៏មានចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនដែរ ឯកឧត្តម នេត្រ ភក្ត្រា ៖ ប្រជាពលរដ្ឋក៏មានចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនដែរ

ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសចូលរួមជាអធិបតីក្នុងវេទិកា សាធារណៈជាមួយប្រជាពលរដ្ឋនៅក្រុងបូកគោនាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ បានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាជនគ្រប់រូប ក្នុងការធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាទាំងមូលរីកចម្រើន។

ជាការពិត ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កម្ពុជាបានក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៦ ហើយចក្ខុវិស័យបន្តរបស់រាជរដ្ឋាភិបាល គឺប្រែក្លាយកម្ពុជា ពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
នៅក្នុងដំណើរឆ្ពោះទៅរកសេដ្ឋកិច្ចដែលកាន់តែរីកចម្រើននេះ គឺទាមទារឱ្យមានការចូលរួម ពីប្រជាពលរដ្ឋគ្រប់រូប ហើយការចូលរួមមួយដែលសំខាន់ជាងគេ នោះគឺការចូលរួមថែរក្សាសុខសន្តិភាពជូនប្រជាជាតិទាំងមូល។

ក្នុងវេទិកាដែលមានការចូលរួមពីសមាជិកសមាជិកាក្រុមការងារ និងប្រជាពលរដ្ឋសរុបប្រមាណ ១០០ នាក់នេះ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ៖ «យើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារឱ្យបាននូវសុខសន្តិភាពនេះឱ្យខាងតែបាន និងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងណាមួយរបស់ក្រុមជនអគតិ និងបរទេសក្នុងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ការធ្វើបដិវត្តន៍ពណ៌បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាននេះឡើយ»។

យោងតាមប្រសាសន៍របស់លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការកាលពីឆ្នាំ២០២២ កន្លងទៅបានឱ្យដឹងថាកម្ពុជានឹងអាចសម្រេចបានតាមផែនការរបស់អង្គការសហប្រជាជាតិពិតប្រាកដ ដោយសារតែតាមរយៈការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២កន្លងទៅបង្ហាញថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាបន្តបន្ទាប់ ហើយតាមការព្យាករណ៍នៅឆ្នាំ២០២៥ ដល់២០៣០ ផលិតផលសរុប (ផ.ស.ស) របស់ប្រជាពលរដ្ឋនឹងកើនដល់ប្រមាណ ២ ៤០០ ដុល្លារអាមេរិកក្នុង១ឆ្នាំ។

បើទោះជាស្ថានការណ៍នៃសេដ្ឋកិច្ចរបស់កម្ពុជាជារួមទទួលបានភាពល្អប្រសើរក្ដី តែគេមិនត្រូវភ្លេចទេ ថាសន្តិភាពគឺជារឿងដែលសំខាន់ ហើយសន្តិភាពក៏មិនមែនកើតចេញពីមនុស្សម្នាក់នោះដែរ ពោលគឺ ប្រជាជនកម្ពុជាគ្រប់រូបត្រូវមានចំណែកក្នុងការរក្សាសន្តិភាពក្នុងសង្គមដែលពួកគេរស់នៅ៕

អត្ថបទទាក់ទង